Telegram ទទួលបានកំណែអាប់ដេតថ្មី ដោយមានបន្ថែមមុខងារលុបសារដោយស្វ័យប្រវត្តិ ក៏ដូចជា Widgets សម្រាប់ Android​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប៉ុន្មានសប្តាហ៍កន្លងទៅនេះ យើងធ្លាប់ទទួលបានរបាយការណ៍ថ្មីមួយដែរ ដែលបញ្ជាក់ថា Telegram គឺជាកម្មវិធីមួយ ដែលទទួលបានចំនួនទាញយកច្រើនជាងគេបង្អស់ ក្នុងខែមករាកន្លងទៅ ហេតុនេះហើយ វាបានជំរុញឲ្យវា កាន់តែទទួលបានប្រជាប្រិយភាព និងកាន់តែមានអ្នកប្រើប្រាស់ប្រចាំខែ កើនឡើងច្រើនជាងមុន។ ដើម្បីបំពេញនូវផ្នែកសុវត្ថិភាពបន្ថែម ថ្មីៗនេះ Telegram បានធ្វើការអាប់ដេតថ្មី ដោយមានដាក់បញ្ចូលនូវមុខងារសំខាន់មួយចំនួន ទៅឲ្យអ្នកប្រើប្រាស់គ្រប់គ្នា ជាក់ស្ដែងក្នុងនោះរួមមានមុខងារ លុបសារដោយស្វ័យប្រវត្តិ និងមុខងារ Expiring Invites ជាដើម។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់ Telegram កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងកំណែអាប់ដេតថ្មីរបស់គេ គឺមានដាក់បញ្ចូលមុខងារសំខាន់ៗមួយចំនួនទៀត ទៅកាន់អ្នកប្រើប្រាស់គ្រប់គ្នា មិនថានៅលើ iOS ឬ Android នោះទេ។ មិនខុសទេមុខងារសំខាន់ដំបូង គឺជាមុខងារ Auto-Delete នេះឯង ដែលយើងអាចហៅបានថា មុខងារលុបសារដោយស្វ័យប្រវត្តិ ព្រោះថាវានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ កំណត់ពេលវេលា ដើម្បីឲ្យ Telegram លុបសារនោះចេញដោយស្វ័យប្រវត្តិបានផងដែរ។ សម្រាប់ iOS មុខងារនោះមានជា Default តែម្ដង ដោយអ្នកប្រើប្រាស់គ្រាន់តែ សង្កត់លើសារណាមួយឲ្យជាប់ នោះនឹងឃើញមុខងារ Auto-Delete ចេញមក ប៉ុន្តែសម្រាប់ Android មុខងារខាងលើ ស្ថិតនៅក្នុង Option “Clear History” ក្នុងឆាតនីមួយៗមួយតង់ទៀត។ មុខងារនេះ អាចឲ្យអ្នកប្រើកំណត់យករយៈចាប់ពី 24 ម៉ោងទៅ 7 ថ្ងៃបន្ទាប់ពីផ្ញើសារ ដូច្នេះបើអ្នកជ្រើសយករយៈពេល 24 ម៉ោង មានន័យថា បន្ទាប់ពីកំណត់រួច វានឹងលុបសារដែលអ្នកបានផ្ញើលើសពី 24 ម៉ោង ចោលទាំងអស់។

យ៉ាងណាក៏ដោយការលុបដោយស្វ័យប្រវត្តិនោះ គឺមិនប៉ះពាល់ដល់សារចាស់ៗ មុនពេលដែលអ្នកបានកំណត់នោះទេ និយាយឲ្យចំទៅ វានឹងលុបស្វ័យសម្រាប់សារទាំងឡាយណា ដែលអ្នកបានផ្ញើក្រោយពីការកំណត់យកមុខងារ Auto-Delete ប៉ុណ្ណោះ។ ក្រៅពីមុខងារ Auto-Delete កម្មវិធីខាងលើ ក៏ទទួលបានមុខងារ ដែលជួយពង្រឹងផ្នែកសុវត្ថិភាពមួយទៀតដែរ នោះគឺ Expiring Invites នេះឯង ដោយលើកនេះ អ្នកប្រើប្រាស់អាចធ្វើការផ្ញើ Link Invite ជាមួយពេលវេលាកំណត់បាន មានន័យថា គេអាចធ្វើការកំណត់យកពេលវេលាជាក់លាក់ណាមួយ សម្រាប់ឲ្យ Link នោះផុតកំណត់ ដើម្បីការពារកុំឲ្យមានសមាជិកថ្មីណា អាចចូលបន្ថែមទៀតបាន នៅពេលដែលពេលវេលា យើងដាក់នោះបានកន្លងទៅ។ 

ការកែប្រែគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺថាចំពោះអ្នកប្រើប្រាស់ Android ពេលនេះ ពួកគេទទួលបានមុខងារ Widgets សម្រាប់ Telegram ហើយ ដោយអនុញ្ញាតឲ្យគេជ្រើសយកសារមួយចំនួន មកតាំងជា Widgets បាន ដើម្បីជួយឲ្យអ្នកប្រើ អាចចូលទៅកាន់សារនោះ បានកាន់តែរហ័សតែម្ដង។

ដោយ​ ៖ Telegram
អត្ថបទទាក់ទង