Ubisoft កំពុងទិញយកក្រុមហ៊ុនបង្កើតកម្មវិធី Anti-Cheat ដើម្បីពង្រឹងប្រព័ន្ធតាមចាប់អ្នកលួចលេងប្រើ Cheat​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

មិនថាហ្គេមមួយនោះ កំពុងតែមានអ្នកលេងច្រើន ឬមានចំនួនតិចនោះទេ គឺយើងតែងតែប្រទះឃើញ មានអ្នកលួចលេងប្រើ Cheat ជាក់ជាមិនខាន ដែលធ្វើឲ្យរំខាន់ដល់អ្នកលេងដទៃទៀត និងហាក់បីដូចជា មិនស្មើភាពគ្នាសោះឡើយ។ ហេតុដូច្នេះហើយ Ubisoft បានកំពុងសម្រេចចិត្តធ្វើការពង្រឹង ប្រព័ន្ធតាមចាប់អ្នកលួចលេងប្រើ Cheat ឲ្យកាន់តែតឹងជាងមុនទៀត តាមរយៈការទិញយកក្រុមហ៊ុនបង្កើតកម្មវិធី Anti-Cheat មួយដែលមានឈ្មោះហៅថា GameBlocks កាលពីពេលថ្មីៗនេះ។

បើយោងតាមក្រុមសារព័ត៌មានបរទេស Gamasutra គឺបានចុះផ្សាយឲ្យដឹងថា Ubisoft កំពុងតែជិតកញ្ចប់កិច្ចព្រមព្រៀងជាមួយនឹង GameBlocks ហើយ ប៉ុន្ដែមិនបានបញ្ជាក់ប្រាប់ថា ពួកគេទិញយកនៅក្នុងតម្លៃប៉ុន្មាននោះទេ។ ក្រុមហ៊ុន GameBlocks ជាអ្នកបង្កើតកម្មវិធី FairFight ដើម្បីតាមចាប់អ្នកលួចប្រើ Cheat នៅក្នុងហ្គេមនានាដូចជា ហ្គេម Battlefield V របស់ EA និងហ្គេម Rainbow Six Siege របស់ Ubisoft ផ្ទាល់។ ក្រោយពី Ubisoft បានទិញយកក្រុមហ៊ុនបង្កើតកម្មវិធីនេះហើយ ដូច្នេះពួកគេនឹងអាចពង្រឹងសុវត្ថិភាព នៅក្នុងហ្គេមរបស់ពួកគេ បានកាន់តែល្អជាងមុនផង ហើយក៏នៅអាចបន្ដលក់ឲ្យ ក្រុមហ៊ុនបង្កើតហ្គេមផ្សេងៗ បានបន្ថែមទៀត។

ជាការពិតណាស់ អ្នកលួចលេងប្រើ Cheat គឺជាចំណុចដ៏សំខាន់មួយ ដែលធ្វើឲ្យអ្នកលេងដទៃទៀត មានចិត្តចង់ឈប់លេងហ្គេមណាមួយនោះ ដែលផ្ដល់អារម្មណ៍ថា មិនស្មើភាពគ្នាក្នុងការលេង និងគួរឲ្យធុញទ្រាន់មែនទែន។ នាពេលបច្ចុប្បនេះ យើងមិនទាន់អាចធានាថា ហ្គេមរបស់ Ubisoft ទាំងអស់ នឹងលែងមានអ្នកប្រើ Cheat ភ្លាមៗទាំងស្រុងនោះទេ ប៉ុន្ដែក៏មានសង្ឃឹមជាងមុនផងដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង