Xiaomi Mi MIX Fold ចេញផ្លូវការ ប្រើឈីប Snapdragon 888 និង Surge C1 លេនប្រភេទ Liquid ក៏ដូចជាមាន Speaker 4 គ្រាប់ លៃតម្រូវសម្លេងដោយ Harman Kardon​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីរង់ចាំអស់រយៈពេលជាង 2 ឆ្នាំ រួចមក ទីបំផុតយើងបានឃើញវត្តមានរបស់ទូរសព្ទឆ្លាត Mi MIX ម៉ូឌែលថ្មី បង្ហាញខ្លួនហើយ។ មិនខុសទេ កាលពីពេលអម្បាញ់មិញនេះ តាមរយៈព្រឹត្តិការណ៍អនឡាញពិសេសមួយ ធ្វើឡើងនៅក្នុងប្រទេសចិន Xiaomi បានប្រកាសចេញទូរសព្ទឆ្លាត Mi MIX ម៉ូឌែលថ្មី ជាផ្លូវការហើយ ដោយវាមានឈ្មោះហៅថា Mi MIX Fold។ អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះ គឺថា Mi MIX ម៉ូឌែលថ្មី ដែលទើបតែបានប្រកាសចេញនេះ មិនមែនជាទូរសព្ទឆ្លាតទូទៅដូចជំនាន់មុនរបស់នោះទេ ប៉ុន្តែជំនួសមក វាបានបង្ហាញខ្លួនមកក្នុងនាមជាទូរសព្ទឆ្លាតអេក្រង់បត់ដំបូងបង្អស់របស់ Xiaomi ទៅវិញ។ និយាយពីអេក្រង់បត់ Mi MIX Fold ប្រើប្រាស់គន្លាក់បត់ចូលទៅក្នុងដូចទៅនឹង Galaxy Z Fold និង Galaxy Z Fold2 របស់ Samsung អញ្ចឹង។ សម្រាប់ផ្នែកខាងក្រៅវិញ វាបានភ្ជាប់មកជាមួយកាណុងកាមេរ៉ា ដែលមានទម្រង់ស្រដៀងគ្នាទៅនឹង Mi 10S ផងដែរ។ បន្ទាប់ពីបានដឹងពីរចនាបថខាងក្រៅរបស់ Mi MIX Fold រួចហើយ ដូច្នេះកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងយល់ពីលក្ខណៈសម្បត្តិ Hardware និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាមុខងារពិសេសរបស់វាវិញម្តង។

អេក្រង់ និងកម្លាំងម៉ាស៊ីន

Xiaomi Mi MIX Fold មានអេក្រង់ខាងក្នុងទំហំ 8.01 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 2480 x 1860 ភិចស៊ែល គាំទ្រ DCI-P3, HDR10+ និង Dolby Vision ជាមួយកម្រិតពន្លឺ 600nits ក៏ដូចជាមានជម្រៅទឹកពណ៌ដល់ទៅ 10bit មានសមត្ថភាពអាចបង្ហាញពណ៌បានដល់ទៅជាង 1 ពាន់លានពណ៌ ឯណោះ។ ជាងនេះទៅទៀត វាក៏បានភ្ជាប់មកជាមួយអេក្រង់ទំហំ 6.52 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 2520 x 840 ភិចស៊ែល គាំទ្រអេក្រង់ 90Hz និង Dolby Vision ជាមួយកម្រិតពន្លឺ 900nits ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីនវិញ Mi MIX Fold ប្រើប្រាស់បន្ទះឈីប Snapdragon 888 គាំទ្រ 5G គួបផ្សំជាមួយអង្គគណនារូបភាព Surge C1 និង RAM ប្រភេទ LPDDR5 ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ UFS.3.1 ទំហំ 256/512GB ផងដែរ។

កាមេរ៉ា និងមុខងារសំខាន់ៗ

Xiaomi Mi MIX Fold បានភ្ជាប់មកជាមួយកាមេរ៉ា 1 គ្រាប់ (Punch Hole) នៅលើអេក្រង់ខាងក្រៅ និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 108MP, មួយគ្រាប់ជាលេនទូលាយ (Ultra Wide 123 ដឺក្រេ) ទំហំ 13MP និងមួយគ្រាប់ចុងក្រោយគេជាលេន Telephoto ទំហំ 8MP មានសមត្ថភាពអាចពង្រីក Optical Zoom បាន 3 ដង និង Digital Zoom បាន 30 ដង។ កាន់តែពិសេសទៀតនោះ Mi MIX Fold បានក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេបង្គស់នៅលើលោក ដែលប្រើប្រាស់លេនប្រភេទ Liquid ដែលមានសមត្ថភាពអាចចាប់យកចំណុច Focus បានត្រឹមត្រូវ និងរហ័សជាងលេនប្រភេទ Optical ដែលឃើញមានប្រើនៅលើទូរសព្ទឆ្លាតក្នុងពេលបច្ចុប្បន្ននេះ។ លើសពីនេះ វាក៏ជួយឲ្យលេនពង្រីក Telephoto អាចថតបែប Macro បានថែមទៀតផង។

ថាមពលថ្ម និងបច្ចេកវិទ្យាពិសេសៗ

Xiaomi Mi MIX Fold វេចខ្ចប់មកជាមួយថ្មទំហំ 5,020 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 67W មានសមត្ថភាពសាកបញ្ចូលថាមពលថ្មមួយពេញ ចំណាយពេលខ្ទង់ប្រហែលជា 37 នាទី។ ជាមួយគ្នានេះដែរ Mi MIX Fold ក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យា Wi-Fi 6 និង Speaker ចំនួន 4 គ្រាប់ លៃតម្រូវសម្លេងដោយ Harman Kardon ក៏ដូចជា Desktop Mode ថែមទៀតផង។

ជម្រើសពណ៌ និងតម្លៃ

Xiaomi Mi MIX Fold កើតមកជាមួយជម្រើសពណ៌ខ្មៅតែមួយគត់។ យ៉ាងណាមិញ វាក៏មានជម្រើស Special Edition មួយផ្សេងទៀត ដែលមានខ្នងខាងក្រោយធ្វើឡើងពី Ceramic ក៏ដូចជាភ្ជាប់មកជាមួយ RAM ទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB ផងដែរ។ សម្រាប់ទីផ្សារប្រទេសចិន ទូរសព្ទឆ្លាតអេក្រង់បត់ដំបូងបង្អស់របស់ Xiaomi មួយនេះ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៦ លាន ៨ ម៉ឺនរៀល (1,520 ដុល្លារ) សម្រាប់ជម្រើស RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្ន័យទំហំ 256GB និងខ្ទង់ ៦ លាន ៦៩ ម៉ឺនរៀល (1,673 ដុល្លារ) សម្រាប់ជម្រើស RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្ន័យទំហំ 512GB។ ចំណែកឯ Mi MIX Fold Special Edition ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៧ លាន ៩០ ម៉ឺនរៀល (1,977 ដុល្លារ)។

សរុបមកវិញ ខ្ញុំគិតថា ទូរសព្ទឆ្លាតអេក្រង់បត់ Xiaomi Mi MIX Fold ពិតជាមានចំណុចទាក់ទាញច្រើន ដែលគួរឲ្យចាប់អារម្មណ៍ ដោយក្នុងនោះមានដូចជា លេនប្រភេទ Liquid បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 67W Speaker 4 គ្រាប់ លៃតម្រូវសម្លេងដោយ Harman Kardon បន្ទះឈីប Snapdragon 888 និង Surge C1 ក៏ដូចជាអេក្រង់ AMOLED ប្រភេទ 10bit អាចបង្ហាញពណ៌បានត្រឹមត្រូវជាដើម។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំខកចិត្តបន្តិចនោះ គឺថាអេក្រង់ខាងក្នុងរបស់ Mi MIX Fold មានកម្រិត Refresh Rate ត្រឹម 60Hz ក៏ដូចជាមិនបានភ្ជាប់មកជាមួយកាមេរ៉ា ថែមទៀតផង។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ? ជាចុងក្រោយ សូមកុំភ្លេចបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង។

ដោយ​ ៖ Xiaomi
អត្ថបទទាក់ទង