ទូរសព្ទជំនាន់ថ្មី vivo S9 នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2021 ខាងមុខ​
ដោយ​ ៖ មុនិនាថ | 5 ថ្ងៃមុន SHARE

 

កាលពីមួយសប្តាហ៍មុន យើងធ្លាប់បានឃើញផ្ទាំងរូបភាព Poster បែកធ្លាយដែលបង្ហាញពីរូបរាងផ្នែកខាងក្រោយរបស់ទូរសព្ទជំនាន់ថ្មី vivo S9 រួចមកហើយ។ ដោយឡែក ថ្មីៗនេះ vivo បញ្ចេញនូវវីដេអូថ្មីមួយ ដែលបង្ហាញឲ្យយើងដឹងថា ទូរសព្ទជំនាន់ថ្មី vivo S9 នឹងត្រូវប្រកាសចេញជាផ្លូវការ នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ជាការពិតណាស់ តាមរយៈគណនីបណ្តាញសង្គម Weibo របស់ vivo យើងបានប្រទះឃើញវីដេអូ ក៏ដូចជារូបភាពរបស់តារាចម្រៀងស្រីដ៏ល្បីម្នាក់ដែលជាសមាជិកក្នុងក្រុម BLACKPINK គឺ Lisa បានកាន់ទូរសព្ទ vivo S9 អមមកជាមួយកាលបរិច្ឆេទប្រកាសចេញរបស់វាផងដែរ។ តាមរយៈវីដេអូដែលបង្ហោះដោយ vivo ផ្ទាល់ បានបង្ហាញឲ្យយើងដឹងថា vivo S9 បានផ្តោតសំខាន់ទៅលើផ្នែកកាមេរ៉ាមុខច្រើន ដោយវាមិនសូវផ្តោតទៅលើកាមេរ៉ាផ្នែកខាងក្រោយដូចកាលជំនាន់ vivo S7 ប៉ុន្មាននោះទេ។ បើយោងទៅតាមព័ត៌មានបែកធ្លាយកន្លងមក បានបង្ហាញថា vivo S9 អាចនឹងប្រើប្រាស់ឈីបជំនាន់ថ្មី MediaTek Dimensity 1100 ទំហំ 6nm។ ជាមួយគ្នានេះ vivo ក៏អាចនឹងបញ្ចេញបងប្អូនរបស់វាមួយទៀតដែរ ដោយវាអាចនឹងមានឈ្មោះថា vivo S9e ដែលប្រើប្រាស់ត្រឹមបន្ទះឈីប MediaTek Dimensity 820 តែប៉ុណ្ណោះ។ បើនិយាយដល់ផ្នែកអេក្រង់វិញ vivo S9 អាចនឹងមានទំហំអេក្រង់ 6.4 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ (2400 x 1080 ភិចស៊ែល) ជាមួយនឹងល្បឿនអេក្រង់ 90Hz និងអាចមកជាមួយថ្មទំហំ 4,000mAh ទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ផងដែរ។

សរុបមកវិញ vivo S9 នឹងត្រូវប្រកាសចេញនៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិន។ យ៉ាងណាក៏ដោយ យើងនឹងចាំមើលទាំងអស់គ្នាថា vivo នឹងកែប្រែអ្វីខ្លះនៅលើ vivo S9 នេះឲ្យមើលទៅទាក់ទាញ និងខុសប្លែកពី vivo S7 ដែលចេញកាលពីឆ្នាំមុន។

ដោយ​ ៖ vivo
អត្ថបទទាក់ទង