Facebook អាចកំពុងអភិវឌ្ឍន៍នាឡិកាឆ្លាតវៃផ្ទាល់ខ្លួន និងគ្រោងដាក់បង្ហាញជាផ្លូវការនៅឆ្នាំ 2022​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បើយោងតាមរបាយការណ៍ថ្មី ចេញពីប្រភពផ្ទៃក្នុងថ្មីៗនេះ បានធ្វើការចុះផ្សាយឲ្យដឹងថា នាឡិកាឆ្លាតវៃជំនាន់ដំបូងរបស់ Facebook អាចនឹងបង្ហាញវត្តមានជាផ្លូវការ នៅឯអំឡុងឆ្នាំ 2022 ខាងមុខនេះ ដោយពួកគេកំពុងតែអភិវឌ្ឍន៍ជាបណ្ដើរៗហើយ។ អ្វីដែលអាចខុសប្លែកពី នាឡិកាឆ្លាតវៃដទៃទៀតលើទីផ្សារ នោះគឺថាវាផ្ដោតសំខាន់លើ មុខងារបណ្ដាញសង្គមជាពិសេស បន្ថែមពីលើមុខងារលំហាត់ប្រាណទៅទៀត។

ជាការពិតណាស់ ដោយសារតែ នាឡិកាឆ្លាតវៃរបស់ Facebook កំពុងស្ថិតក្នងការអភិវឌ្ឍន៍សម្ងាត់ប៉ុណ្ណោះ ដូច្នេះហើយ យើងមិនទាន់ទទួលបាន រូបភាពនៃការឌីហ្សាញរបស់វានៅឡើយទេ។ ក្រោយពីទូរសព្ទឆ្លាតក្លាយទៅជា ឧបករណ៍បច្ចេកវិទ្យាមួយ ដែលខ្វះមិនបានក្នុងសង្គមរួចមកហើយ ដោយនៅក្នុងពេលបច្ចុប្បន្ននេះ នាឡិកាឆ្លាតវៃ ក៏កំពុងតែមានការចាំបាច់ដូចគ្នាដែរ ដើម្បីជំនួយដល់កិច្ចការប្រចាំថ្ងៃ របស់មនុស្សគ្រប់រូបបាន។

ប្រភពរាយការណ៍ដដែល បាននិយាយប្រាប់ឲ្យដឹងថា នាឡិកាឆ្លាតវៃរបស់ Facebook នឹងអាចដាក់ស៊ីមបាន សម្រាប់ប្រព័ន្ធអ៊ីនធើណេត ក៏ដូចជាអាចទទួល និងផ្ញើសារបានតាមរយៈ Messenger, Instagram និង WhatsApp ជាដើម។ បើសិនជាគម្រោងសម្ងាត់មួយនេះ អាចដំណើរការបានរលូនល្អ ដូចជាការរំពឹងទុករបស់ Facebook ហេតុនេះហើយ យើងនឹងមានឱកាសឃើញចេញជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2022 និងម៉ូឌែលជំនាន់ក្រោយមួយទៀត នៅក្នុងអំឡុងឆ្នាំ 2023 បន្ទាប់ទៀត។

ទាំងអស់នេះគឺជាដំណឹងត្រួសៗ ដែលយើងទទួលបាន អំពីនាឡិកាឆ្លាតវៃរបស់ Facebook ហើយប្រសិនបើទទួលបានដំណឹងថ្មីៗ នោះក្រុមការងារយើង នឹងធ្វើការចែករំលែកជូន ប្រិយមិត្តទាំងអស់គ្នាភ្លាមៗបន្ថែមទៀត។ តើអ្នកទាំងអស់គ្នាធ្លាប់គិតថា នាឡិកាឆ្លាតវៃ ចាប់ផ្ដើមក្លាយទៅជា ឧបករណ៍ដ៏ចាំបាច់មួយ ក្នុងពេលបច្ចុប្បន្ននេះដែរឬក៏អត់ទេ?

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង