CAMBO REPORT

Popup Advertising5 seconds

បន្ទះអេក្រង់​ថេប្លេត​ថ្មី​របស់ TCL ប្រទះ​ឃើញ​មាន​បំពាក់ Refresh Rate 240Hz និង​កាមេរ៉ា​ទម្លុះ​អេក្រង់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថេប្លេតដំបូងគេបង្អស់ ដែលមានបំពាក់កាមេរ៉ាទម្លុះអេក្រង់ បានកំពុងតែត្រៀមបង្ហាញខ្លួន ចេញផ្លូវការនៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ដោយវាត្រូវជាថេប្លេតម៉ូឌែល Huawei MatePad Pro ផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏បានឃើញក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា TCL ក៏កំពុងត្រៀមដាក់លក់ បន្ទះអេក្រង់ថ្មីមួយ មានកាមេរ៉ាទម្លុះអេក្រង់មួយគ្រាប់ដូចគ្នា ហើយមិនត្រឹមតែប៉ុណ្ណេះទេ ព្រមទាំងមានកម្រិត Refresh Rate រហូតដល់ទៅ 240Hz ថែមទៀតផង។

 

 

អ្នកជំនាញផ្នែកខាងលេចធ្លាយម្នាក់ ដែលមានគណនីឈ្មោះថា Digital Chat Station បានចែករំលែករូបភាពប៉ុន្មានសន្លឹក នៅលើកម្មវិធីបណ្ដាញសង្គមចិន Weibo ដោយដាក់បង្ហាញពីបន្ទះអេក្រង់ស៊េរីថ្មី ផលិតឡើងដោយក្រុមហ៊ុនចិន TCL Display Technology នេះ។ បើយោងទៅតាមរូបភាពរបស់គាត់ គឺបានបញ្ជាក់ឲ្យដឹងថា បន្ទះអេក្រង់ថ្មីមួយនេះ សម្រាប់បំពាក់នៅលើថេប្លេត ហើយវាត្រូវបានគេដាក់ឈ្មោះថា WQ Gaming Tablet Display ក៏ប៉ុន្ដែគ្មានដំណឹងថា នឹងលក់ទៅឲ្យក្រុមហ៊ុនណាមួយ ឬ ទុកប្រើដោយខ្លួនឯង នៅឡើយនោះទេ។ ចំណែកឯលក្ខណៈសម្បត្តិរបស់វា គឺមានអេក្រង់ទំហំធំ 10.8 អ៊ីញ ជាមួយនឹងកម្រិតបង្ហាញរូបភាព 2560x1600p ដែលមានដង់ស៊ីតេភីចសែលចំនួន 280ppi ព្រមទាំងមានកម្រិតពន្លឺដល់ទៅ 500 nits ហើយអាចបង្ហាញសាច់ពណ៌បានកម្រិត DCI-P3 ផង។ ហាក់បីដូចជាបានឃើញ នៅក្នុងរូបភាពអញ្ចឹង ដោយកន្លែងទម្លុះអេក្រង់ ស្ថិតនៅចំផ្នែកខាងលើចំហៀងខាងឆ្វេង និងការធ្វើតេស្ដឲ្យមើលរវាងកម្រិត 60fps និង 240fps នៅលើអេក្រង់ផ្ទាល់តែម្ដង។

 

 

ពិតប្រាកដណាស់ យើងឃើញមានអេក្រង់កម្រិត Refresh Rate ខ្ពស់បែបនេះនៅលើម៉ូនីទ័រ រួចយូរណាស់មកហើយ ក៏ប៉ុន្ដែនាពេលខាងមុខនេះ ក្រុមហ៊ុន TCL នឹងនាំយកបច្ចេកវិទ្យាមួយនេះ ទៅបំពាក់នៅលើអេក្រេង់ថេប្លេតវិញហើយ។ ហេតដូច្នេះហើយ មិនត្រឹមតែមានស្មាតហ្វូនប្រភេទ Gaming នោះទេ ថែមទាំងមានថេប្លេតប្រភេទ Gaming ដែរ ជាក់ជាមិនខានឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ថេប្លេត