ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីអំឡុងពេលជាង 5 ខែមុននេះ ក្រុមការងារ ខេមបូរីផត យើងទទួលបានដំណឹងមួយថា Apple បានប្ដឹងក្រុមហ៊ុនតូចមួយប្រើប្រាស់ Logo រូបផ្លែសារ៊ីជាតំណាង ដោយបានចោទប្រកាន់ថា វាមានរចនាបថស្រដៀងគ្នាពេកផងដែរ។ យ៉ាងណាក៏ដោយ ចូលមកដល់ពេលថ្មីៗនេះ Apple ក៏សម្រេចចិត្តអនុញ្ញាតឲ្យ ក្រុមហ៊ុន Super Healthy Kids បន្ដប្រើ Logo រូបផ្លែសារីជាតំណាង សម្រាប់កម្មវិធី Prepear ដដែល គ្រាន់តែត្រូវកែត្រង់កន្លែង ស្លឹករបស់វាចេញទើបបាន។

ហេតុដូច្នេះហើយ ប្រសិនបើយើងប្រៀបធៀប រវាងរូបតំណាង Logo ចាស់របស់ក្រុមហ៊ុន Prepear ហើយនិងរូបតំណាង Logo ថ្មីរបស់ពួកកេ នោះយើងនឹងបានឃើញថា នៅចំកន្លែងស្លឹកមានសភាពត្រង់ នៃផ្នែកខាងក្រោមវិញ ដោយកាលពីមុនមក ស្លឹកទាំងលើទាំងក្រោម សុទ្ធតែមានរាងកោងដូចគ្នា។ ចំពោះប្រិយមិត្តដែលមិនទាន់ដឹងច្បាស់ នោះគឺថាកម្មវិធី Prepear របស់ក្រុមហ៊ុន Super Healthy Kids នេះ ជាកម្មវិធីមួយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ងាយស្រួលធ្វើការរក្សាទុក, រៀបចំ ឬបង្កើតរូបមន្តម្ហូប និងកត់ចំណាំគ្រឿងទេស ក៏ដូចជាចែករំលែកទៅកាន់ អ្នកប្រើប្រាស់ដទៃទៀត ជាដើម។ ជាការពិតណាស់ ក្រុមហ៊ុនទាំងពីរនេះ គឺមានអាជីពស្ទើរតែខុសគ្នាទាំងស្រុង ដោយឡែក Apple ហាក់បីដូចជា មានភាពព្រួយបារម្ភថា មនុស្សអាចច្រឡំក្រុមហ៊ុនតែមួយបាន ទើបមានការប្ដឹងបែបនេះឡើងមក។

គួរបញ្ជាក់ឲ្យដឹងថា ការបង្ហោះចូលទៅក្នុងវេបសាយ Change.org ដើម្បីចុះឈ្មោះប្រឆាំងតវ៉ានឹង Apple គឺទទួលបានអ្នកចូលរួមរហូតដល់ទៅខ្ទង់ 269,650 នាក់ឯណោះ។ តើប្រិយមិត្តមានមតិយ៉ាងណាដែរ ចំពោះរូបតំណាងរបស់ក្រុមហ៊ុនទាំងពីរនេះ តើយល់ឃើញថាពួកវាមានរូបស្រដៀងគ្នាដែរឬទេ?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង