នេះជារចនាបថទម្រង់កាមេរ៉ាក្រោយរបស់ទូរសព្ទឆ្លាតជំនាន់ថ្មី ZTE Axon 30 Series​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាត់ពីស្ងាត់ដំណឹងអស់មួយរយៈខ្លីមក នៅក្នុងថ្ងៃនេះ ព័ត៌មានទាក់ទងទៅនឹងទូរសព្ទឆ្លាតជំនាន់ថ្មី ZTE Axon 30 Series ត្រូវបានលេចឡើងមកសាជាថ្មីម្តងទៀតហើយ។ មិនខុសនោះទេ តាមរយៈគណនីបណ្តាញសង្គម Weibo របស់ខ្លួន ZTE បានបង្ហោះរូបភាព Poster ថ្មីមួយសន្លឹក ដែលបង្ហាញឲ្យយើងបានឃើញពីរូបរាង ក៏ដូចជារចនាបថទម្រង់កាមេរ៉ាក្រោយរបស់ទូរសព្ទឆ្លាត Axon 30 Series ជាលើកដំបូង។

បើយោងទៅតាមរូបភាព Poster នេះ បានធ្វើយើងដឹងថា ទូរសព្ទឆ្លាត ZTE Axon 30 Series មានរូបរាងផ្នែកខាងក្រោយ ខុសប្លែកពីជំនាន់មុនរបស់វាគួរឲ្យកត់សម្គាល់ ជាពិសេសនៅត្រង់រចនាបថទម្រង់កាមេរ៉ារបស់វាតែម្តង។ ជាក់ស្តែង វាបានភ្ជាប់មកជាមួយកាណុងកាមេរ៉ាក្រោយ មានរាងចតុកោណកែង ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយ 3 នៅខាងលើ តម្រៀបជារាងអក្សរ L និង 1 គ្រាប់ ខាងក្រោមគេបង្អស់ អាចជាលេនពង្រីក Persicope។ ផ្អែកតាមការបញ្ជាក់របស់ ZTE ផ្ទាល់ បានធ្វើឲ្យយើងដឹងថា កាមេរ៉ា 3 គ្រាប់ ខាងលើរបស់ Axon 30 Series មានទំហំ 64MP ដូចគ្នាទាំងអស់។ ក្រៅពីកាមេរ៉ាក្រោយ 4 គ្រាប់ ហើយ Axon 30 Series ក៏អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ បង្កប់ក្រោមអេក្រង់ ថែមទៀតផង។

ជាងនេះទៅទៀត ទូរសព្ទឆ្លាតជំនាន់ថ្មី ZTE Axon 30 Series ក៏អាចនឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 888 អេក្រង់ទំហំ 6.9 អ៊ីញ ប្រភេទ OLED 10-bit ជាមួយអេក្រង់ Refresh Rate 120Hz និងថាមពលថ្មទំហំ 4,700mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 55W ក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់ជំនាន់ទី 2 ដែលធ្វើឲ្យកាមេរ៉ាមុខរបស់វាមានសមត្ថភាពអាចថតរូបភាព និងវីដេអូកាន់តែច្បាស់ជាងមុនផងដែរ។

ដោយ​ ៖ ZTE
អត្ថបទទាក់ទង