នេះជារូបភាពគំរូរបស់ទូរសព្ទឆ្លាតជំនាន់ថ្មី Google Pixel 5a ទើបតែបែកធ្លាយ​
ដោយ​ ៖ មុនិនាថ | 4 ថ្ងៃមុន SHARE

 

បើគិតទៅ Google បានបញ្ចេញទូរសព្ទលំដាប់មធ្យមរបស់ខ្លួនបាន 2 ជំនាន់រួចមកហើយ ដោយដំបូងគឺ Pixel 3a និងចុងក្រោយគឺ Pixel 4a ដែលចេញកាលពីឆ្នាំមុនកន្លងទៅនេះ។ ដោយឡែកនៅក្នុងថ្ងៃនេះ ក៏មាននូវរូបភាពគំរូដែលបង្ហាញពីរូបរាងស្ទើរតែទាំងស្រុងរបស់ Pixel 5a ដែល Google អាចនឹងបញ្ចេញនាពេលខាងមុខនេះ។

ជាការពិតណាស់ តាមរយៈរូបភាពគំរូរបស់ Google Pixel 5a ដែលបង្ហោះនៅលើគណនី Twitter របស់លោក Steve Hemmerstoffer (@OnLeaks) បានបង្ហាញថា វាមិនសូវមានអ្វីកែប្រែច្រើននោះទេ បើប្រៀបធៀបជាមួយនឹង Google Pixel 4a 5G ដែលចេញកាលពីឆ្នាំមុនកន្លងទៅ។ យ៉ាងណាមិញ បើយោងទៅតាមរូបភាពគំរូខាងលើបានឲ្យឃើញថា Pixel 5a មានអេក្រង់រាបស្មើរ និងអាចមានទំហំ 6.2 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ដោយប្រើប្រាស់បន្ទះបង្ហាញជាប្រភេទ OLED ជាមួយនឹងកាមេរ៉ាមុខមួយគ្រាប់ ជាប្រភេទលេនទំលុះអេក្រង់។ ចំណែកឯផ្នែកខាងក្រោយវិញ យើងឃើញមានទម្រង់កាមេរ៉ាមានលក្ខណៈបួនជ្រុង នៅចំហៀងខាងស្តាំ ផ្នែកខាងលើ ដែលក្នុងនោះមានលេនកាមេរ៉ាចំនួន 2 គ្រាប់ និងភ្លើង Flash LED ចំនួនមួយគ្រាប់ផងដែរ ហើយវាក៏មានសេនស័រស្កេនស្នាមម្រាមដៃនៅចំកណ្តាល ផ្នែកខាងក្រោយ។ ដូច្នេះមានន័យថា វាមិនប្រើប្រាស់សេនស័រស្កេនស្នាមម្រាមដៃក្រោមអេក្រង់នោះទេ។ បន្ថែមពីនេះទៅទៀត យើងក៏ឃើញមានរន្ធដោតកាសនៅផ្នែកខាងលើ រីឯផ្នែកខាងក្រោមគឺមាន Speaker បំពងសំឡេង និងរន្ធសម្រាប់សាកថ្មជា USB-C ជាដើម។

សរុបមកវិញ ទាំងនេះគ្រាន់តែជាលក្ខណៈសម្បត្តិខ្លះៗ ដែលរៀយរាប់ពីរូបរាងខាងក្រៅរបស់ Pixel 5a សិនតែប៉ុណ្ណោះ។ ចំណែកឯ លក្ខណៈសម្បត្តិផ្នែកខាងក្នុងរបស់វាពេញលេញ យើងនៅមិនទាន់បានដឹងទេថា វាប្រើប្រាស់បន្ទះឈីបអ្វី ឬកាមេរ៉ាប្រភេទអ្វីនៅឡើយទេ។

ដោយ​ ៖ OnLeaks
អត្ថបទទាក់ទង