Facebook កំពុងត្រៀមនាំ Apple ឡើងតុលាការ ព្រោះតែមុខងារសុវត្ថិភាពថ្មីនៅលើ iOS 14​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

មនុស្សភាគច្រើនសុទ្ធតែធ្លាប់បានដឹង អំពីស្ថានភាពរវាង Apple និង Facebook អស់មួយរយៈពេលមកហើយ ដោយក្រុមហ៊ុនធំៗទាំងពីរនេះ ហាក់បីដូចជា មិនជឿទុកចិត្តគ្នាទៅវិញទៅមកនោះឡើយ។ បើយោងតាមរបាយការណ៍ថ្មី បានធ្វើការចុះផ្សាយឲ្យដឹងថា Facebook កំពុងតែរៀបចំឯកសារ ដើម្បីត្រៀមនាំ Apple ឡើងតុលាការហើយ ដោយសារតែ ពួកគេមិនយល់ស្របទៅនឹង ច្បាប់សុវត្ថិភាពតឹងរ៉ឹងថ្មី នៅលើប្រព័ន្ធប្រតិបត្តិការ iOS 14 ក្នុងពេលខាងមុខនេះ។

ជាការពិតណាស់ ប្រព័ន្ធបណ្ដាញសង្គម Facebook តែងតែដាក់ឲ្យប្រើប្រាស់ ដោយឥតគិតថ្លៃ ទូទាំងពិភពលោកតែម្ដង ហើយពួកគេអាចរកប្រាក់ចំណូលបាន ក៏មកពីទទួលផ្សព្វផ្សាយពាណិជ្ជកម្ម ជូនក្រុមហ៊ុនតូចធំ ឬខាងផ្នែកអាជីវកម្មនានា។ ចំណែកឯមុខងារសុវត្ថិភាពថ្មី ដែលត្រៀមនឹងមាននៅលើ iOS 14 ឆាប់ៗខាងមុខនេះ នឹងធ្វើឲ្យបាត់បង់ចំណូលយ៉ាងច្រើនទៅកាន់ Facebook ទើបបានជាពួកគេកំពុងរៀបចំដាក់ពាក្យបណ្ដឹង ទុកសម្រាប់ប្រឆាំងនឹងច្បាប់សុវត្ថិភាពថ្មីនោះ។

មុខងារសុវត្ថិភាពថ្មីនៅលើ iOS 14 គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការស្នើសុំកុំឲ្យក្រុមអ្នក Developers ណាមួយ បន្ដតាមដានសកម្មភាពរបស់ពួកគេ នៅក្នុងកម្មវិធីទាំងអស់នោះ ឬតាមដានឆ្លងទៅកម្មវិធីផ្សេងៗទៀត។ ហេតុដូច្នេះហើយ Facebook ក៏បានលើកឡើងមកថា វាពិតជាប៉ះពាល់ដល់អាជីវកម្មក្នុង ប្រព័ន្ធបណ្ដាញសង្គមរបស់ពួកគេ ដែលធ្វើឲ្យលែងសូវឃើញផ្ទាំងពាណិជ្ជកម្ម របស់អាជីវកម្មទាំងអស់នោះ និងជាពិសេសអាជីវកម្មតូចៗតែម្ដង។

គួររំលឹកម្ដងទៀតផងថា នេះគ្រាន់តែរបាយការណ៍បង្ហើបថា Facebook កំពុងតែត្រៀមឯកសារ ដើម្បីពាក្យបណ្ដឹងទៅកាន់ Apple អំពីបញ្ហារបស់ច្បាប់សុវត្ថិភាពថ្មី នឹងបង្ហាញខ្លួនឆាប់ៗនៅលើ iOS 14 ប៉ុន្ដែចំពោះស្ថានភាពជាក់ស្ដើង នោះយើងត្រូវរង់ចាំតាមដានបន្ដទៀតសិន។ ចុះអ្នកទាំងអស់គ្នាវិញ ដែលជាអ្នកប្រើប្រាស់ Facebook ឬក៏ធ្លាប់ធ្វើការដាក់ផ្សព្វផ្សាយ ផ្ទាំងពាណិជ្ជកម្ម តាមរយៈបណ្ដាញសង្គមមួយនេះ តើយល់ឃើញយ៉ាងណាដែរ អំពីក្រុមហ៊ុនទាំងពីរនេះ?

ដោយ​ ៖ The Information
អត្ថបទទាក់ទង