CAMBO REPORT

Popup Advertising5 seconds

រថយន្ត​អគ្គិសនី Cybertruck នឹង​ក្លាយ​ជា​រថយន្ត​ប៉ូលីស​ល្បី​ៗ​នៅ​ទី​ក្រុង​ឌូបៃ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើនិយាយទៅដល់ឌូបៃ គឺជាទីក្រុងដ៏ធំមួយ នៅប្រទេសអារ៉ាប់រួម វាជាទីក្រុងមាសមួយ ក្នុងបណ្តាទីក្រុងធំៗ ក្នុងប្រទេសផ្សេងៗទៀត។ ជាងនេះទៅទៀត ឌូបៃ ថែមទាំងជាទីក្រុងមួយ ដែលគេទទួលស្គាល់ សំបូរទៅដោយការប្រើប្រាស់សម្ភារៈជឿនលឿន ជាពិសេស សូម្បីតែឡានប៉ូលីសមួយៗ សុទ្ធតែជារថយន្តម៉ាកល្បីៗ និងភ្ជាប់មកជាមួយ កម្លាំងម៉ាស៊ីនខ្លាំង រួមមានដូចជាម៉ាក Bugatti Veyron និង Lamborghini Aventador ជាដើម។

 

 

ជាក់ស្តែង ថ្មីៗនេះ នាយកដ្ឋានប៉ូលីស នៃទីក្រុងឌូបៃ បានប្រកាសជាផ្លូវការ ថាខ្លួននឹងបូកបន្ថែមរថយន្តអគ្គិសនី Cybertruck របស់ក្រុមហ៊ុន Tesla ដែលទើបបង្ហាញវត្តមាន កន្លងផុត អស់ជាង 2 សប្តាហ៍មុននេះ ទៅក្នុងជួរប៉ូលីស របស់ពួកគេ សម្រាប់ឆ្នាំ 2020 ខាងមុន។ យោងតាមរូបភាពមួយសន្លឹក ដែលបានបង្ហោះ ក្នុងគេហទំព័រ Twitter របស់គណនី Dubai Police ផ្ទាល់ បានឲ្យឃើញថា  រូបរាងរបស់ រថយន្តទំនើប បែបអនាគត ដែលគ្រោងប្រើប្រាស់ ក្នុងវិស័យប៉ូលីស នឹងត្រូវរចនាឡើង ដោយកែច្នៃរូបរាងតួខាងក្រៅ បន្ថែមឡូហ្គូប៉ូលីស ក៏ដូចជាលក្ខណៈពណ៌បៃតង ដូចគ្នាទៅនឹងឡានប៉ូលីសផ្សេងៗ ក្នុងទីក្រុងឌូបៃអញ្ចឹងដែរ។

 

 

គួររំលឹកផងថា រថយន្តអគ្គិសនី Cybertruck អាចជាន់ពីល្បឿនពី 0Km/h ដល់ 96.56km/h ដោយចំណាយ រយៈពេលត្រឹមតែ 2.9 វិនាទីប៉ុណ្ណោះ ជាមួយនឹងកម្លាំងអូសទាញទម្ងន់ បានដល់ទៅជាង 6,530 គីឡូក្រាម ហើយវាក៏មានជម្រើសកម្លាំងអាគុយ ចំនួន 3 ប្រភេទ ដែលរួមមានដូចជា 400Km, 482Km និង 800Km។ ចំពោះតម្លៃរបស់វា ក៏ត្រូវបានបែងចែក ទៅតាមតាមរយៈប្រភេទម៉ាស៊ីន និងកម្លាំងអាគុយ ដែលគិតចាប់ពីខ្ទង់ 160 លានរៀល ឬជិត 4 មឺនដុល្លារឡើងទៅ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ជាចុងក្រោយ លោក Elon Musk ក៏បានបង្ហើបឲ្យដឹងដែរថា Cybertruck នេះ ទទួលបានការកម៉្មុង់ទុកមុន ដែលមានចំនួនសរុបកើនដល់ 25 ម៉ឺនគ្រឿងហើយ ដោយថែមទាំង រំពឹងទុកថា កិច្ចព្រមព្រៀងរវាងនាយកដ្ឋានប៉ូលីសឌូបៃនេះ អាចនឹងផ្តល់ប្រយោជន៍ច្រើន ពីទស្សនៈអាជីវកម្ម ទៅលើរថយន្តម៉ាកថ្មី របស់ក្រុមហ៊ុន Tesla ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គាលី ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩
ប្រភព: Engadget Tag: យានយន្ត