កាសឥតខ្សែ Redmi AirDots 3 បានចេញផ្លូវការ ដោយប្រើ Bluetooth 5.2 ថាមពលថ្មកាន់បានយូរជាងមុន និងមានតម្លៃខ្ទង់ 30 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីឆ្នាំមុន Xiaomi បានប្រកាសចេញកាសឥតខ្សែលំដាប់ថវិកាជំនាន់ថ្មីមួយ ស្ថិតក្រោមស្លាកយីហោ Redmi ពោលគឺជាកាសឥតខ្សែ Redmi AirDots ជំនាន់ទី 2 នេះឯង ហើយក្នុងនោះ ក៏ឃើញថាវាទទួលបានប្រជាប្រិយភាពច្រើនគួរសមដែរ។ ដោយឡែក កាលពីយប់មិញនេះ ក្រុមហ៊ុនខាងលើ បានប្រកាសចេញកាសឥតខ្សែម៉ូឌែលថ្មី បន្តជំនាន់ពីម៉ូឌែលខាងលើមកហើយ ដោយត្រូវបានគេហៅថា Redmi AirDots 3 ហ្នឹងឯង ហើយក្នុងនោះដែរ វាក៏បានកែប្រែចំណុចសំខាន់ៗជាច្រើន។

មិនខុសទេ សម្រាប់ Redmi AirDots 3 លើកនេះ វានៅតែបន្តអត្តសញ្ញាណរបស់ Redmi AirDots 2 មកដដែល ពោលគឺរូបរាងរបស់វាដូចគ្នាស្ទើរទាំងស្រុង ប៉ុន្តែវាត្រូវបានគេបង្កើនសមត្ថភាពផ្នែកខាងក្នុង ឲ្យកាន់តែប្រសើរជំនួសវិញ។ ពិតណាស់ Redmi AirDots 3 បានប្រើប្រាស់ឈីបថ្មី QCC3040 ដែលជាឈីបអាចគាំទ្របានដល់ Bluetooth 5.2 តែម្ដង (Redmi AirDots 2 ប្រើត្រឹម Bluetooth 5.0 ប៉ុណ្ណោះ) ហើយការកែប្រែថ្មីនេះដែរ គឺនឹងធ្វើឲ្យកាសឥតខ្សែជំនាន់ថ្មីខាងលើ មានល្បឿនក្នុងការភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗ បានកាន់តែលឿនជាងមុន ក៏ដូចជាធ្វើការតភ្ជាប់ កាន់តែមានស្ថេរភាពជាងមុន ថែមមួយកម្រិតទៀត។ លើកនេះ គេក៏បានធ្វើការបង្កើន ទៅប្រើប្រាស់ប្រព័ន្ធសម្លេងប្រសើរជាងមុនដូចគ្នា ពោលគឺ AptX Adaptive codec ហើយក្រៅពីនេះ វាក៏អាចគាំទ្រជាមួយមុខងារប៉ះបញ្ជាបាន មានភ្ជាប់មកស្រាប់នូវជំនួយការសម្លេង XiaoAI ព្រមទាំងគាំទ្រជាមួយមុខងារ Pop-Up Window នៅលើ MIUI ជាដើម។

រីឯផ្នែកថាមពលថ្មវិញ វាក៏ទទួលបានការបង្កើនថាមពលថ្ម ឲ្យខ្ពស់ជាងមុនដែរ ជាក់ស្ដែងសម្រាប់កាសទាំងពីរនោះ លើកនេះវាអាចកាន់បានដល់ទៅ 7 ម៉ោងឯណោះ ក្នុងការសាកម្ដង ហើយបើគិតទាំងថាមពលថ្មទំហំ 600mAh នៃប្រអប់របស់វានោះវិញ វាអាចកំដរអ្នកប្រើបានដល់ទៅ 30 ម៉ោងថែមទៀតផង។ កាន់តែប្រសើរជាងមុន Redmi AirDots 3 ក៏បានប្រើប្រាស់រន្ធសាកប្រភេទ USB-C ជាមួយមុខងារសាកថ្មលឿន ហើយវាក៏មានអាវក្រោះការពារកម្រិត IPX7 ក៏ដូចជាមានមុខងារ ដែលជួយកាត់បន្ថយសម្លេងរំខាន នៅពេល Call ផងដែរ។ 

គួរបញ្ជាក់ដែរថា Redmi AirDots 3 មានជម្រើសចំនួន 3 ពណ៌ដូចជា ខ្មៅ, ស និងពណ៌ផ្កាឈូក ហើយសម្រាប់តម្លៃវិញ Xiaomi បានដាក់លក់ក្នុងតម្លៃសមរម្យមួយដែរ ពោលគឺខ្ទង់ 12 ម៉ឺនរៀល ឬ 30 ដុល្លារ មួយវិញទៀត វាក៏នឹងមានលក់ផ្លូវការក្នុងប្រទេសចិនចាប់ពីថ្ងៃទី 4 ខែក្រោយទៅតែម្ដង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង