រូបភាព Poster បង្ហាញថា Lenovo Legion Phone 2 Pro មានរចនាបថផ្នែកខាងក្រោយខុសប្លែកពីជំនាន់មុន​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបានបញ្ជាក់ឲ្យយើងដឹងពីវត្តមាន និងកាលបរិច្ឆេទប្រកាសចេញជាផ្លូវការ ក៏ដូចជាលក្ខណៈសម្បត្តិជាច្រើនរបស់ទូរសព្ទហ្គេម Lenovo Legion Phone 2 Pro រួចមក ទីបំផុត កាលពីល្ងាចម្សិលមិញនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់ខ្លួន Lenovo បានបង្ហោះរូបភាព Poster មួយសន្លឹក ដែលបង្ហាញឲ្យយើងបានឃើញពីរចនាបថរូបរាង ផ្នែកខាងក្រោយរបស់ Legion Phone 2 Pro ជាលើកដំបូងហើយ។

ផ្អែកទៅលើរូបភាព Poster ថ្មី ដែលទើបតែបង្ហោះដោយ Lenovo ផ្ទាល់ បានធ្វើឲ្យយើងដឹងថា ទូរសព្ទហ្គេម Legion Phone 2 Pro មានរចនាបរូបរាងផ្នែកខាងក្រោយ ខុសប្លែកពីជំនាន់មុនរបស់វាគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ខ្នងរបស់វាត្រូវបានខណ្ឌចែកចេញជា 2 ដោយដុំកំពកធំមួយ ស្ថិតនៅចំកណ្តាល ហើយនៅលើដុំកំពកនោះ បានផ្ទុកទៅដោយ Logo RGB តំណាងឲ្យស្លាកសញ្ញា Legion និងប្រហោងសម្រាប់ឲ្យខ្យល់ចេញពីស្លាបកង្ហារ ក៏ដូចជាកាមេរ៉ាចំនួន 2 គ្រាប់ ផងដែរ។ ដោយក្នុងនោះដែរ លេនគោលរបស់វានឹងមានទំហំ 64MP មានទំហំសេនស័រដល់ទៅ 1/1.3″ មានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រិត 4K ជាមួយល្បឿនដល់ទៅ 120fps និង 8K ជាមួយល្បឿន 30fps ផងដែរ។

តាមរយៈការបញ្ជាក់របស់ Lenovo កាលពីពេលកន្លងមក បានធ្វើឲ្យយើងដឹងថា Legion Phone 2 Pro នឹងប្រើប្រាស់អេក្រង់ទំហំ 6.92 អ៊ីញ ប្រភេទ AMOLED ជំនាន់ថ្មី E4 របស់ Samsung អាចគាំទ្រអេក្រង់ Refresh Rate 144Hz ជាមួយល្បឿនប៉ះសម្គាល់ដល់ទៅ 720Hz អមមកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 44MP ផងដែរ។ លើសពីនេះ វាក៏នឹងភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 888 ថ្មទំហំ 5,500mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 90W និងស្លាបកង្ហារតូចចំនួន 2 ក៏ដូចជាប្រព័ន្ធកាត់បន្ថយកម្តៅ (Cooling System) ដែលមានសមត្ថភាពខ្ពស់ សម្រាប់កាត់បន្ថយកំដៅនៅក្នុងខ្លួនរបស់វា ថែមទៀតផង។

ដោយ​ ៖ Lenovo
អត្ថបទទាក់ទង