CAMBO REPORT

Popup Advertising5 seconds

Galaxy S11 អាច​ប្រើសេនស័រ​ថ្មី Bright Night សម្រាប់​ថត​វីដេអូ​នៅ​ពេល​យប់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើផ្អែកទៅតាមដំណឹងជាច្រើនដែលយើងទទួលបានកាលពីពេលកន្លង យើងអាចនិយាយបានថា ចំណុចផ្លាស់ប្តូរដ៏ធំបំផុត របស់ស្មាតហ្វូនកំពូល ដែលស្ថិតនៅក្នុងត្រកូល Galaxy S11 គឺផ្នែកកាមេរ៉ាតែម្តង ដោយពួកវានឹងបំពាក់មក ជាមួយកញ្ចប់កាមេរ៉ា ដែលមានសមត្ថភាព ធ្វើការកាន់តែអស្ចារ្យ ដែលមិនធ្លាប់មាននៅលើ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ពីមុនមកនោះឡើយ។ លើសពីនេះទៅទៀត Galaxy S11 Series ក៏ប្រហែលជាអាច នឹងក្លាយទៅជាស្មាតហ្វូន ដែលអាចធ្វើការថតរូប និងថតវីដែអូ បានល្អជាងគេបំផុត នៅក្នុងឆ្នាំក្រោយនេះថែមទៀតផង។

 

 

បន្ថែមពីនេះ បើយោងទៅតាមបញ្ជីប៉ាតង់ថ្មី ដែលរកឃើញដោយភ្នាក់ងារជំនាញ Lets Go Digital បានបង្ហាញឲ្យយើងដឹងថា ក្រុមហ៊ុន Samsung ទើបតែធ្វើការចុះឈ្មោះ សេនស័រជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Bright Night ចូលទៅក្នុងការិយាល័យ កម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប ឬហៅកាត់ថា (EUIPO)។ គួរបញ្ជាក់ផងថា ភ្នាក់ងារសារព័ត៌មានល្បីៗជាច្រើនបានរំពឹងថា សេនស័រថ្មីមួយនេះ អាចនឹងបង្ហាញវត្តមាន ជាលើកដំបូង នៅលើស្មាតហ្វូន ដែលស្ថិតនៅក្នុងត្រកូល Galaxy S11 ដែលត្រៀមនឹងបង្ហាញខ្លួន ជាផ្លូវការនាពេលប៉ុន្មានខែខាងមុខនេះ។ បើត្រលប់ទៅកាលដើម ខែវិច្ឆិកាកន្លងទៅនេះ ក៏ធ្លាប់មានរបាយការណ៍មួយ រាយការណ៍មកថា នៅក្នុងឆ្នាំ 2020 ខាងមុខនេះ យើងនឹងឃើញវត្តមាន របស់ស្មាតហ្វូន ដែលភ្ជាប់មក ជាមួយមុខងារ Night Mode សម្រាប់ការថតវីដេអូ ច្បាស់ជាមិនខាន។ ដូច្នេះចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាមុខងារមួយនេះ អាចនឹងបង្ហាញខ្លួននៅលើ Galaxy S11 Series ច្បាស់ជាមិនខាន។

 

 

Galaxy S11 និង Galaxy S11+ នឹងភ្ជាប់មកជាមួយកាមេរ៉ាខាងក្រោយ សរុបចំនួន 5 គ្រាប់ ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Samsung។ ដោយមួយគ្រាប់ក្នុងចំណោមនោះ គឺជា Resolution Sensor ទំហំ 108MP ដែលសេនស័ររបស់វា មានទំហំរហូតដល់ទៅ 1/1.33”។ មិនទាន់អស់នោះទេ Galaxy S11 និង Galaxy S11+ ក៏អាចនឹងបំពាក់មកជាមួយ សេនស័រថ្មី Laser Focusing ដែលជួយឲ្យសមត្ថភាពកាមេរ៉ាក្រោយរបស់ Galaxy S11+ ធ្វើការបានកាន់តែអស្ចារ្យ ថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀត កាមេរ៉ាក្រោយរបស់ Galaxy S11 និង Galaxy S11+ ក៏អាចធ្វើការថតវីដេអូបាន ក្នុងកម្រិតបង្ហាញ 8K ក្នុងកម្រិតល្បឿន 30fps ផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ