Land Rover ទើបបញ្ចេញ Defender V8 ឆ្នាំ 2022 ថ្មី មានកម្លាំងដល់ទៅ 518hp ជាមួយអេក្រង់បង្ហាញធំជាងមុនទំហំ 11.4 អ៊ីញ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ Land Rover ទើបប្រកាសចេញរថយន្ត SUV ស្ថិតក្នុងត្រកូល Defender ម៉ូឌែលថ្មីរបស់ខ្លួន ដែលត្រូវបានគេហៅថា Defender V8 ឆ្នាំ 2022 តែម្ដង ដោយក្នុងនោះ យើងឃើញថារថយន្តមួយនេះ បានបំពាក់ម៉ាស៊ីនខ្នាតធំតែម្ដង ហើយវាក៏ត្រូវបានគេបង្កើនចំណុចសំខាន់ផ្សេងៗ ឲ្យកាន់តែប្រសើរជាងមុន។ សម្រាប់រូបរាងខាងក្រៅនៃ Land Rover Defender V8 2022 នោះ យើងឃើញថា វាមានការកែប្រែខ្លះៗ ពី Defender កន្លងទៅ ប៉ុន្តែមិនបានកែច្រើនឡើយ ប៉ុន្តែចំណុចខុសគ្នាសំខាន់ពីម៉ូឌែលធម្មតានោះ គឺថា Defender V8 នេះ វាមានដង្កៀបចាប់ហ្រ្វាំង (Brake Calipers) ពណ៌ខៀវតែម្ដង។

ពិតណាស់ Land Rover Defender V8 បានបំពាក់មកជាមួយម៉ាស៊ីនចំណុះ 5.0-Liter ដែលមានកម្លាំងដល់ទៅ 518hp និងមានកម្លាំងបង្វិលកង់ដល់ 625 Newton-meters ថែមទៀតផង។ មិនខុសទេ វាមានស៊ីឡាំងសរុបចំនួន 8 ដែលជួយវាអាចស្ទុះបានពីល្បឿន 0 ទៅដល់ 96km/h ដោយចំណាយពេល 4.9 វិនាទី រីឯល្បឿនខ្ពស់បំផុតរបស់វាវិញ គឺឡើងដល់ 240km/h ហើយវាក៏បានដំណើរការដោយប្រអប់លេខ 8 វគ្គអូតូផងដែរ។ Land Rover បានដល់ផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ចំនួន 2 ប្រភេទដែរ ដោយមួយគឺម៉ូឌែលមានទ្វារ 2 ដែលគេហៅថា Defender 90 V8 និងមួយទៀតជាម៉ូឌែលទ្វារ 4 គេហៅថា Defender 110 V8 ប៉ុន្តែពួកវាទាំងពីរនេះ គឺបានបំពាក់ម៉ាស៊ីនតែមួយ មិនខុសគ្នានោះទេ។ សម្រាប់ផ្នែកខាងក្នុងរបស់វាវិញ គឺវាក្រាលដោយពួកស្បែក Ebony Windsor ក៏ដូចជាមានដៃចង្កូតក្រាលឡើងដោយសមាសធាតុ Alcantara នេះឯង។

ចំណុចសំខាន់មួយទៀត ដែល Land Rover បានផ្តល់ឲ្យនៅលើ Defender V8 2022 ថ្មីនោះដែរ គឺថាលើកនេះគេបានបង្កើនទៅលើប្រព័ន្ធ Infotainment System ដែលហៅថា Pavi Pro របស់គេនោះ ឲ្យកាន់តែប្រសើរជាងមុនថែមទៀត ជាពិសេសគឺដោយសារតែលើកនេះ គេបានប្រើប្រាស់អេក្រង់បង្ហាញដំណឹង ឬអេក្រង់កម្សាន្តធំជាងមុន ពោលគឺឡើងដល់ 11.4 អ៊ីញ ខណៈពេលដែលកន្លងមក គេប្រើត្រឹមអេក្រង់ 10 អ៊ីញប៉ុណ្ណោះ។ បន្ថែមពីនេះ គេក៏បានបំពាក់មុខងារសាកថ្មឥតខ្សែ សម្រាប់ឧបករណ៍ផ្សេងៗដូចជាទូរសព្ទឆ្លាត ឲ្យស្ថិតនៅកម្រិតស្ដង់ដារមួយដែរ។ យ៉ាងណាក៏ដោយ ក្នុងពេលនេះ ក្រុមហ៊ុនខាងលើ មិនទាន់បានបញ្ចេញតម្លៃរបស់រថយន្តនោះឡើយ ដូច្នេះយើងនឹងរង់ចាំមើលបន្តទៀតថា តើ Land Rover នឹងដាក់លក់រថយន្ត SUV ម៉ូឌែលថ្មីរបស់ខ្លួន ក្នុងតម្លៃប៉ុន្មាន?

ដោយ​ ៖ Motor1.com
អត្ថបទទាក់ទង