នេះជារចនាបថរូបរាងផ្លូវការរបស់នាឡិកាឆ្លាតជំនាន់ថ្មី Nubia Red Magic Watch​
ដោយ​ ៖ មុនិនាថ | 1 ខែមុន SHARE

 

បន្ទាប់ពី Nubia បានធ្វើការបញ្ជាក់នូវពេលវេលាដែលនឹងត្រូវប្រកាសចេញទូរសព្ទហ្គេមលំដាប់កំពូល Red Magic 6 របស់ខ្លួនរួចមក ថ្មីៗនេះដែរ យើងក៏បានប្រទះឃើញរូបភាព Poster ផ្លូវការរបស់នាឡិកាឆ្លាតជំនាន់ថ្មី Nubia Red Magic Watch ដែលនឹងអាចប្រកាសចេញនៅក្នុងថ្ងៃតែមួយជាមួយនឹង Red Magic 6 ផងដែរ។

ជាការពិតណាស់ តាមរយៈគណនីបណ្តាញសង្គម Weibo របស់លោក Ni Fei ត្រូវជា CEO របស់ Nubia ផ្ទាល់ បានបង្ហោះនូវរូបភាព Poster ផ្លូវការរបស់នាឡិកាឆ្លាតវៃ ដែលត្រូវបានគេហៅថា Red Magic Watch និងបានបង្ហើបពីលក្ខណៈសម្បត្តិរបស់វាមួយចំនួនផងដែរ។ យ៉ាងណាមិញ បើយោងតាមរូបភាពគំរូខាងលើបានឲ្យឃើញថា Red Magic Watch គឺមានរាងមូលជាមួយនឹងទំហំអេក្រង់ 1.39 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 454 x 454 ភិចសែល។សម្រាប់តួខ្លួនរបស់វិញ គឺធ្វើឡើងពីលោហៈ និងមានប៊ូតុងបញ្ជាចំនួន 2 នៅផ្នែកខាងស្តាំរបស់នាឡិកា ហើយចំណែកឯ ខ្សែរបស់វាវិញជាប្រភេទជ័រ Silicon ដែលមានរាងជាលក្ខណៈឆ្នូតៗនៅលើខ្សែផងដែរ។ បន្ថែមពីនេះទៀត បើយោងតាមរបាយការណ៍ FCC កន្លងទៅបានបង្ហាញថា Red Magic Watch អាចនឹងមានអាវក្រោះការពារទឹកកម្រិត 5ATM ដែលជួយការពារទឹក ឬការធ្លាក់បានល្អ និងអាចភ្ជាប់មកជាមួយថាមពលថ្មទំហំ 420mAh ប្រើប្រាស់ Bluetooth 5.0 ក៏ដូចជាមានសេនស័រវាស់ចម្វាក់បេះដូងជាដើម។

សរុបមកវិញ នេះគឺជារចនាបថរូបរាងផ្លូវការ និងលក្ខណៈសម្បត្តិមួយចំនួនរបស់នាឡិកាឆ្លាតវៃ Nubia Red Magic Watch ដែលទើបតែនឹងបែកធ្លាយថ្មីនេះប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា វានឹងត្រូវប្រកាសចេញជាមួយនឹងទូរសព្ទហ្គេម Red Magic 6 នៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ។

ដោយ​ ៖ Nubia
អត្ថបទទាក់ទង