CAMBO REPORT

Popup Advertising5 seconds

សេវាកម្ម Stream ហ្គេម xCloud របស់ Microsoft នឹង​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ 2020 ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ យើងសង្កេតឃើញថាវិស័យហ្គេមកាន់តែរីកចម្រើនទៅឥតឈប់ឈរ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺរបៀបនៃការលេងហ្គេមក៏កាន់តែសម្បូរបែបជាងមុន។ ជាក់ស្តែង បើត្រលប់ទៅមើលកាលពីជាង 10 ឆ្នាំមុន បើសិនជាយើងចង់លេងហ្គេម យើងត្រូវតែទៅផ្សារទិញយកម៉ាស៊ីនហ្គេម ដែលមានលក់កាលពីជំនាន់នោះ ដើម្បីយកវាមកផ្ទះដើម្បីអាចលេងហ្គេមបាន។ ប៉ុន្តែសព្វថ្ងៃនេះ មិនដូចកាលពីជំនាន់មុនទៀតឡើយ ដោយឥឡូវនេះ យើងអាចធ្វើការលេងហ្គេមបាន តាមរយៈម៉ាស៊ីនហ្គេមទំនើបៗ និងឧបករណ៍អេឡិចត្រូនិចជាច្រើន ក្នុងនោះរួមមានដូចជា ការលេងហ្គេមតាមរយៈ ម៉ាស៊ីនហ្គេមរបស់ Sony, Microsoft ឬ Nintendo, PC, ស្មាតហ្វូន, ថេប្លេត និងសេវាកម្ម Streaming ហ្គេម តាមរយៈប្រព័ន្ធអ៊ីនធើណេតជាដើម។

 

 

កាលពីប៉ុន្មានឆ្នាំមុន បើនិយាយដល់សេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធើណេត វានឹងធ្វើឲ្យយើងនឹកឃើញ ទៅដល់សេវាកម្មរបស់ក្រុមហ៊ុនធំ ចំនួន 2 ដែលមានជំនាញ និងយល់ច្បាស់ពីសេវាកម្មមួយនេះ នោះគឺ PlayStation Now របស់ Sony និង Xbox Game Pass របស់ Microsoft។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ មិនដូចកាលពីមុនទៀតទេ ព្រោះថាមានក្រុមហ៊ុនល្បីមួយចំនួន ចាប់ផ្តើមឈានជើងចូលប្រឡូក ក្នុងវិស័យមួយនេះដែរហើយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google ក៏បានបើកដំណើរការនូវសេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធើណេត របស់ខ្លួន ដែលមានឈ្មោះថា Stadia Cloud Gaming ជាផ្លូវការ ផងដែរ។ ឃើញដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង Google វិញ ក្រុមហ៊ុន Microsoft ក៏បានសម្រេចចិត្តប្រកាសចេញ សេវាកម្មថ្មីមួយទៀតរបស់ខ្លួន ដែលមានឈ្មោះជាផ្លូវការថា xCloud តែម្តង។ គួរបញ្ជាក់ផងថា xCloud គឺជាសេវាកម្មបង់លុយប្រចាំខែ ដែលអនុញ្ញតឲ្យយើងអាច ធ្វើការតភ្ជាប់ស្មាតហ្វូន និង ថេប្លេតរបស់យើង ទៅកាន់ម៉ាស៊ីនហ្គេម ដែលមានកម្លាំងខ្លាំងរបស់ Microsoft តាមរយៈប្រព័ន្ធអ៊ីនធើណេត ដើម្បីអាចធ្វើការលេងហ្គេម ដែលមានក្រាហ្វិកបែប 3D ធំៗ និងស្រស់ស្អាត ដូចទៅនឹងហ្គេមដែលមានលេង នៅលើម៉ាស៊ីនហ្គេម PS4 Pro, Xbox One X ឬ PC ដែលមានបន្ទះក្រាហ្វិកកាត ដែលមានតម្លៃថ្លៃ អញ្ចឹងដែរ។

 

 

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Microsoft បាននិយាយថា សេវាកម្ម Stream ហ្គេម xCloud របស់ខ្លួន នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ 2020 ខាងមុខនេះតែម្តង។ គួររំលឹកផងថា កាលពីពេលដាក់ឲ្យប្រើប្រាស់ សាកល្បងជាលើកដំបូង សេវាកម្មមួយនេះមានហ្គេម ចំនួនតែ 5 ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពី Microsoft បានសហការគ្នា ជាមួយដៃគូជាង 25 រួចមក នៅក្នុងពេលនេះសេវាកម្ម xCloud ទទួលបានហ្គេមថ្មីចំនួន 50 បន្ថែមទៀតហើយ ក្នុងនោះក៏រាប់បញ្ចូលទាំងហ្គេម Madden NFL 20, Devil May Cry 5, Tekken 7 និង Forza Horizon 4 ផងដែរ ។ ដូច្នេះមានន័យថា សេវាកម្មមួយនេះ មានហ្គេមច្រើនជាងសេវាកម្ម Stadia Cloud Gaming របស់ Google ព្រោះថា Stadia មានហ្គេមសរុបចំនួនតែ 44 ប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម