OPPO ដាក់បង្ហាញបច្ចេកវិទ្យា Wireless Air Charging អាចសាកថ្មទូរសព្ទឆ្លាតដោយស្វ័យប្រវត្តិ និងមិនត្រូវការខ្សែអ្វីទាំងអស់​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

ទីបំផុតបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មី ដែលក្រុមហ៊ុន OPPO ធ្លាប់បានបង្ហើបឲ្យយើងបានដឹងកាលពីពេលកន្លង ត្រូវបានដាក់បង្ហាញជាផ្លូវការហើយ។ ជាការពិតណាស់ នៅក្នុងព្រឹត្តិការណ៍សមាជឧបករណ៍ចល័ត (MWC Shanghai 2021) ដែលបានចាប់ផ្តើមធ្វើឡើងនៅក្នុងថ្ងៃនេះ OPPO បានដាក់បង្ហាញបច្ចេកវិទ្យាថ្មី Wireless Air Charging របស់ខ្លួនឲ្យមហាជនបានឃើញជាលើកដំបូង។

តាមរយៈវីដេអូដែលបង្ហោះនៅលើគណនីបណ្តាញសង្គម Weibo ក៏ដូចជា Twitter ផ្លូវការរបស់ OPPO នោះ បានធ្វើឲ្យយើងដឹងថា បច្ចេកវិទ្យា Wireless Air Charging របស់ OPPO គឺមានរបៀបសាកថ្មស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យា Mi Air Charge របស់ Xiaomi និង Motorola One Hyper របស់ Motorola អញ្ចឹងដែរ។ ដោយវាមានសមត្ថភាពអាចធ្វើការសាកថ្មទៅឲ្យទូរសព្ទឆ្លាត ដោយមិនត្រូវការប្រើខ្សែ ឬឆ្នាំងសាកឥតខ្សែអ្វីទាំងអស់ មិនថាទូរសព្ទឆ្លាតនោះកំពុងតែត្រូវបានប្រើប្រាស់ក៏ដោយ។ យ៉ាងណាក៏ដោយ វាអាចសាកបញ្ចូលថ្មទៅបាន លុះត្រាតែទូរសព្ទឆ្លាតនោះ ស្ថិតក្នុងតំបន់មួយ ដែលឧបករណ៍បញ្ជូនថាមពលអាចបញ្ជូនទៅដល់។ ផ្អែកទៅតាមដំណឹងដែលទទួលបាន បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា បច្ចេកវិទ្យា Wireless Air Charging មានសមត្ថភាពអាចសាកបញ្ចូលថាមពលថ្មក្នុងកម្លាំង 7.5W។

ខណៈពេលនេះ OPPO មិនបានបញ្ជាក់ឲ្យយើងដឹងទេ ថាតើឧបករណ៍បញ្ជូនថាមពល ដែលគេប្រើសម្រាប់សាកថ្មទៅឲ្យទូរសព្ទឆ្លាត អាចបញ្ជូនថាមពលក្នុងរយៈចម្ងាយប៉ុន្មានម៉ែត្រនោះទេ។ ជាងនេះទៅទៀត OPPO ក៏មិនបានបញ្ជាក់ឲ្យយើងបានដឹង ថាតើបច្ចេកវិទ្យា Wireless Air Charging របស់ពួកគេ អាចសាកបញ្ចូលថាមពលទៅឲ្យឧបករណ៍ប៉ុន្មានក្នុងពេលតែមួយនោះទេ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹង បច្ចេកវិទ្យា Wireless Air Charging របស់ OPPO យើងមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

ដោយ​ ៖ OPPO
អត្ថបទទាក់ទង