គិតយ៉ាងណាដែរ បើកាសឥតខ្សែ AirPods ជំនាន់ទី 3 មានរចនាបថរូបរាងបែបនេះ?​
ដោយ​ ៖ ឈីរ៉ូ | 5 ថ្ងៃមុន SHARE

 

Apple ត្រូវបានប្រភពល្បីៗជាច្រើនរាយការណ៍មកថា នឹងប្រកាសចេញកាសឥតខ្សែ AirPods ជំនាន់ទី 3 និង AirPods Pro ជំនាន់ទី 2 នៅក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2021 នេះ។ ជាមួយគ្នានេះដែរ AirPods ជំនាន់ទី 3 ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានរចនាបថស្រដៀងគ្នាទៅនឹង AirPods Pro ជំនាន់ទី 1 ផងដែរ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ 52audio យើងបានប្រទះឃើញរូបភាពថ្មី ដែលត្រូវបានគេអះអាងថាគឺជា AirPods ជំនាន់ទី 3។

ផ្អែកទៅលើរូបភាពបែកធ្លាយថ្មីនេះ បានធ្វើឲ្យយើងដឹងថា កាសឥតខ្សែ AirPods ជំនាន់ទី 3 អាចនឹងមានរចនាបថស្រដៀងគ្នាទៅនឹង AirPods Pro ជំនាន់ទី 1 មែន។ ដោយវានឹងភ្ជាប់មកជាមួយឆ្នុកជ័រ (Silicon) ពណ៌សនៅផ្នែកខាងចុងនៃក្បាលកាស ក៏ដូចជាមានប្រវែងដងកាសខ្លីជាងមុនផងដែរ។ តាមរយៈរូបភាពបែកធ្លាយដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា សូម្បីតែប្រអប់ទុកសម្រាប់ដាក់កាស និងសាកបញ្ចូលថ្មរបស់ AirPods ជំនាន់ទី 3 ក៏អាចនឹងមានរចនាបថរូបរាងស្រដៀងគ្នាទៅនឹង AirPods Pro ជំនាន់ទី 1 ផងដែរ។ ដោយទទឹងរបស់វានឹងមានប្រវែងវែងជាងមុន ខណៈដែលបណ្តោយរបស់វានឹងមានប្រវែងខ្លីជាងមុន។

ថ្វីត្បិតតែ AirPods ជំនាន់ទី 3 អាចនឹងមានរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹង AirPod Pro ក៏ពិតមែន ប៉ុន្តែវាអាចនឹងមិនភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់សម្លេងរំខាន (Active Noise Cancelling) និងមុខងារ Transparency នោះទេ។ ទន្ទឹមគ្នានេះ AirPods ជំនាន់ទី 3 ក៏ត្រូវរំពឹងទៀតថា អាចនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ 200 ដុល្លារ ក៏ដូចជានឹងត្រូវប្រកាសចេញជាផ្លូវការ តំណាលគ្នាជាមួយ iPad Pro ឆ្នាំ 2021 ផងដែរ។

ដោយ​ ៖ 52audio
អត្ថបទទាក់ទង