ទូរសព្ទហ្គេម Nubia Red Magic 6 នឹងភ្ជាប់មកជាមួយឆ្នាំងសាកកម្លាំង 120W នៅក្នុងប្រអប់ស្រាប់តែម្តង​
ដោយ​ ៖ ឈីរ៉ូ | 5 ថ្ងៃមុន SHARE

 

កាលពីចុងសប្តាហ៍មុន Nubia បានបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា ទូរសព្ទហ្គេមជំនាន់ថ្មី Red Magic 6 នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2021 ខាងមុខ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់ខ្លួន លោក Ni Fei ត្រូវជានាយកប្រតិបត្តិរបស់ Nubia បានបង្ហោះរូបភាព Poster ថ្មីមួយសន្លឹក ដែលបញ្ជាក់ឲ្យយើងដឹងថា Nubia Red Magic 6 នឹងភ្ជាប់មកជាមួយឆ្នាំងសាកកម្លាំង 120W នៅក្នុងប្រអប់ស្រាប់តែម្តង។

លើសពីនេះ លោក Ni Fei ក៏បានបង្ហើបឲ្យយើងបានដឹងបន្ថែមទៀតថា ឆ្នាំងសាកកម្លាំង 120W ដែលមាននៅក្នុងប្រអប់វេចខ្ចប់របស់ទូរសព្ទហ្គេមជំនាន់ថ្មី Nubia Red Magic 6 នឹងមានសមត្ថភាពអាចសាកបញ្ចូលថាមពលថ្មទំហំ 4,500mAh ពី 0 ដល់ 50% ចំណាយពេលខ្ទង់ប្រហែលជា 5 នាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ Nubia Red Magic 6 ក៏នឹងបំពាក់មកជាមួយប្រព័ន្ធកាត់បន្ថយកម្តៅ (Cooling System) ដែលមានសមត្ថភាពធ្វើការបានល្អប្រសើរជាងមុនផងដែរ។ ទន្ទឹមនឹងនេះ Red Magic 6 ក៏អាចនឹងភ្ជាប់មកជាមួយកូនកង្ហារ ប្រើសម្រាប់ជំនួយទៅដល់ Cooling System របស់វាថែមមួយកម្រិតទៀតផងដែរ។

ជាងនេះទៅទៀត ទូរសព្ទហ្គេមជំនាន់ថ្មី Red Magic 6 ក៏អាចនឹងបង្ហាញខ្លួនមកជាមួយអេក្រង់ OLED 144Hz បន្ទះឈីបលំដាប់កំពូល Snapdragon 888 ទំហំ 5nm ជម្រើស RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Nubia Red Magic 6 ក៏អាចនឹងទទួលបានរចនាបថផ្នែកខាងក្រោយថ្មីខុសប្លែកពីជំនាន់មុនរបស់វាថែមទៀតផង។

ដោយ​ ៖ ZTE
អត្ថបទទាក់ទង