CAMBO REPORT

Popup Advertising5 seconds

Apple អាច​ច្របាច់​សេវាកម្ម TV+, Music និង News+ ឲ្យ​ទៅ​ជា​កញ្ចប់​សេវាកម្ម​តែ​មួយ​ក្នុង​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំនេះ នៅពេលដែល Apple បានធ្វើការប្រកាសចេញ សេវាកម្មកំសាន្ដ និងប្រភពផ្សព្វផ្សាយថ្មីៗដូចជា Apple News+, TV+ និង Arcade ក៏មានពាក្យចចាមអារ៉ាមថា នឹងអាចមានភាគរយច្រើន ដែលសេវាកម្មទាំងអស់នេះ ក្លាយទៅជាកញ្ចប់សេវាកម្មតែមួយ នាពេលអនាគត។ រហូតមកដល់ពេលបច្ចុប្បន្ននេះ វានឹងអាចក្លាយជាការពិតហើយ ព្រោះរបាយការណ៍ថ្មីមួយ ក៏បានលើកឡើងដូចនេះដែរថា យ៉ាងឆាប់បំផុតគឺនៅឆ្នាំ 2020 ខាងមុខនេះតែម្ដង ដោយក្នុងគោលបំណងថ្មីរបស់ Apple ដើម្បីរក្សាសន្ទុះនៃកំណើន អ្នកចុះឈ្មោះចូលថ្មីៗ ផងដែរ។

 

 

បើយោងទៅតាម របាយការណ៍ថ្មីនេះ គឺបានបង្ហើបឲ្យដឹងថា Apple នឹងអាចធ្វើការច្របាច់ចូលគ្នា រវាងសេវាកម្មដូចជា Apple Music, TV+, News+ និងសូម្បីតែ Arcade ទៅជាកញ្ចប់សេវាកម្មត្រឹមតែមួយ ដោយកាន់តែអាចទាក់ទាញ អតិថិជនថ្មីៗបានជាច្រើន ថែមទៀតផង។ បូកបន្ថែមពីលើនេះគឺថា Apple ក៏អាចនឹងផ្ដល់នូវជម្រើសមួយ តាមរយៈការអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ទាំងអស់ អាចជ្រើសរើសសេវាកម្មណា ដែលពួកគេចូលចិត្តប៉ុណ្ណោះ ដោយមិនបាច់យកទាំងអស់ក៏បានដែរ ប៉ុន្ដែវាមិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាក៏ដោយ សម្រាប់តម្លៃត្រូវបង់វិញនោះ គឺគ្មានរបាយការណ៍ណាបញ្ជាក់នោះទេ ដូច្នេះហើយមានតែបន្ដរង់ចាំ នៅពេលក្រោយៗទៀត។

 

នាពេលបច្ចុប្បន្ននេះ Apple ផ្ដោតសំខាន់ទៅលើ សេវាកម្មមួយៗសិនប៉ុណ្ណោះ ដោយចង់ទទួលបាន អ្នកគាំទ្រដាច់ៗពីគ្នា ហើយក៏ព្យាយាមផ្សាព្វផ្សាយ ឲ្យកាន់តែមានអ្នកប្រើប្រាស់ ច្រើនទៅៗនៅក្នុងឆ្នាំនេះ។ ខណៈពេលដែល សេវាកម្មលេងហ្គេម Apple Arcade ទទួលបានការប្រើមួយខែ ដោយឥតគិតថ្លៃ នៅពេលចុះឈ្មោះដំបូង រីឯសេវាកម្មទស្សនារឿង Apple TV+ ទទួលបានការប្រើ ដោយឥតគិតថ្លៃ ពេញមួយឆ្នាំតែម្ដង សម្រាប់អ្នកបានទិញ iPhone ឬ iPad ថ្មីៗនេះ។

 

 

ពិតប្រាកដណាស់ ការបូកបញ្ចូលសេវាកម្មទាំងអស់នេះ ឲ្យក្លាយទៅជាសេវាកម្មតែមួយ នឹងមានភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ហើយជាពិសេសអ្នកគាំទ្រ Apple តែម្ដង ប៉ុន្ដែអ្វីដែលយើងមិនទាន់ដឹងនោះគឺថា វានឹងមានតម្លៃប៉ុន្មានក្នុងមួយខែឡើយ។ ប្រសិនបើក្រុមហ៊ុន Apple អាចផ្ដល់ជូនឲ្យតម្លៃសមរម្យមួយ នោះប្រាកដជាអាចជោគជ័យខ្លាំង ជាក់ជាមិនខានឡើយ សម្រាប់ទាំងអតិថិជនថ្មី និងចាស់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងទៅនឹង ការច្របាច់ចូលសេវាកម្មនេះ ក្រុមការងារយើងនឹងធ្វើការ ចុះផ្សាយជូនប្រិយមិត្តទៀត នៅពេលដែលទទួលបាន ដំណឹងថ្មីៗនៅពេលខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Bloomberg Tag: កម្មវិធី-ហ្គេម