Square Enix ប្រកាសចេញហ្គេមថ្មីចំនួន 2 យកលំនាំតាម Final Fantasy VII Remake សម្រាប់លេងនៅលើឧបករណ៍ Android និង iOS​
ដោយ​ ៖ ធានស៊ីញ | 1 ខែមុន SHARE

 

នៅក្នុងព្រឹត្ដិការណ៍ State of Play កាលពីព្រឹកមិញ Square Enix បានប្រកាសថានឹងមានកំណែអាប់ដេតសម្រាប់ហ្គេម Final Fantasy VII Remake បន្ថែមទៀតនៅលើម៉ាស៊ីនហ្គេម PS5។ ស្របពេលជាមួយគ្នានោះដែរ Square Enix ក៏បានធ្វើឲ្យអ្នកនិយមគាំទ្រហ្គេមខាងលើនេះមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសថា ពួកគេកំពុងតែអភិវឌ្ឍន៍ហ្គេម Final Fantasy VII ចំនូន 2 ប្រភេទផ្សេងគ្នា សម្រាប់លេងនៅលើប្រព័ន្ធប្រតិបត្ដិ Android និង iOS ផងដែរ។

ជាការពិតណាស់ Square Enix បានធ្វើការប្រកាសថា ខ្លូនកំពុងតែមានគម្រោងបង្កើតហ្គេមចំនួន 2 បន្ថែមទៀត សម្រាប់ដាក់ឲ្យលេងនៅលើទូរសព្ទដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android និង iOS ក្នុងពេលឆាប់ៗ ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ហ្គេមទាំង 2 នេះនឹងត្រូវយកលំនាំដើមតាម Final Fantasy VII Remake។ ដោយហ្គេមទី 1 មានឈ្មោះថា Final Fantasy VII The First Soldier ជាប្រភេទហ្គេមបែប Battle Royale ដែលនឹងត្រូវលេងនៅក្នុងទីក្រុង Midgar មុនព្រឹត្ដិការណ៍ Final Fantasy VII។ ជាងនេះទៅទៀត សម្រាប់អ្នកលេង Final Fantasy VII The First Soldier ក៏អាចនឹងប្រើប្រាស់វេទមន្ដ ដូចជា Magic Spell, Final Fantasy Summon និង Chocobos នៅក្នុងពេលកំពុងប្រយុទ្ធជាមួយសត្រូវបានទៀតផង។ ចំណែកឯ ហ្គេមមួយទៀតឈ្មោះថា Final Fantasy VII Ever Crisis ជាប្រភេទហ្គេមបែបផ្សងព្រេង និងតម្រូវឲ្យអ្នកលេងជាលក្ខណៈ Single-Player ហើយមានរួមបញ្ចូលជាមួយព្រឹត្ដិការណ៍ដកស្រង់ចេញពី Final Fantasy VII ជាច្រើនផងដែរ ដូចជាវគ្គ Advent Children, Before Crisis, Crisis Core, និង Dirge of Cerberus ជាដើម។

ដោយឡែកសម្រាប់ហ្គេម Final Fantasy VII The First Soldier អាចនឹងត្រូវដាក់ឲ្យទាញយកនៅលើប្រព័ន្ធប្រតិបត្ដិការ Android និង iOS នៅក្នុងឆ្នាំ 2021 នេះតែម្ដង ក៏ប៉ុន្ដែយើងមិនទាន់ដឹងថានៅក្នុងថ្ងៃណាឲ្យប្រាកដនៅឡើយទេ។ ចំណែកឯ Final Fantasy VII Ever Crisis វិញ ត្រូវបានគេរំពឹងថាអាចនឹងចេញក្នុងឆ្នាំ 2022 ឯណោះ។ សម្រាប់ប្រិយមិត្ដដែលនិយមគាំទ្រហ្គេម Final Fantasy VII Remake ដែលដាក់ឲ្យលេងតែនៅលើម៉ាស៊ីន PlayStation និងកុំព្យូទ័រកន្លងមក យល់យ៉ាងណាដែរ នៅពេលដឹងថា Square Enix កំពុងតែអភិវឌ្ឍន៍ហ្គេមថ្មី 2 ផ្សេងគ្នា យកលំនាំដើមតាម Final Fantasy VII Remake សម្រាប់លេងនៅលើឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android និង iOS?

ដោយ​ ៖ Toucharcade
អត្ថបទទាក់ទង