CAMBO REPORT

Popup Advertising5 seconds

ប្រទះឃើញរូបភាពចាប់កាន់ Nova 6 5G ដោយផ្ទាល់ដៃតែម្តង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញ លក្ខណៈសម្បត្តិមួយចំនួន ក៏ដូចជារូបរាងទាំងមុខ និងទាំងក្រោយរបស់ Huawei Nova 6 5G ត្រូវបានគេប្រទះឃើញ នៅលើគេហទំព័រលក់ទំនិញអនឡាញដ៏ធំមួយនៅក្នុងប្រទេសចិន ដែលមានឈ្មោះថា Vmall។ លើសពីនេះទៅទៀត ជម្រើសពណ៌របស់វាក៏ត្រូវបានលាតត្រដាងផងដែរ ដោយវានឹងមកជាមួយជម្រើសពណ៌ចំនួន 4 រួមមានដូចជា ពណ៌ខ្មៅ, ខៀវ, ខៀវបែកស្វាយ (Gradient) និងពណ៌ក្រហម ដែលមានបង្កប់អក្សរ Nova ពីក្រោម។ ដោយឡែក នៅក្នុងថ្ងៃនេះ ស្រាប់តែមានគេប្រទះឃើញរូបភាពចាប់កាន់ Huawei Nova 6 5G ជម្រើសពណ៌ខៀវ ដោយផ្ទាល់ដៃតែម្តង។

 

 

តាមរយៈរូបភាពនេះ បានបង្ហាញឲ្យថា Huawei Nova 6 5G នឹងបំពាក់មកជាមួយអេក្រង់លាត ដែលគែមខាងលើ, ឆ្វេង និងស្តាំរបស់វាមានប្រវែងខ្លី ប៉ុន្តែគែមខាងក្រោម ឬហៅថាចង្កា (Chin) នៅសល់ច្រើនបន្តិច។ ម៉្យាងវិញទៀត អេក្រង់របស់វា ក៏បានភ្ជាប់មកជាលេនទម្លុះអេក្រង់ ចំនួន 2 គ្រាប់ ដែលមានលក្ខណៈជារាងគ្រាប់ថ្នាំទ្រវែង ផងដែរ។ រីឯផ្នែកខាងក្រោយ Nova 6 5G ភ្ជាប់មកជាមួយកាមេរ៉ាចំនួន 4 គ្រាប់ ក្នុងលក្ខណៈបញ្ឈរ អមមកជាមួយភ្លើង Flash LED ចំនួន 1 គ្រាប់។ បើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានធ្វើឲ្យយើងដឹងថា កាមេរ៉ាមួយគ្រាប់ក្នុងចំណោម 2 គ្រាប់ខាងមុខរបស់ Nova 6 5G នឹងមានទំហំ 32MP ព្រមទាំងមាន មុំរហូតដល់ទៅ 105 ដឺក្រេ ឯណោះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺកាមេរ៉ាមុខរបស់ Nova 6 5G ក៏បានបំពាក់មកជាមួយមុខងារពិសេស Super Night Mode ថែមទៀតផង។

 

 

បន្ថែមពីនេះទៅទៀត បើផ្អែកទៅលើព័ត៌មានបែកធ្លាយ កាលពីពេលកន្លង បាននិយាយថា Nova 6 5G នឹងមានអេក្រង់ទំហំ 6.57 អ៊ីញ ប្រភេទ LCD ព្រមទាំងប្រើប្រាស់បន្ទះឈីបកំពូលចុងក្រោយ Kirin 990 គួបផ្សំជាមួយ RAM ទំហំ 8GB អមមួជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ ម៉្យាងវិញទៀត កាមេរ៉ាមួយគ្រាប់ក្នុងចំណោម 4 គ្រាប់ខាងក្រោយនោះ គឺជាលេន Sony IMX686 ដែលមានទំហំ 60MP។ ចំពោះថាមពលថ្មវិញ Nova 6 5G អាចនឹងភ្ជាប់មកជាមួយថ្មទំហំ 4,000mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 40W។ គួររំលឹកផងថា Huawei Nova 6 5G នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 5 ខែធ្នូ ខាងមុខនេះហើយ ក្នុងនោះសិស្សប្អូនរបស់វា Nova 6 SE ក៏បង្ហាញខ្លួនជាមួយគ្នាផងដែរ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Playful Droid Tag: ទូរស័ព្ទ