មានដំណឹងថា ការផលិតទ្រង់ទ្រាយធំនៃឈីប A15 សម្រាប់ iPhone 13 នឹងត្រូវចាប់ផ្តើមលឿនជាងការគ្រោងទុក​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មកទល់ពេលនេះ ធ្លាប់មានដំណឹងលេចធ្លាយជាច្រើន បាននិយាយទាក់ទងនឹងវត្តមានរបស់ iPhone ជំនាន់ថ្មី បើទោះជានៅសល់ពេលជាច្រើនខែទៀតឯណោះ ទើបបង្ហាញខ្លួនក៏ដោយ។ ទន្ទឹមគ្នានោះ ក៏ធ្លាប់មានការបង្ហាញអំពីឈីបដែល Apple ទំនងជានឹងប្រើប្រាស់នៅលើទូរសព្ទឆ្លាតលំដាប់កំពូល ជំនាន់ថ្មី iPhone 13 Series ដែរ ដោយរំពឹងថានឹងមានឈ្មោះ A15 ហ្នឹងឯង ព្រោះឆ្នាំមុន A14 រួចហើយ។ ចំណែកពេលនេះ យើងទទួលបានដំណឹងបន្ថែមទៀត ដែលបញ្ជាក់ទាក់ទងនឹងពេលវេលា ដែល TSMC នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃឈីបខាងលើវិញម្ដង។

មិនខុសទេ បើតាមការរបាយការណ៍ថ្មី ដែលយើងទើបទទួលបាន បញ្ជាក់ឲ្យដឹងថា TSMC ដែលជាដៃគូរសហការយូរឆ្នាំជាមួយ Apple ក្នុងការផលិតឈីបត្រកូល A នោះ គឺបានធ្វើការកំណត់យកពេលវេលាផលិតទ្រង់ទ្រាយធំនៃឈីប A15 សម្រាប់ iPhone 13 Series លឿនជាងការគ្រោងទុកកន្លងមក និយាយឲ្យចំទៅ គេនឹងចាប់ផ្តើមពីចុងខែឧសភាពខាងមុខនេះទៅតែម្ដង។ គួរបញ្ជាក់ដែរថា ឈីប Apple A15 ទំនងជានឹងត្រូវបានធ្វើឡើង ដោយផ្នែកលើស្ថាបត្យកម្ម 5nm បន្តជំនាន់ពីឈីប A14 ដែលកំពុងតែត្រូវបានប្រើប្រាស់ នៅលើ iPhone និង iPad នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក៏ដោយ លក្ខណៈសម្បត្តិសំខាន់ផ្សេងៗ នៅលើឈីបនោះ គឺមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែបើតាមការពាក្យចចាមអារ៉ាមជាច្រើនកន្លងមក ធ្លាប់លេចឮមកថា ឈីបថ្មីនោះ នឹងត្រូវបាន Apple បង្កើនសមត្ថភាពឲ្យកាន់តែប្រសើរជាងមុន ព្រមទាំងនឹងប្រើប្រាស់ថាមពលថ្មតិចជាងមុនទៀតផង។

បើតាមការបង្ហាញចេញសំណាក់អ្នកព្យាករណ៍ Ming-Chi Kuo កន្លងមក បានឲ្យដឹងថា Apple ទំនងជានឹងធ្វើការប្រកាសចេញ iPhone 13 Series នៅក្នុងខែកញ្ញាវិញ មិនមែនខែតុលាដូចឆ្នាំមុននោះទេ។ បន្ថែមពីនេះដែរ ដំណឹងលេចធ្លាយកន្លងមក អាចឲ្យយើងដឹងជាមុនថា iPhone 13 Series អាចនឹងមានបំពាក់ជាមួយអេក្រង់ ដែលមានកម្រិត Refresh Rate ដល់ 120Hz, មានមុខងារ Always-On Display ថែមទាំងអាចមានថ្ងាសឆកខ្លីជាងមុន ហើយចំណុចសំខាន់មួយទៀត ដែលធ្លាប់មានដំណឹងច្រើនលើកច្រើនសារ បង្ហាញដែរនោះគឺថា វាក៏អាចនឹងមានប្រើប្រាស់ សេនស័រស្កេនស្នាមម្រាមដៃក្រោមអេក្រង់ដែរហើយ។

ដោយ​ ៖ Macrumors
អត្ថបទទាក់ទង