ហ្គេម Pac-Man 99 ប្រភេទអនឡាញ Battle Royale នឹងដាក់ឲ្យលេងនៅលើ Nintendo Switch ថ្ងៃនេះ​
ដោយ​ ៖ ធានស៊ីញ | 1 សប្តាហ៍មុន SHARE

 

សម្រាប់អ្នកដែលនិយមលេងហ្គេមបែប Classic កាលពីជំនាន់ឆ្នាំ 80 ក៏ប្រហែលជាធ្លាប់ស្គាល់ពីហ្គេម Pac-Man បានខ្លះៗមកហើយ។ ដោយហ្គេមមួយនេះ ត្រូវបានដាក់ឲ្យលេងដំបូងក្នុងឆ្នាំ 1980 មកម្ល៉េះ ហើយត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Namco Studios។ ដោយឡែក នៅពេលនេះ ក្រុមហ៊ុន Nintendo បានយកវាមកអភិវឌ្ឍន៍បន្ថែម ឲ្យក្លាយទៅជាហ្គេមបែប Battle Royale ដែលអាចលេងជាលក្ខណៈ Multiplayer អនឡាញ នៅម៉ាស៊ីនហ្គេម Nintendo Switch តែម្តង។

មិនខុសទេ ហ្គេម Pac-Man ដែលជាប្រភេទហ្គេម Classic ជំនាន់ចាស់ ពេលនេះត្រូវបានក្រុមហ៊ុន Nintendo ប្រកាសថា នៅក្នុងថ្ងៃទី 7 ខែមេសានេះហើយ  គ្រប់ម្ចាស់ឧបករណ៍ហ្គេម Nintendo Switch ទាំងអស់ នឹងទទួលបទពិសោធន៍ថ្មី ជាមួយនឹងការលេងហ្គេម Pac-Man ជាលក្ខណៈ Battle Royale អនឡាញ ជាមួយអ្នកលេងដទៃទៀត។ ដោយហ្គេមមួយនេះ ត្រូវបានក្រុមអភិវឌ្ឍន៍ ដាក់ឲ្យឈ្មោះថា Pac-Man 99 ព្រោះវាអាចអនុញ្ញាតឲ្យមានអ្នកចូលរួមលេងរហូតដល់ទៅ 99 នាក់ឯណោះ។ លើសពីនេះ  ហ្គេម Pac-Man 99 ថ្មី អាចនឹងមានលក្ខណៈស្រដៀងទៅនឹងហ្គេម Pac-Man ជំនាន់ចាស់ដែរ ក៏ប៉ុន្តែវាអាចមានភាពពិបាកលេងជាងមុន ហើយកំណត់យកអ្នកឈ្នះតែម្នាក់ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អ្នកលេងក៏អាចធ្វើការផ្លាស់ប្ដូរ Theme ឬបទភ្លេងផ្សេងៗ ជាទៀតផងដែរ។

ដូច្នេះ សម្រាប់អ្នកដែលមានម៉ាស៊ីនហ្គេម Nintendo Switch ទាំងអស់ នៅពេលនេះអាចធ្វើការទាញយកមកលេង ដោយឥតថ្លៃបានហើយ។ លើសពីនេះ បើប្រិយមិត្តទាំងអស់គ្នា ចង់ដឹងថាហ្គេម Pac-Man 99 ជំនាន់ថ្មីនេះ មានភាពខុសប្លែក ក៏ដូចជាសប្បាយលេងជាងហ្គេម Pac-Man ជំនាន់មុនកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង