Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

យើងធ្លាប់បានដឹងខ្លះៗហើយ ទាក់ទងនឹងសេវាកម្មអ៊ីនធឺណេត ដែលផ្តល់ដោយផ្កាយរណបរបស់ SpaceX ត្រូវបានគេហៅថា Starlink នេះឯង ដែលជាសេវាកម្មមួយ ទើបតែបើកសាកល្បងឲ្យប្រើប្រាស់ កាលពីចុងឆ្នាំមុននេះប៉ុណ្ណោះ។ ដោយឡែក កាលពីពេលថ្មីៗនេះ លោក Elon Musk ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ SpaceX គាត់បានបញ្ជាក់ឲ្យដឹងថា សេវាកម្មអ៊ីនធឺណេត ដែលផ្តល់ឲ្យដោយផ្កាយរណបនោះ ពេលនេះកំពុងតែមានអ្នកប្រើប្រាស់ជាច្រើន ក្នុងសហរដ្ឋអាមេរិក បើទោះជាទើបតែប្រកាសចេញក៏ដោយ។

មិនខុសទេ បើតាមការបង្ហាញចេញពីលោក Elon Musk ផ្ទាល់ ក្នុងខណៈពេលបំពេញឯកសារជាមួយស្ថាប័ន FCC (Federal Communications Commission) ថ្មីៗនេះបានឲ្យដឹងថា សេវាកម្មវិធីអ៊ីធើណេត Starlink របស់គេ គឺមានចំនួនអ្នកប្រើប្រាស់ ក្នុងសហរដ្ឋអាមេរិកដល់ទៅជាង 10,000 នាក់ហើយ។ លើសពីនេះ គាត់ក៏បានបញ្ជាក់ដែរថា បណ្ដាញអ៊ីនធឺណេត Starlink របស់ខ្លួន ក៏បានផ្តល់នូវល្បឿនអ៊ីនណេតទាបបំផុតដល់ 100Mbps សម្រាប់ល្បឿន Download និង 20Mbps សម្រាប់ល្បឿន Upload ចំពោះអ្នកប្រើប្រាស់នីមួយៗ ដែលល្បឿននេះ គឺលឿនជាងល្បឿនរបស់សេវាកម្មអ៊ីនធឺណេត ផ្តល់ដោយផ្កាយរណប របស់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។ SpaceX ក៏អះអាងដែរថា គេនឹងបន្តធ្វើការបង្កើនល្បឿនអ៊ីនធឺណេតរបស់ Starlink បន្ថែមទៀត ឲ្យកាន់តែប្រសើរជាងមុន តាមរយៈការបង្ហោះផ្កាយរណបបន្ថែមជាដើម។

គួរបញ្ជាក់ដែរថា កាលពី 2 ឆ្នាំមុន SpaceX ទទួលបានការអនុញ្ញាតពី FCC ដើម្បីធ្វើការបង្ហោះផ្កាយរណបប្រមាណជា 11,943 គ្រឿងទៅកាន់លំហ ខណៈពេលបច្ចុប្បន្ន គេបានបង្ហោះប្រមាណជាជាង 1,000 គ្រឿងហើយនៅលើលំហ ហើយសម្រាប់គម្រោងរបស់ក្រុមហ៊ុននេះវិញ គឺនឹងធ្វើការបង្ហោះផ្កាយរណបឲ្យបាន 4,425 គ្រឿងត្រឹមឆ្នាំ 2024 ខាងមុខ។ គួរបញ្ជាក់ដែរថា SpaceX ទើបតែបានចាប់ផ្តើមបើកដំណើរការសាកល្បងសេវាកម្ម Starlink របស់ខ្លួន កាលពីខែតុលាឆ្នាំ 2020 កន្លងទៅប៉ុណ្ណោះ ហើយមកទល់ពេលនេះ វាក៏កំពុងស្ថិតក្រោមការប្រើប្រាស់សាកល្បងដដែល ដោយក្នុងនោះសេវាកម្មនេះមានតម្លៃ 99 ដុល្លារក្នុងមួយខែ និងតម្រូវឲ្យបង់ដំបូង 499 ដុល្លារជាមុនសិន ជាតម្លៃសម្រាប់ការតម្លើង Hardware របស់វា។

ដោយ​ ៖ CNET
អត្ថបទទាក់ទង