Redmi K40 Series ចេញផ្លូវការ ដោយ K40 Pro+ ប្រើឈីប Snapdragon 888 អេក្រង់ AMOLED ជំនាន់ថ្មី កម្រិត Refresh Rate 120Hz និងកាមេរ៉ា 108MP​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចដែល Redmi បានបញ្ជាក់កាលពីជាង 2 សប្តាហ៍មុននេះអញ្ចឹងថា គេនឹងប្រកាសចេញទូរសព្ទឆ្លាតត្រកូល K ជំនាន់ថ្មីរបស់ខ្លួននៅក្នុងថ្ងៃនេះឯង ដោយត្រូវបានហៅថា Redmi K40 Series ព្រោះវាមានចំនួន 3 ម៉ូឌែលដូចជា Redmi K40, K40 Pro និង K40 Pro+។ មិនខុសទេបើតាមការបង្ហាញដោយផ្ទាល់ចេញពី Redmi មុននេះបន្តិច បានឲ្យដឹងថា ទាំង 3 ម៉ូឌែលខាងលើ វាមានការរចនារូបរាងខាងក្រៅ មិនខុសគ្នានោះទេ ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិខាងក្នុង វាមានចំណុចសំខាន់ៗខុសគ្នាច្រើនដែរ ជាពិសេសនោះគឺទៅលើប្រភេទនៃបន្ទះឈីប និងកាមេរ៉ាតែម្ដង។

• រចនាបថ និងអេក្រង់

សម្រាប់ការរចនារូបរាង ដូចបានបញ្ជាក់នៅខាងលើអញ្ចឹងថា Redmi K40, K40 Pro និង K40 Pro+ មានការរចនារូបរាងដូចគ្នាទាំងស្រុង ដោយនៅខាងមុខវាមានអេក្រង់រាបស្មើ ជាមួយលេនទំលុះអេក្រង់តូចបំផុតមួយ នៅចំកណ្ដាលផ្នែកខាងលើ ដោយវាមានទំហំត្រឹមតែ 2.76mm ប៉ុណ្ណោះ។ រីឯផ្នែកខាងក្រោយវិញ វាមានការរចនារូបរាងកញ្ចប់កាមេរ៉ាស្រដៀងនឹង Mi 11 កន្លងទៅដែរ គ្រាន់តែលើកនេះ មានលក្ខណៈវែងធ្លាក់មកក្រោមជាង មួយវិញទៀតនោះ វាក៏មានកម្រាស់ស្ដើងត្រឹម 7.8mm ទៀតផង។ ចូលទៅផ្នែកអេក្រង់របស់វា យើងឃើញថា ទាំង 3 ម៉ូឌែលខាងលើ បានប្រើប្រាស់ទំហំ 6.67 អ៊ីញជាប្រភេទអេក្រង់ AMOLED ជំនាន់ថ្មី E4 ផ្គត់ផ្គង់ដោយ Samsung ដូចគ្នា មានកម្រិតបង្ហាញ FHD+ កាន់តែប្រសើរថែមទៀត អេក្រង់របស់វានោះ ក៏មានកម្រិត Refresh Rate ដល់ 120Hz, កម្រិតពន្លឺដល់ 1,300 nits, គាំទ្រមុខងារ MEMC, HDR10+ ថែមទាំងមានកម្រិត Touch Sampling Rate ដល់ 360Hz ផងដែរ។

• កាមេរ៉ា

សម្រាប់ផ្នែកកាមេរ៉ាវិញ គឺជាចំណុចដែលវាទាំង 3 ខាងលើខុសគ្នា ពោលគឺនៅខាងក្រោយវាមានចំនួន 3 គ្រាប់ដូចគ្នា ប៉ុន្តែសម្រាប់ម៉ូឌែល Redmi K40 បានប្រើប្រាស់លេនគោលទំហំ 48MP ជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP និងមួយគ្រាប់ទៀតជាលេន Macro ទំហំ 5MP។ ខណៈពេលដែលម៉ូឌែល Pro និង Pro+ វិញ វានៅតែមានលេនទូលាយ Ultra-Wide និង Macro ដូចគ្នានឹង K40 ដែរ ប៉ុន្តែវាខុសគ្នាចំពោះលេនគោល ជាក់ស្ដែងម៉ូឌែល K40 Pro មានលេនគោលទំហំ 64MP ខណៈពេលដែលម៉ូឌែល Pro+ មានលេនគោលដល់ទៅ 108MP ជាសេនស័រជំនាន់ថ្មី HM2 របស់ Samsung ដែលត្រូវបាន Redmi អះអាងថា វាអាចធ្វើការបានកាន់តែប្រសើរជាងមុន គ្រប់កាលៈទេសៈ ជាក់ស្ដែងដូចជា ការថតនៅប្លង់ ដែលមានពន្លឺទាបជាដើម។ សម្រាប់ផ្នែកកាមេរ៉ាមុខ ដែលជាលេនទំលុះអេក្រង់តូចបំផុតនោះដែរ វាមានទំហំ 20MP ដូចៗគ្នា មិនថាម៉ូឌែល Redmi K40, K40 Pro ឬ K40 Pro+ នោះទេ។

• កម្លាំងម៉ាស៊ីន ថាមពល និងចំណុចសំខាន់ផ្សេងៗ

ចំពោះកម្លាំងម៉ាស៊ីន ក៏ជាចំណុចខុសគ្នាសំខាន់មួយដែរ ដោយ Redmi K40 មានប្រើប្រាស់ឈីប Snapdragon 870 ជាឈីបដែលធ្វើឡើងដោយផ្អែកលើស្ថាបត្យកម្មចាស់ 7nm ខណៈពេលដែលម៉ូឌែល Pro និង Pro+ វិញ វាមានប្រើប្រាស់ឈីបកំពូលចុងក្រោយ Snapdragon 888 ទំហំ 5nm តែម្ដង។ អមមកជាមួយគ្នានេះ Redmi K40 Series មានជម្រើសរ៉េមចំនួន 3 គឺទំហំ 6GB, 8GB និង 12GB ជាប្រភេទ LPDDR5 ទាំងអស់ ក៏ដូចជាមានជម្រើសអង្គផ្ទុក 2 ជម្រើសរួមមាន 128GB និង 256GB សុទ្ធតែជាប្រភេទ UFS 3.1 ដូចគ្នាដែរ។ 

សម្រាប់ថាមពលថ្ម Redmi បញ្ជាក់ថា K40 Series គឺមានទំហំ 4,520mAh ព្រមទាំងមានកម្លាំងសាកថ្មល្បឿនលឿន 33W ដូចគ្នា។ ក្រៅពីការរៀបរាប់ខាងលើនេះ វាក៏មានចំណុចសំខាន់ជាច្រើនផ្សេងទៀតដែរ ជាក់ស្ដែងដូចជា វាអាចគាំទ្រ 5G បានដូចគ្នា, មានបំពាក់ជាមួយ Speaker ពីរគ្រាប់ គាំទ្រមុខងារ Dolby Atmos, ទទួលបានចំណាត់ថ្នាក់អេក្រង់ A+ ពី Display Mate, គាំទ្រ WiFi 6 ហើយកាន់តែពិសេសនោះ សម្រាប់ម៉ូឌែល Redmi K40 Pro និង K40 Pro+ ក៏មានភ្ជាប់មកជាមួយអាវក្រោះការពារកម្រិតស្រាល IP53 ផងដែរ។

• តម្លៃ

មុននឹងចូលដល់តម្លៃ យើងក៏សូមបញ្ជាក់ពីជម្រើសពណ៌របស់បន្តិចដែរ និយាយឲ្យចំទៅសម្រាប់ម៉ូឌែល K40 និង K40 Pro មានចំនួន 3 ជម្រើសពណ៌រួមមាន ពណ៌ស, ខៀវ និងពណ៌ខ្មៅ ប៉ុន្តែពណ៌ខ្មៅនៅលើម៉ូឌែល Pro គឺមានស្ទីលម៉ូតខុសពីម៉ូឌែលធម្មតា។ ខណៈពេលម៉ូឌែល Pro+ វិញ វាមិនមានជម្រើសពណ៌ច្រើននោះទេ ពោលគឺមានតែពណ៌ខ្មៅ ដែលមានទម្រង់ម៉ូតដូចគ្នានឹង K40 Pro ដែរ។ ចុងក្រោយទៅលើតម្លៃរបស់ Redmi K40 Series គឺថានៅក្នុងទីផ្សារចិន ត្រូវបានគេបែងចែកជាច្រើនប្រភេទ ក្នុងមួយម៉ូឌែលៗ ប៉ុន្តែយើងនឹងលើកយកតែតម្លៃចាប់ផ្តើមមកនិយាយប៉ុណ្ណោះ ជាក់ស្ដែងមានដូចជា៖

   • Redmi K40 ម៉ូឌែលមានរ៉េមទំហំ 6GB និងអង្គផ្ទុក 128GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១ លាន ២៣ ម៉ឺនរៀល ឬ 309 ដុល្លារឡើងទៅ

   • Redmi K40 Pro ម៉ូឌែលដែលមានរ៉េមទំហំ 6GB និងអង្គផ្ទុក 128GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១ លាន ៧៣ ម៉ឺនរៀល ឬ 434 ដុល្លារឡើងទៅ

   • រីឯ Redmi K40 Pro+ មានជម្រើសតែមួយប៉ុណ្ណោះ ដោយមានរ៉េមទំហំ 12GB និងអង្គផ្ទុក 256GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ២ លាន ២៩ ម៉ឺនរៀល  ឬ 573 ដុល្លារ។

ដោយ​ ៖ Redmi
អត្ថបទទាក់ទង