ទូរសព្ទឆ្លាតរបស់ Samsung ដែលចេញចាប់ពីឆ្នាំ 2019 មក នឹងទទួលបានកំណែអាប់ដេតផ្នែកសុវត្ថិភាពដល់ទៅ 4 ឆ្នាំឯណោះ​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

ដូចយើងបានដឹងហើយថា កាលពីក្នុងឆ្នាំមុននេះ Samsung បានចាប់ផ្តើមអនុវត្តវិធានការថ្មីរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្តថែមទៀត នោះគឺគេចាប់ផ្តើមអនុញ្ញាតឲ្យទូរសព្ទឆ្លាតរបស់ខ្លួន អាចធ្វើការអាប់ដេតទៅកាន់ OS ថ្មីបានដល់ទៅ 3 ឆ្នាំ ថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះវិញ Samsung បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនបន្ថែមទៀត ទៅកាន់អ្នកប្រើប្រាស់ ពោលគឺក្រុមហ៊ុននេះ បានប្រកាសថា ទូរសព្ទឆ្លាតជាច្រើនម៉ូឌែលរបស់គេ នឹងទទួលបានកំណែអាប់ដេតផ្នែកសុវត្ថិភាព ដល់ទៅ 4 ឆ្នាំឯណោះ។ 

ជាការពិតណាស់ បើតាមការបង្ហាញចេញពី Samsung ផ្ទាល់បានឲ្យដឹងថា ចាប់ពីពេលនេះទៅ ពួកគេនឹងអនុញ្ញាតឲ្យទូរសព្ទឆ្លាត និងថេប្លេតរបស់ខ្លួន ដែលចេញចាប់ពីឆ្នាំ 2019 មក ទទួលបានកំណែអាប់ដេតផ្នែកសុវត្ថិភាពដល់ទៅ 4 ឆ្នាំថែមទៀតផង។ មិនខុសទេ អ្នកប្រើប្រាស់ទូរសព្ទឆ្លាត ឬថេប្លេតរបស់ Samsung ដែលចេញកាលពីឆ្នាំ 2019 នឹងទទួលបានទាំងអស់គ្នា មិនថាទូរសព្ទឆ្លាតលំដាប់ថវិកាត្រកូល A ឬត្រកូល M នោះទេ។ បើនិយាយឲ្យស្រួលទៅ សម្រាប់ត្រកូល S គឺចាប់ពី Galaxy S10 Series ឡើងទៅ នឹងទទួលបានការកែទម្រង់ថ្មីនោះ ខណៈពេលដែលត្រកូល Note គឺចាប់ពី Galaxy Note 10 ឡើងទៅ រីឯត្រកូល A នឹងទទួលបានចាប់ពីម៉ូឌែល Galaxy A10 ឡើងទៅ ហើយសម្រាប់ថេប្លេតវិញ គឺមានម៉ូឌែលដូចជា Galaxy Tab Active Pro, Tab Active3, Tab A 8 (2019), Tab A with S Pen, Tab A 8.4 (2020), Tab A7 ក៏ដូចជា Tab S5e ឡើងទៅផងដែរ។

គួរបញ្ជាក់ដែរថា ការកែប្រែថ្មីរបស់ Samsung ខាងលើ គឺជាកំណែអាប់ដេតផ្នែកសុវត្ថិភាពប៉ុណ្ណោះ មិនមែនផ្នែកប្រព័ន្ធប្រតិបត្តិការនោះទេ ហេតុដូច្នេះអាចនិយាយបានថា ទូរសព្ទឆ្លាតរបស់គេ នៅតែទទួលបានកំណែអាប់ដេត OS រយៈពេល 3 ឆ្នាំ ដូចដែលធ្លាប់បង្ហាញកាលពីចុងឆ្នាំមុនអញ្ចឹង ប៉ុន្តែទូរសព្ទឆ្លាតទាំងនោះ ក៏នឹងទទួលបានកំណែអាប់ដេតផ្នែកសុវត្ថិភាពដល់ទៅ 4 ឆ្នាំផងដែរ។ អញ្ចឹងហើយនេះជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទឆ្លាតរបស់ Samsung ចាប់ពីឆ្នាំ 2019 មក ព្រោះថាក្រុមហ៊ុននេះ នៅតែបន្តយកចិត្តទុកដាក់ លើផ្នែកសុវត្ថិភាពដល់អ្នកប្រើប្រាស់ ទូរសព្ទឆ្លាតចាស់ៗរបស់ខ្លួន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង