YouTube បានសម្រេចចិត្ដលុបចេញវីដេអូចម្រៀង Diss Track មួយរបស់ Gamer ល្បីឈ្មោះ PewDiePie ហើយ​
ដោយ​ ៖ ធានស៊ីញ | 1 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុន តារា YouTuber និងជា Gamer ដ៏ល្បីម្នាក់មានឈ្មោះថា PewDiePie ដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់កន្លងមក បានបង្ហោះនូវវីដេអូចម្រៀងមួយបទ ដែលមានទាំងក្មេងៗ 4 ទៅ 5 នាក់ចូលរួមសម្ដែង ក្នុងគោលបំណង Diss Track ទៅឲ្យ Channel YouTube ល្បីមួយទៀត មានឈ្មោះថា CoComelon ដែលមានអ្នក Subscribe រហូតដល់ទៅ 105 លាននាក់។ ដោយឡែក ពេលនេះក្រុមហ៊ុន YouTube សម្រេចចិត្ដលុបចោលវីដេអូនោះចេញពី Channel ផ្លូវការរបស់ PewDiePie ហើយ។

នេះបើយោងតាមសារព័ត៌មាន The Verge បានចុះផ្សាយថា វីដេអូបទចម្រៀងបង្កើតដោយអ្នកលេងហ្គេមដ៏ល្បី PewDiePie ត្រូវបានលុបចេញពីបណ្ដាញសង្គម YouTube ដោយសារតែខុសពីគោលកាណ៍ និងប៉ះពាល់ដល់សុវត្ថិភាពកុមារ។ ដោយនៅក្នុងវីដេអូនោះ មានលាយឡំនឹងពាក្យពេចន៍អសុរសជាច្រើនដូចជា “ Your Audience is Just a Bunch of Motherfucking Virgins” ជាដើម។ ជាងនេះទៅទៀត យើងក៏ឃើញនៅក្នុងវីដូអូ PewDiePie បានបង្គាប់ឲ្យក្មេងៗ ធ្វើការវាយប្រហារទៅលើផ្លែឪឡឹក ដែលជារូបតំណាងឲ្យ CoComelon នោះឯង។ សកម្មភាពវាយប្រហារនោះ ត្រូវបានចាត់ទុកថាជាសកម្មភាពប្រើអំពើហិង្សា ដែលកុមារមិនគួរយកតម្រាប់តាមឡើយ។ ដូច្នេះ YouTube មិនអាចឲ្យមានវីដេអូប្រភេទបែបនេះ ត្រូវបានបង្ហោះទៀតនោះទេ ដែលវាអាចជាគម្រូមិនល្អសម្រាប់កុមារ។

គួរបញ្ជាក់ផងដែរថា ការបង្កើតវីដេអូចម្រៀងនេះឡើង គឺក្នុងន័យនិយាយដៀមដាមទៅកាន់ Channel CoComelon ដែលអាចនឹងមាន Subscribers កើនឡើងខ្លាំង ខណៈដែល PewDiePie មានអ្នក Subscribe ជាង 109 លាននាក់ ចំណែកឯ CoComelon មានរហូតទៅដល់ 105 លាន Subscribers ទៅហើយ។ គួររំលឹកមួយទៀតដែរ PewDiePie មានចំណាត់ថ្នាក់លេខ 2 បន្ទាប់ពី T-Series ដែលមានអ្នក Subscribe ច្រើនជាងគេលើពិភពលោក និងចំណាត់ថ្នាក់លេខ 3 គឺ CoComelon នេះឯង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង