Huawei Mate X2 ត្រូវបានប្រកាសចេញផ្លូវការ ជាមួយស្ទីលបត់អេក្រង់ចូលក្នុង ប្រើឈីបកំពូល Kirin 9000 និងមានតម្លៃខ្ទង់ ១១ លាន ១៤ ម៉ឺនរៀល ឬ 2,785 ដុល្លារឡើងទៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

ប្រមាណជាជាង 2 សប្តាហ៍មុន Huawei បានបង្ហើបថា ពួកគេនឹងប្រកាសចេញទូរសព្ទឆ្លាតអេក្រង់បត់លំដាប់កំពូល Mate X2 របស់ខ្លួន នៅក្នុងថ្ងៃនេះឯង ដោយក្នុងនោះ ក៏មានការបង្ហាញពីរូបភាព Poster មួយចំនួន ដែលបញ្ជាក់ថា ទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ មានប្រើប្រាស់ស្ទីលបត់ចូលក្នុងវិញ។ ដោយឡែក នៅក្នុងពេលមុននេះ Huawei ពិតជាបានប្រកាសចេញ Mate X2 ជាផ្លូវការមែន តាមរយៈការផ្សាយលើឆានែល YouTube របស់គេ ហើយអ្វីដែលប្លែកនោះគឺថា ទូរសព្ទឆ្លាតអេក្រង់ជំនាន់ក្រោយរបស់ក្រុមហ៊ុនខាងលើ ពិតជាមានស្ទីលបត់អេក្រង់ផ្ទុយពី Huawei Mate X និង Mate XS កន្លងទៅមែន។

ពិតណាស់ ដើម្បីងាយស្រួលក្នុងការស្វែងយល់ពីទូរសព្ទឆ្លាតអេក្រង់បត់ Huawei Mate X2 ជំនាន់ថ្មីនោះ យើងនឹងធ្វើការរៀបរាប់ពីចំណុចសំខាន់ៗរបស់វា ទៅតាមផ្នែកដូចខាងក្រោមនេះ៖

• ការរចនារូបរាង

ដូចដែលប្រិយមិត្តបានឃើញអញ្ចឹង ការរចនារូបរាងរបស់ Huawei Mate X2 លើកនេះ គឺហាក់ដូចជាមិនសូវបន្សល់ទុកអត្តសញ្ញាណពី Mate X លើកមុនប៉ុន្មានឡើយ ដោយចំណុចសំខាន់នៃភាពខុសប្លែកនោះ គឺដោយសារតែវាបានមានលក្ខណៈបត់អេក្រង់ចូលក្នុង ស្រដៀងនឹងអ្វីដែល Samsung ធ្លាប់ធ្វើការទូរសព្ទឆ្លាតអេក្រង់បត់របស់គេ តាំងពីដំបូងមកដែរ។ ដោយសារតែប្រើការបត់ចូលក្នុង ដូច្នេះលើកនេះ យើងទទួលបានអេក្រង់ដាច់ដោយឡែកមួយទៀត នៅខាងក្រៅ សម្រាប់ប្រើប្រាស់លើការងារទូទៅ ពេលដែលអេក្រង់ធំខាងក្នុងត្រូវបានបត់ ពោលគឺខុសពីនៅលើ Mate X និង Mate XS កន្លងទៅ ដែលមានអេក្រង់តែមួយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្រាប់ផ្នែកខាងក្រោយរបស់វា ឃើញមានកញ្ចប់កាមេរ៉ារាងចតុកោណបញ្ឈរស្រដៀង Huawei P40 Series ដែរ ខណៈពេលដែលខាងមុខ ផ្នែកអេក្រង់តូចនោះវិញ គឺមានបំពាក់កាមេរ៉ាមួយគ្រាប់ ជាលេនទំលុះអេក្រង់ទ្រវែងផ្នែកខាងឆ្វេង ហើយវាមិនមានកាមេរ៉ាមុខ នៅផ្នែកអេក្រង់ខាងក្នុងឡើយ។

• អេក្រង់

សម្រាប់ផ្នែកអេក្រង់ នៅខាងក្នុងវាមានទំហំធំ 8 អ៊ីញ ប្រភេទ OLED ប្រើកម្រិតសមាមាត្រ 8:7.1 អាចបង្ហាញរូបភាពក្នុងកម្រិត 2480 × 2200 ភិចសែល ជាមួយដង់ស៊ីតេ 413 ppi លើសពីនេះ វាក៏មានកម្រិតប៉ះបញ្ជា 180Hz ផងដែរ។ ខណៈពេលដែលអេក្រង់ខាងក្រៅវិញ Huawei បានប្រើប្រាស់អេក្រង់ OLED ដូចគ្នា ដែលមានទំហំ 6.45 អ៊ីញ កម្រិតសមាមាត្រ 21:9 ជាមួយកម្រិតបង្ហាញរូបភាពក្នុងកម្រិត 2700 × 1160 ភិចសែល លើសពីនេះបន្ទះអេក្រង់នេះ ក៏មានដង់ស៊ីតេ 456 ppi ព្រមទាំងកម្រិតប៉ះបញ្ជាដល់ទៅ 240Hz ហើយចំណុចសំខាន់នោះ គឺទាំងអេក្រង់ខាងក្រៅ និងខាងក្នុងរបស់ Mate X2 គឺសុទ្ធតែមានកម្រិត Refresh Rate 90Hz ដូចគ្នា។ មិនទាន់អស់ពីផ្នែកអេក្រង់ទេ ព្រោះថា Huawei អះអាងពីបច្ចេកវិទ្យាថ្មី ដែលគេបំបាក់លើអេក្រង់ដែរ ជាក់ស្ដែងគឺអេក្រង់របស់ Mate X2 បានបំពាក់មកជាមួយបច្ចេកវិទ្យា ដែលជួយកាត់បន្ថយនូវកម្រិតនៃការចាំងផ្លាតពន្លឺ ដោយគេប្រាប់ថា វាអាចជួយកាត់បន្ថយការចាំងផ្លាតនៃពន្លឺ ឲ្យនៅទាបជាង 1.5% ដើម្បីជួយកាត់បន្ថយការប៉ះពាល់ភ្នែក ក៏ដូចជាជួយឲ្យអ្នកប្រើមើលឃើញច្បាស់ល្អ ពេលប្រើនៅក្នុងមជ្ឈដ្ឋាន ដែលមានពន្លឺផ្លាត។

ទន្ទឹមគ្នានោះដែរ ក្រុមហ៊ុនចិនខាងលើបានបន្ថែមថា Huawei Mate X2 បានបំពាក់មកជាមួយគន្លាក់បត់ថ្មី ដែលត្រូវបានគេហៅថា Multi-Dimensional Hinge Design ដោយគន្លាក់បត់ថ្មីនេះ វាពិតជាមានសារៈសំខាន់មែនទែន ពោលគឺជួយធ្វើឲ្យគម្លាតតួខ្លួនទាំងសងខាង របស់ទូរសព្ទឆ្លាតខាងលើ ស្ថិតនៅស្ទើរតែកឹបគ្នាទៅហើយ មានន័យថា នៅពេលបត់ទៅ គន្លាក់បត់នោះជួយឲ្យវាមានប្រហោង នៅប្រលោះអេក្រង់ត្រង់គន្លាក់បត់ កាន់តែស្ថិតនៅកៀកគ្នាខ្លាំងថែមទៀត។ យ៉ាងណាក៏ដោយ ហេតុផលសំខាន់ធ្វើឲ្យតួខ្លួនសងខាងស្ថិតនៅកៀកគ្នាបានល្អ គឺដោយសារតែ Huawei បានធ្វើឲ្យគន្លាក់បត់នៃអេក្រង់នោះ មានរាងជាដំណក់ទឹក នៅពេលដែលស្ថិតក្នុងស្ថានភាពបត់ ហើយកាន់តែពិសេសនោះ បច្ចេកវិទ្យារបស់ Huawei នេះ ក៏បានជួយកាត់បន្ថយបញ្ហាស្នាមឆ្នូត នៅត្រង់គន្លាក់បត់នៃអេក្រង់បានយ៉ាងប្រសើរផងដែរ។

• កាមេរ៉ា

ចំពោះផ្នែកកាមេរ៉ា នៅផ្នែកខាងក្រោយ Huawei Mate X2 គឺមានសេនស័រកាមេរ៉ាចំនួន 4 គ្រាប់ ដោយក្នុងនោះលេនគោលមានទំហំ 50MP, ជាមួយលេន Periscope មួយគ្រាប់ទំហំ 8MP អាចធ្វើការពង្រីកបែប Optical បានដល់ 10 ដង ក៏ដូចជាមានលេន Telephotos ទំហំ 12MP មួយគ្រាប់ផ្សេងទៀត អាចធ្វើការពង្រីកបែប Optical បាន 3 ដង និងចុងក្រោយគឺជាលេនទូលាយ Ultra-Wide ទំហំ 16MP ហើយកញ្ចប់កាមេរ៉ាក្រោយរបស់វានេះដែរ អាចធ្វើការពង្រីកខ្ពស់បំផុតបានដល់ 100 ដងផងដែរ។ សម្រាប់កាមេរ៉ាខាងមុខវិញ វាមានមួយគ្រាប់ទំហំ 16MP និងដូចបានបញ្ជាក់នៅខាងលើអញ្ចឹងថា វាមិនបានបំពាក់កាមេរ៉ាមុខ នៅផ្នែកអេក្រង់ខាងក្នុងឡើយ។ ទៅលើគុណភាពកាមេរ៉ាទាំងនេះដែរ Huawei បានបញ្ជាក់ថា ពួកគេបាននាំយកកាមេរ៉ាលំដាប់កំពូល មកបំពាក់លើទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួន ដែលធ្វើឲ្យកាមេរ៉ានីមួយៗដំណើរការបានប្រសើរ ជាក់ស្ដែងដូចជាការថតពេលយប់ ក៏ដូចជាមុខងារថតផ្សេងៗទៀត។

• កម្លាំងម៉ាស៊ីន ថាមពលថ្ម និងតម្លៃ

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន មិនខុសពីដំណឹងលេចធ្លាយកន្លងមកឡើយ Huawei Mate X2 បានប្រើប្រាស់ឈីបកំពូល Kirin 9000 ដែលអាចគាំទ្រ 5G បាន ក៏ដូចជាមានបំពាក់រ៉េមទំហំ 8GB និងមានជម្រើសអង្គផ្ទុក 2 ប្រភេទដូចជា 256GB និង 512GB ហ្នឹងឯង។ Huawei ក៏បានធ្វើការដុសខាត់ផ្នែក Software ផ្សេងៗ ឲ្យដំណើរការបាននៅលើទូរសព្ទឆ្លាតអេក្រង់ធំរបស់ខ្លួន បានកាន់តែប្រសើរ ជាពិសេសគឺការប្រើប្រាស់មុខងារ Multi-Window តែម្ដង។ ចំពោះថាមពលថ្មវិញ វាបានបំពាក់ថ្មទំហំ 4,500mAh ជាមួយមុខងារសាកថ្មល្បឿនលឿនកម្លាំង 55W ហើយសម្រាប់ចំណុចសំខាន់ផ្សេងៗទៀតគឺថា វាក៏មានភ្ជាប់មកជាមួយ Speaker ចំនួនពីរគ្រាប់ នៅផ្នែកខាងលើ និងខាងក្រោម លើសពីនេះ វាក៏មានរន្ធដាក់ស៊ីមបានពីរ ក៏ដូចជាបានដំណើរការដោយ EMUI 11.0 ថ្មី ស្រោបពីលើ Android 10 ផងដែរ។ 

Huawei ក៏បានបង្ហាញពីតម្លៃ ដែលគេនឹងដាក់លក់ទូរសព្ទឆ្លាតខាងលើដែរ ប៉ុន្តែក្នុងពេលនេះ បានបង្ហាញតែសម្រាប់ទីផ្សារចិនប៉ុណ្ណោះ និយាយឲ្យចំទៅ តម្លៃរបស់វាគឺត្រូវបានបែងចែកជាពីរជម្រើសដូចជា៖

• ចំពោះម៉ូឌែលមានអង្គផ្ទុក 256GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១១ លាន ១៤ ម៉ឺនរៀល ឬ 2,785 ដុល្លារ

• ចំពោះម៉ូឌែលមានអង្គផ្ទុក 512GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១១ លាន ៧៦ ម៉ឺនរៀល ឬ 2,940 ដុល្លារ។

ដោយ​ ៖ Huawei
អត្ថបទទាក់ទង