ពេលនេះ YouTube លើ Android អនុញ្ញាតឲ្យបើកមើលគុណភាព 4K បាន ទោះបីជាមានអេក្រង់ត្រឹម FHD ក៏ដោយ​
ដោយ​ ៖ ឡេង | 5 ថ្ងៃមុន SHARE

 

Google បានធ្វើការអាប់ដេតកម្មវិធី YouTube នៅលើប្រព័ន្ធប្រតិបត្តិការ Android កាលពីពេលថ្មីៗនេះ ជាមួយនឹងការអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ទាំងឡាយណា ដែលមានអេក្រង់គុណភាព Full HD 1080 អាចបើកទស្សនាជាមួយគុណភាព 4K UHD បានផងដែរ។ នេះគឺជាមុខងារមួយ ដែលធ្លាប់តែឃើញមាននៅលើ iOS ពីមុនៗមក ប៉ុន្ដែវាបានមកដល់លើឧបករណ៍ Android ជាផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ។

វាមិនត្រឹមតែគុណភាព 4K UHD ធម្មតានោះទេ ដោយឡែក ព្រមទាំងរួមជាមួយល្បឿន 60Hz រលូនថែមទៀតផង សម្រាប់វីដេអូលើ YouTube ទាំងអស់ ដែលបានបង្ហោះជាមួយ គុណភាពវីដេអូប្រភេទមួយនោះ។ ជាការពិតណាស់ ប្រសិនបើឧបករណ៍ Android មានអេក្រង់ត្រឹម Full HD ហើយយកទៅចាក់វីដេអូ 4K នោះវាក៏មិនទទួលបាន បទពិសោធន៍ល្អពេញលេញ ដូចជាអេក្រង់គុណភាព 4K ពិតនោះទេ ប៉ុន្ដែវាក៏គួរតែគ្រាន់បើបន្ដិច នៅពេលយកទៅប្រៀបធៀបជាមួយ វីដេអូគុណភាព Full HD ធម្មតា។ លើសពីនេះ សម្រាប់ឧបករណ៍ Android ដែលមានអេក្រង់ Full HD ឬ QHD រួមជាមួយបច្ចេកវិទ្យា HDR ក៏អាចមានសមត្ថភាព ក្នុងការទស្សនាវីដេអូគុណភាព 4K ក្នុងកម្រិត HDR ដូចគ្នា។

ចំពោះប្រិយមិត្តអ្នកទាំងអស់គ្នា ដែលកំពុងតែប្រើប្រាស់ឧបករណ៍ Android ជាមួយបន្ទះអេក្រង់គុណភាពក្រោម 4K គឺអាចធ្វើការសាកល្បងចូលទៅកាន់កម្មវិធី YouTube និងស្វែងរកវីដេអូ 4K មួយ ដើម្បីយកមកចាក់តេស្ដដោយផ្ទាល់បាន។ ចំណែកឯអ្នកដែលនៅមិនទាន់ឃើញមាន ជម្រើសឲ្យទស្សនាវីដេអូ 4K បានដដែល នោះគឺអាចចូលទៅអាប់ដេតនៅក្នុង Play Store សិន ឬក៏រង់ចាំមួយរយៈពេលទៀត។

ដោយ​ ៖ YouTube
អត្ថបទទាក់ទង