CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​ប្រភេទ 5G ដែល​មាន​តម្លៃ​ខ្ទង់ ២ លាន​រៀល​របស់ Nokia គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅ​ព្រឹត្តិការណ៍ Qualcomm Tech Summit 2019 ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចាប់ផ្ដើមពីថ្ងៃស្អែកទី 3 រហូតដល់ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2019 នេះតទៅ ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នឹងធ្វើការរៀបចំឡើងនូវ ព្រឹត្តិការណ៍ផ្លូវការថ្មីមួយ ដែលមានឈ្មោះហៅថា Snapdragon Tech Summit 2019 ហើយត្រូវបានគេរំពឹងទុកថា ផលិតផលស៊េរីថ្មីៗរបស់ខ្លួន នឹងអាចប្រកាសចេញ ជាសាធារណៈនៅទីនោះ ផងដែរ។ ស្របនឹងពេលនេះ ប្រធានផលិតផលប្រចាំ Nokia ដែលត្រូវជាលោក Juho Sarvikas បានបង្ហោះលើគណនី Twitter របស់គាត់ថា នឹងទៅចូលរួមព្រឹត្តិការណ៍នេះដែរ ដើម្បីពិភាក្សាលើគម្រោង ធ្វើការបំពាក់បច្ចេកវិទ្យា 5G ក្នុងស្មាតហ្វូនរបស់ខ្លួន។

 

 

គាត់នឹងឡើងទៅលើឆាក ដើម្បីធ្វើការសន្ទនាជាមួយ ប្រធានក្រុមហ៊ុន Qualcomm ម្នាក់គឺលោក Cristiano Amon ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា 5G និងស្មាតហ្វូនរបស់ Nokia នាពេលអនាគតខាងមុខនេះ។ កាលពីពេលមុនៗមក លោក Juho Sarvikas ក៏បានបង្ហើបប្រាប់រួចមកហើយថា ស្មាតហ្វូនប្រភេទ 5G របស់ក្រុមហ៊ុន Nokia នឹងមានតម្លៃថោកជាងគេ ដល់ទៅពាក់កណ្ដាលឯណោះ បើប្រៀបធៀបទៅនឹង ស្មាតហ្វូនប្រភេទ 5G នាពេលបច្ចុប្បននេះ។ ហេតុដូច្នេះហើយ គាត់ចង់មានន័យថា ស្មាតហ្វូនស៊េរីថ្មីៗរបស់ Nokia ដែលមានភ្ជាប់មកជាមួយ បណ្ដាញប្រព័ន្ធ 5G នឹងមានតម្លៃចាប់ពីខ្ទង់ ២ លានរៀល (~500 ដុល្លារ) ទៅដល់ខ្ទង់ ២ លាន ៦០ ម៉ឺនរៀល (~650 ដុល្លារ) តែប៉ុណ្ណោះ ហើយក៏ប្រហែលជា ចាប់ផ្ដើមពីឆ្នាំក្រោយនេះតទៅ។ យ៉ាងណាក៏ដោយ Nokia មិនមែនជាក្រុមហ៊ុនដំបូងនោះទេ ដែលអាចលក់បានតម្លៃទាបនេះ ព្រោះតែក្រុមហ៊ុនចិន Xiaomi និង vivo អាចសម្រេចបានជាមួយម៉ូឌែល Mi Mix 3 5G និង iQOO Pro 5G រួចមកហើយ ព្រមទាំងមានតម្លៃក្រោម ២ លានរៀលទៅទៀត។

 

 

បើយោងទៅតាម របាយការណ៍ពីមុនៗមក បានដាក់បង្ហាញឲ្យឃើញថា ស្មាតហ្វូនប្រភេទ 5G ស៊េរីដំបូងរបស់ Nokia គឺអាចជាម៉ូឌែលមានឈ្មោះថា Nokia 8.2 ហើយវាបំពាក់បន្ទះឈីប Snapdragon 735 ភ្ជាប់ជាមួយនឹងម៉ូដឹម 5G ដែលមានកាមេរ៉ាខាងមុខ ផុសចេញពីតួខ្លួនទំហំ 32MP ហើយមានកាមេរ៉ាដល់ទៅ 4 គ្រាប់នៅសន្ទះខាងក្រោយ ជាមួយកាមេរ៉ាដើមទំហំ 64MP ថែមទៀតផង។ ចុងក្រោយបង្អស់ គឺត្រូវបានគេព្យាករណ៍មកថា Nokia កំពុងត្រៀមដាក់បង្ហាញ ស្មាតហ្វូនប្រភេទ 5G ដំបូងរបស់ខ្លួននៅឯព្រឹត្តិការណ៍ Qualcomm Tech Summit 2019 ឆាប់ៗនេះ ឬក៏រង់ចាំដល់ព្រឹត្តិការណ៍ MWC 2020 ក្នុងឆ្នាំក្រោយតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Nokia Mob Tag: ទូរស័ព្ទ