Mercedes Benz S Class ស៊េរីឆ្នាំ 2021 នឹងមានដំណើរការដោយសេវាកម្ម HMS របស់ Huawei​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

ដូចយើងធ្លាប់បានដឹងហើយថា កាលពីពេលកន្លងទៅ Huawei បានព្យាយាមធ្វើការអភិវឌ្ឍន៍សេវាកម្មរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ជាពិសេសនោះ ក៏មានសេវាកម្ម Huawei Mobile Services សម្រាប់ដំណើរការលើរថយន្តថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះថ្មីៗនេះ Huawei ផ្ទាល់បានចេញមុខបញ្ជាក់ថា សេវាកម្មរបស់ខ្លួននោះ គឺនឹងមានប្រើប្រាស់នៅលើរថយន្ត Sedan លំដាប់កំពូល Mercedes Benz S Class 2021 តែម្ដង ហើយក៏បានអះអាងថា នឹងនាំយកវាទៅប្រើប្រាស់ លើរថយន្តរបស់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។

មិនខុសទេ បើតាមការបង្ហាញចេញពីសំណាក់លោក Yu Chengdong ត្រូវជា CEO នៃផ្នែក Huawei Consumer Business Group នោះ បានបញ្ជាក់ឲ្យដឹងថា Huawei Mobile Services សម្រាប់រថយន្ត នឹងមានដំណើរការនៅលើរថយន្ត Mercedes Benz S Class 2021 ទៀតផង ដើម្បីឲ្យសេវាកម្មនេះ នាំអ្នកប្រើប្រាស់ទៅកាន់បទពិសោធន៍ ជាមួយការប្រើប្រាស់កម្មវិធីផ្សេងៗ បានកាន់តែច្រើនសម្បូរបែប។ ពិតណាស់ សេវាកម្មរបស់ Huawei នោះ គឺនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បើកដំណើរការកម្មវិធីខាងក្រៅជាច្រើនបាន នៅលើអេក្រង់ធំរបស់រថយន្តខាងលើ ជាក់ស្ដែងដូចជា បើកអានពត៌មាន ស្ដាប់តន្រ្តី ទស្សនាវីដេអូផ្សេងៗ ក៏ដូចជាអាចលេងហ្គេមបានជាដើម។ គួរបញ្ជាក់ដែរថា សេវាកម្ម HMS សម្រាប់រថយន្តនោះ គឺជាសេវាកម្មដែលពឹងផ្អែកលើ Cloud ដែលមានផ្ទុកឃ្លាំងកម្មវិធីស្រាប់ នៅក្នុង Media System របស់រថយន្ត ព្រមទាំងមានជំនួយការសម្លេងឆ្លាតវៃរបស់ Huawei នៅក្នុងនោះស្រាប់ដូចគ្នា។

ចំណុចសំខាន់បំផុតនៃសេវាកម្មខាងលើនោះ គឺថាវាអនុញ្ញាតឲ្យអ្នកប្រើ បើកដំណើរការកម្មវិធីជាច្រើន ក្នុងសេវាកម្មនោះ ដោយមិនចាំបាច់មានការតម្លើងនោះទេ ពោលគឺគ្រាន់តែចុចបើក អាចប្រើបានតែម្ដង។ យ៉ាងណាក៏ដោយ សេវាកម្មនោះត្រូវបានគេបញ្ជាក់ច្បាស់ថា នឹងមាននៅលើរថយន្ត Mercedes Benz S Class 2021 ក្នុងទីផ្សារចិន ខណៈពេលដែលទីផ្សារផ្សេងៗទៀតនោះ គឺមិនទាន់មានការបញ្ជាក់ប្រាប់ឲ្យបានច្បាស់ឡើយ។ អេក្រង់ធំខាងក្នុងនៅលើរថយន្ត Sedan លំដាប់ប្រណីតខាងលើ គឺមានទំហំ 12.8 អ៊ីញ ប្រភេទអេក្រង់ OLED ដែលមានកម្រិតបង្ហាញខ្ពស់ 1,888 x 1,728 ភិចសែលថែមទៀតផង ហើយរថយន្តនេះដែរ នឹងមានបង្ហាញខ្លួនចំនួន 3 ម៉ូឌែលផ្សេងគ្នាដូចជា S400L, S450L និង S500L ផងដែរ។

ដោយ​ ៖ Huawei Central
អត្ថបទទាក់ទង