ឆ្នាំ 2020 កន្លងទៅ Apple ទិញឈីបយកទៅប្រើប្រាស់ច្រើនជាងគេនៅលើទីផ្សារ សម្រាប់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចដែលយើងបានដឹងស្រាប់ហើយថា ក្នុងឆ្នាំ 2020 កន្លងទៅ គឺជាឆ្នាំមួយ ដែលបង្ករផលលំបាកជាច្រើន ទៅកាន់ក្រុមហ៊ុនផលិតផ្សេងៗ ក្នុងវិស័យបច្ចេកវិទ្យា ជាក់ស្ដែងបញ្ហាចំបង គឺដោយសារតែមានការរាតត្បាតពី មេរោគ COVID-19 ហ្នឹងតែម្ដង ដែលធ្វើឲ្យផលិតកម្មរបស់ក្រុមហ៊ុនទាំងនោះ មានការយឺតយ៉ាវ ខុសពីគម្រោងរបស់ពួកគេ។ ទោះជាបែបនោះមែនក៏ដោយ ក៏វានៅតែមានឥទ្ធិពលល្អ សម្រាប់ផ្នែកមួយចំនួន ក្នុងវិស័យបច្ចេកវិទ្យាដែរ ពោលគឺបញ្ហាទាំងនោះ ក៏បានជួយជំរុញឲ្យ Apple ក្លាយជាអតិថិជនធំជាងគេម្ដងទៀត នៅលើទីផ្សារឈីបក្នុងឆ្នាំ 2020 កន្លងទៅ។

មិនខុសទេ បើតាមរបាយការណ៍ចុងក្រោយ ចេញពីសំណាក់ក្រុមអ្នកស្រាវជ្រាវ និងព្យាករណ៍ Gardner បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ 2020 កន្លងទៅនេះ Apple ក្លាយជាអតិថិជនធំជាងគេម្ដងទៀត នៅក្នុងទីផ្សារឈីបសម្រាប់ប្រើប្រាស់ លើឧបករណ៍អេឡិចត្រូនិចផ្សេងៗ មានន័យថា Apple គឺជាក្រុមហ៊ុនដែលបានទិញឈីប យកទៅប្រើប្រាស់នៅលើឧបករណ៍របស់ខ្លួន ច្រើនជាងគេនៅលើទីផ្សារ។ ក្នុងនោះដែរឃើញថា Apple មានចំណែកសរុបទាំងអស់ ក្នុងសកលលោកប្រមាណជា 11.9% ខណៈពេលដែលក្រុមហ៊ុន ដែលជាអតិថិជនធំបន្ទាប់នោះគឺ Samsung នេះឯង ដែលមានចំណែកក្នុងទីផ្សារប្រមាណជា 8.1% ផងដែរ (Samsung ទទួលបានកំណើនច្រើនដោយសារតែ ការធ្លាក់ចុះរបស់ Huawei និងដោយសារតែកំណើននៃតម្រូវការ SSD សម្រាប់ Data Centers)។ 

ចំពោះការឡើងទៅលើឈរលើគេជាថ្មីរបស់ Apple នោះដែរ ត្រូវបានគេរាយការណ៍ថា គឺដោយសារតែក្រុមហ៊ុននេះ នៅតែបន្តទទួលបានជោគជ័យច្រើន លើផលិតផលមួយចំនួនរបស់ខ្លួន ជាក់ស្ដែងដូចជា កាស AirPods, ព្រមទាំងតម្រូវការពិសេសច្រើនជាងមុនទៅលើកុំព្យូទ័រ Mac និង iPad ព្រមទាំងបានមកពីកំណើនរបស់ NAND Flash ផងដែរ។

គួរបញ្ជាក់ដែរថា អតិថិជនធំលំដាប់ទី 3 នោះ គឺនៅតែជា Huawei ដោយក្រុមហ៊ុនចិននេះ មានចំណែកក្នុងទីផ្សារខ្ទង់ 4.2% ប៉ុន្តែចំណែកទីផ្សាររបស់គេនេះដែរ បើធៀបនឹងឆ្នាំ 2019 គឺឃើញមានការធ្លាក់ចុះប្រមាណជាខ្ទង់ 23.5% ឯណោះ។ បន្ថែមពីនេះ សម្រាប់ក្រុមហ៊ុនដើមកំពូលទាំង 10 (OEMs) ដែលជាអ្នកផ្គត់ផ្គង់ឈីបនៃឧបករណ៍អេឡិចត្រូនិច ទៅកាន់ក្រុមហ៊ុនទាំងប៉ុន្មានខាងលើវិញ គឺសុទ្ធសឹងតែទទួលបានកំណើនដូចគ្នា ពោលគឺមានកំណើនប្រមាណជា 10% សម្រាប់ក្រុមហ៊ុននីមួយៗ ហើយបើគិតជាភាគរយសរុបលើទីផ្សារទូទាំងសកលលោកវិញ ឃើញថាក្រុមហ៊ុនផ្គត់ផ្គង់ដើមទាំង 10 នោះ មានចំណែកទីផ្សាសរុបដល់ទៅ 42% ដែលកើនឡើងពីខ្ទង់ 40.9% កាលពីឆ្នាំ 2019 កន្លងផុតទៅ។

ដោយ​ ៖ IMore
អត្ថបទទាក់ទង