CAMBO REPORT

Popup Advertising5 seconds

អាចទេដែល នេះជារូបរាងដៃបញ្ជារបស់ម៉ាស៊ីនហ្គេម PlayStation 5?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តដែលជាអ្នកចូលចិត្តតាមដាន ព័ត៌មានរបស់ខេមបូរីផត ច្បាស់ជាបានដឹងច្បាស់ហើយថា ក្រុមហ៊ុន Sony Interactive Entertainment នឹងធ្វើការបញ្ចេញលក់ម៉ាស៊ីនហ្គេម PlayStation 5 ជាផ្លូវការនៅចុងឆ្នាំ 2020 ខាងមុខនេះ ហើយអ្វីដែលយើងមិនទាន់បានដឹងនោះ គឺរចនាបថរបស់ម៉ាស៊ីនហ្គេមជំនាន់ថ្មីមួយនេះ ក៏ដូចជារូបរាងដៃបញ្ជារបស់វា ផងដែរ។ ប៉ុន្តែបើផ្អែកទៅតាមបញ្ជីប៉ាតង់ ដែលបានរកឃើញដោយក្រុមភ្នាក់ងារជំនាញ LetsGoDigital បានបង្ហាញតម្រុយខ្លះឲ្យយើងបានដឹងថា ម៉ាស៊ីនហ្គេមជំនាន់ថ្មីចុងក្រោយរបស់ Sony មួយនេះ មានរូបរាងខុសប្លែកពីម៉ាស៊ីនហ្គេមជំនាន់មុនៗច្រើន។

 

 

និយាយដល់ចំណុចនេះ ខ្ញុំជឿថាមានអ្នកអានមួយចំនួន ជាពិសេសអ្នកគាំទ្រម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុន Sony តាំងពីដើមមក ប្រាកដជាចង់ដឹងហើយថា តើម៉ាស៊ីនហ្គេម PlayStation 5 និងដៃបញ្ជារបស់វា មានរូបរាង និងរចនាបថយ៉ាងណាទៅ? ហើយតើវាមានភាពខុសប្លែកពីម៉ាស៊ីនហ្គេម PS4 និង PS4 Pro ច្រើនដែរឬទេ? ដូច្នេះប្រហែលជាព័ត៌មានមួយនេះ អាចជួយដោះស្រាយចម្ងល់របស់អ្នកទាំងអស់គ្នា បានមួយចំនួនហើយមើលទៅ។ បើយោងទៅតាមរូបភាពមួយសន្លឹក ដែលបានបង្ហោះដោយគណនី Twitter មួយដែលមានឈ្មោះថា Alcoholikaust បានបង្ហាញឲ្យយើងដឹងអំពីរូបរាងរបស់ម៉ាស៊ីន PS5 ដែលប្រើប្រាស់សម្រាប់ឲ្យអ្នកអភិវឌ្ឍហ្គេមយកទៅបង្កើតហ្គេម ក៏ដូចជារូបរាងដៃបញ្ជារបស់វា ផងដែរ។ បើសង្កេតមើលទៅលើរូបភាពនោះយើងឃើញថា ផ្នែកខាងលើរបស់ម៉ាស៊ីនហ្គេមមួយនេះ មានរចនាបថជាអក្សរ V ដែលប្រហែលជាអាចតំណាងឲ្យលេខ 5។ បើមើលបន្តទៀត យើងឃើញថាផ្នែកខាងមុខរបស់វាបានភ្ជាប់មកកន្លែងសម្រាប់ដាក់ឌីសហ្គេម PS5 និងប៊ូតុងមួយចំនួនដូចជា ប៊ូតុង Standby, Reset, Eject, បើកដំណើរការ System, បើកដំណើរការ Network ជាដើម។ លើសពីនេះទៅទៀតវាក៏បានភ្ជាប់មកជាមួយរន្ធ USB 2.0 ចំនួន 1, USB .3.0 ចំនួន 3, រន្ធសម្រាប់តភ្ជាប់ទៅកាន់ប្រភពថាមពលចំនួន 1 និងរន្ធមួយដ៏ចម្លែកដែលមើលទៅស្រដៀងទៅនឹងរន្ធ USB ប្រភេទ B ចំនួន 1។ 

 

 

បើក្រឡែកមើលទៅលើដៃបញ្ជារបស់វាវិញម្តង យើងឃើញថា វាមានលក្ខណៈស្រដៀងទៅនឹងដៃបញ្ជារបស់ PS4 ផងដែរ ប៉ុន្តែបើសង្កេតមើលឲ្យច្បាស់ ទើបដឹងថាបន្ទះ TouchPad របស់ PS5 មានសភាពរាបស្មើជាងបន្ទះ TouchPad របស់ PS4។ ម៉្យាងវិញទៀត វាមើលទៅដូចជាមានទំហំធំជាង ដៃបញ្ជារបស់ PS4 បន្តិច ផងដែរ នេះប្រហែលជាដៃបញ្ជរបស់ PlayStation 5 នឹងបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះថា “Adaptive Triggers” ក៏ដូចជាទំហំថ្មធំជាងមុន ដូច្នេះវាត្រូវការទំហំទំនេរធំជាងមុនបន្តិចក៏ថាបាន។ គួរបញ្ជាក់ផងថា បើតាមការពន្យល់របស់ Sony បាននិយាយថាតាមរយៈបច្ចេកវិទ្យា Adaptive Triggers វានឹងអនុញ្ញាតឲ្យអ្នកអភិវឌ្ឍហ្គេមទាំងអស់ អាចធ្វើការកំណត់កម្លាំងសម្ពាធនៃការប្រើប្រាស់ប៊ូតុង R2/L2 បាន។ ឧទាហរណ៍ដូចជា នៅពេលដែលយើងលេងហ្គេមណាមួយ ហើយដល់ពេលដែលត្រូវយើងត្រូវ ទាញធ្នូ ឬទាញវត្ថុ អ្វីមួយឲ្យត្រលប់ថយក្រោយ ដោយប្រើប្រាស់ R2/L2 នៅពេលនោះអ្នកនឹងមានអារម្មណ៍ថាដូចទាញវត្ថុពិតៗអញ្ចឹងដែរ។ គួររំលឹកផងថា នេះមិនមែនជាលើកទីមួយនោះទេ ដែលរូបរាងម៉ាស៊ីន PS5 ដែលប្រើប្រាស់សម្រាប់ឲ្យអ្នកអភិវឌ្ឍហ្គេមយកទៅបង្កើតហ្គេម ត្រូវបានលេចធ្លាយ តួយ៉ាងកាលពីខែតុលាកន្លងទៅនេះ រូបរាងរបស់មួយនេះ ក៏ត្រូវចែកចាយដោយ YouTube Channel មួយដែលមានឈ្មោះថា  ZONEofTECH ផងដែរ ប៉ុន្តែកាលពីពេលនោះ គេមិនបានបង្ហាញឲ្យយើងបានឃើញ ពីរូបរាងដៃបញ្ជារបស់វានោះទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: T3 Tag: កម្មវិធី-ហ្គេម