នេះជារថយន្ដគំរូ Lexus Gamers’ IS ត្រូវបានបង្កើតជាពិសេស សម្រាប់អ្នកនិយមចូលចិត្តលេងហ្គេម​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ពិតប្រាកដមែនទែនហើយ Lexus បានធ្វើការច្នៃរថយន្ដម៉ូឌែល IS 350 F Sport ស៊េរីឆ្នាំ 2021 របស់ខ្លួន ឲ្យក្លាយទៅជារថយន្ដប្រភេទ Gaming និងបានដាក់ឈ្មោះឲ្យវាថា Gamers’ IS តែម្ដង។ អ្វីដែលធ្វើឲ្យរថយន្ដមួយនេះ មានលក្ខណៈខុសប្លែកពីរថយន្ដធម្មតា នោះគឺថាវាមានបំពាក់អេក្រង់ម៉ូនីទ័រ ជាមួយកុំព្យូទ័រលំដាប់កំពូល ដែលដំណើរការក្រាហ្វិកកាតរបស់ MSI និងស៊ីភីយូរបស់ AMD ថែមទៀតផង។

ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីឈ្មោះ Lexus បាននិយាយប្រាប់ថា វាជារថយន្ដដំបូងបង្អស់ ដែលត្រូវបានឌីហ្សាញឡើងដោយ ការបោះឆ្នោតពីអ្នកប្រើប្រាស់ Twitch ជាវេបសាយទស្សនាផ្សាយបន្ដផ្ទាល់ កំពុងមានប្រជាប្រិយភាព នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ជាដើម។ ហាក់បីដូចជា បានដាក់បង្ហាញក្នុងរូបភាព ទាំងប៉ុន្មានសន្លឹកនេះអ៊ីចឹង ដោយនៅក្នុងរថយន្ដ យើងប្រទះឃើញមាន ម៉ូនីទ័រមួយស្ថិតនៅក្បែរដៃចង្កូត រួមមានទាំងក្ដារចុច Gaming និងដៃបញ្ជាហ្គេម ផងដែរ។

ពួកគេគ្រាន់តែបានប្រាប់ថា កុំព្យូទ័រនៅក្នុងរថយន្ដមួយនេះ បានប្រើប្រាស់ក្រាហ្វិកកាត MSI Gaming GeForce និងស៊ីភីយូរបស់ AMD ប៉ុន្ដែមិនបានបញ្ជាក់យ៉ាងលម្អិត អំពីកម្លាំងម៉ាស៊ីនពេញលេញឡើយ។ ដើម្បីធ្វើការបន្ថែមបរិយាកាស ឲ្យកាន់តែពិសេសថែមទៀត Lexus ក៏មានតុបតែងលំអភ្លើង RGB និងម៉ាស៊ីនបាញ់ផ្សែងអ័ព្ទ នៅក្នុងរថយន្ដជូនមួយឈុត។

នាពេលបច្ចុប្បន្ននេះ Lexus បានបញ្ចេញឲ្យឃើញត្រឹមតែ រូបរាងខាងក្រៅ និងខាងក្នុងរបស់រថយន្ដ Gamers’ IS  របស់ខ្លួនប៉ុណ្ណោះ ដោយឡែក ចំពោះការដាក់បង្ហាញ អំពីសមត្ថភាពបញ្ជាលេងហ្គេមរបស់វា គឺមិនទាន់ឃើញមាននៅឡើយនោះទេ។ ក្រុមការងារយើងសង្ឃឹមថា Lexus នឹងអាចចែករំលែកព័ត៌មានលម្អិតបន្ថែមទៀត អំពីរថយន្ដប្រភេទ Gaming មួយនេះ ដើម្បីអាចឲ្យចុះផ្សាយជូន អ្នកទាំងអស់គ្នាបន្ថែមទៀតភ្លាម។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង