រូបភាពបែកធ្លាយបង្ហាញថា K40 Series មានលេនទំលុះអេក្រង់តូចបំផុតដូច CEO របស់ Redmi បង្ហើបមែន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងធ្លាប់បានដឹងហើយថា កាលពីពេលថ្មីកន្លងទៅនេះ ក្រុមហ៊ុន Redmi ផ្ទាល់ បានធ្វើការបង្ហើបជាច្រើន ទាក់ទងនឹងទូរសព្ទឆ្លាតជំនាន់ថ្មីរបស់គេ នោះគឺជា Redmi K40 Series ហ្នឹងឯង ហើយចំណុចសំខាន់នោះ គន្លងមកគេធ្លាប់បញ្ជាក់ថា ទូរសព្ទឆ្លាតម៉ូឌែលថ្មីនេះ នឹងមានបំពាក់លេនទំលុះអេក្រង់តូចជាងគេបំផុតទៀតផង។ ដោយឡែក បើតាមរូបភាពបែកធ្លាយថ្មី ដែលយើងទើបទទួលបានថ្មីៗនេះ បានឲ្យដឹងថា អ្វីដែលក្រុមហ៊ុនខាងលើបានបង្ហោះ គឺពិតជាដូច្នោះមែន។

មិនខុសទេ បើតាមរូបភាពបែកធ្លាយមួយ ដែលគេបញ្ជាក់ថា ជារូបរាងផ្នែកខាងមុខពិតប្រាកដរបស់ Redmi K40 Series នោះ គឺពិតជាមានបំពាក់មកជាមួយ លេនទំលុះអេក្រង់ដែលមានទំហំតូចបំផុតមែន។ បើតាមរបាយការណ៍ ដែលទទួលបានកន្លងមក បានបញ្ជាក់ថា លេនទំលុះអេក្រង់របស់ Redmi K40 Series គឺមានទំហំតូចត្រឹមតែ 2.8mm ប៉ុណ្ណោះ ដែលជាទំហំតូចបំផុត មិនទាន់មានក្រុមហ៊ុនផ្សេងណា ធ្លាប់ប្រើនោះឡើយ។ លើសពីនេះ Redmi K40 Series ក៏ត្រូវបាន Redmi បង្ហើបថា នឹងប្រើប្រាស់អេក្រង់ AMOLED ជំនាន់ថ្មី E4 របស់ Samsung ដែរ មួយវិញទៀតសម្រាប់ Redmi K40 Pro អាចនឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 888 ខណៈ Redmi K40 អាចប្រើបន្ទះឈីប Snapdragon 870 ហើយពួកវាអាចនឹងមានថាមពលថ្មទំហំ 4,500mAh ផងដែរ។

បន្ថែមពីនេះ កាលពីពេលថ្មីៗកន្លងទៅ យើងក៏បានឃើញ Redmi ផ្ទាល់បង្ហោះបង្ហើបពីរូបរាងផ្នែកខាងក្រោយរបស់ Redmi K40 Series ដែរ ជាក់ស្ដែងយើងឃើញថា វាមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយក្នុងនោះ លេន 2 គ្រាប់ មានទំហំធំ និងលេន 1 គ្រាប់ទៀត មានទំហំតូចជាងគេ ស្ថិតនៅកណ្ដាលរវាងលេនធំៗទាំងពីរនោះ ហើយលេនទាំងអស់នេះ គឺត្រូវបានតម្រៀបបញ្ឈរពីលើចុះក្រោម ស្ថិតក្នុងកញ្ចប់ជាមួយគ្នានឹងភ្លើង Flash LED ចំនួន 2 គ្រាប់ផងដែរ។ គួររំលឹកថា ទូរសព្ទឆ្លាតជំនាន់ថ្មី Redmi K40 Series នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2021 ខាងមុខនេះ។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង