Sony អាចនឹងបញ្ចេញកំណែអាប់ដេតដើម្បីឲ្យ PS5 គាំទ្រការបន្ថែម M.2 SSD បាន នៅក្នុងចន្លោះខែមិថុនានិងខែកញ្ញា ឆ្នាំ 2021​
ដោយ​ ៖ មុនិនាថ | 1 ខែមុន SHARE

 

Sony បានបញ្ចេញម៉ាស៊ីនហ្គេម PlayStation 5 របស់ខ្លួនបានប៉ុន្មានខែមកហើយ ក៏ប៉ុន្តែនៅមានមុខងារមួយចំនួនដែល Sony មិនទាន់បើកឲ្យដំណើរការបាននៅឡើយ។ ដោយឡែក ថ្ងៃនេះក៏មានរបាយការណ៍ថ្មីមួយ រាយការណ៍មកថា Sony នឹងបញ្ចេញកំណែអាប់ទៅឲ្យ PlayStation 5 អាចគាំទ្រការបន្ថែមអង្គផ្ទុកទិន្នន័យជាប្រភេទ M.2 SSD បាន នៅក្នុងចន្លោះខែមិថុនា និងខែកញ្ញា ឆ្នាំ 2021។

មិនខុសនោះទេ ដូចដែលយើងបានដឹងហើយថា PlayStation 5 វាមកជាមួយនឹងអង្គផ្ទុកទិន្នន័យដែលមានល្បឿនលឿន និងកន្លែងដែលយើងអាចបន្ថែមអង្គផ្ទុកទិន្នន័យជាប្រភេទ M.2 SSD មួយផងដែរ។ ប៉ុន្តែ PlayStation 5 មិនទាន់អាចគាំទ្រនូវកន្លែងសម្រាប់បន្ថែមអង្គផ្ទុកទិន្នន័យនោះនៅឡើយទេ។ ចំណែកឯ អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនមានចំនួនសរុប 825GB ពិតមែន តែវាបន្សល់ឲ្យយើងអាចប្រើប្រាស់សម្រាប់ផ្ទុកទិន្នន័យ និងហ្គេមត្រឹមតែ 667GB ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ បានជា Sony គ្រោងនឹងបញ្ចេញកំណែអាប់ដេតដើម្បីឲ្យ PlayStation 5 គាំទ្រការបន្ថែមអង្គផ្ទុកទិន្នន័យពីខាងក្រៅបាន។ តាមរយៈកំណែអាប់ដេតដែលត្រៀមនឹងបញ្ចេញនៅពេលខាងមុខនេះដែរ Sony ក៏អាចនឹងតម្លើងល្បឿនកង្ហារឲ្យវិលខ្លាំង សម្រាប់កាត់បន្ថយកម្តៅក្នុងម៉ាស៊ីនឲ្យប្រសើរជាងមុន ដើម្បីឲ្យស៊ីគ្នាទៅនឹងការបន្ថែមអង្គផ្ទុកទិន្នន័យពីខាងក្រៅផងដែរ។

យ៉ាងណាមិញ PlayStation 5 ភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យជំនាន់ថ្មី PCIe 4.0 SSD ទំហំ 825GB ជាមួយល្បឿនគណនាដល់ទៅ 5.5GB ក្នុងមួយវិនាទីឯណោះ។ អញ្ចឹងបើយើងចង់បន្ថែមអង្គផ្ទុកទិន្នន័យ យើងត្រូវរក M.2 SSD ណាដែលមានល្បឿនប្រហាក់ប្រហែលគ្នាទៅនឹងអង្គផ្ទុកទិន្នន័យដើមរបស់វាដែរ។ ប៉ុន្តែខណៈពេលនេះ Sony មិនទាន់បានបង្ហើបប្រាប់ថាតើគួរជ្រើសរើស M.2 SSD ប្រភេទណា ទើបអាចដំណើរការជាមួយនឹងម៉ាស៊ីន PS5 បាននៅឡើយទេ។ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាបន្តទៀត។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង