CAMBO REPORT

Popup Advertising5 seconds

vivo​ S5​ ចេញ​ផ្លូវការ​ហើយ ​មាន​លេន​ទម្លុះ​អេក្រង់ និង​កាមេរ៉ា​ក្រោយ​រាង​ដូច​ពេជ្រ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រូបរាងបែកធ្លាយរបស់ vivo S5 បានលេចចេញមក ជាច្រើនបែបមែនទែន ជាពិសេសនោះ លក្ខណៈសម្បត្តិរបស់វា ត្រូវបានគេដឹង សឹងតែទាំងស្រុងទៅហើយ។ ដោយឡែក នៅក្នុងពេលនេះ វត្តមានរបស់វា បានបង្ហាញខ្លួនជាផ្លូវការហើយ ដែលមានលក្ខណៈសម្បត្តិមួយចំនួនធំ ដូចទៅនឹងអ្វី ដែលបានបែកធ្លាយដែរ ចំណែកឯតម្លៃរបស់វាវិញ គឺត្រូវបានបែងចែកជាពីរ ដែលម៉ូឌែលដំបូង មានតម្លៃគួរសម បើប្រៀបជាមួយលក្ខណៈសម្បត្តិដែល vivo S5 បានបំពាក់មក។

 

 

មិនខុសទេ កាលពីយប់ម្សិលមិញនេះ vivo S5 ត្រូវបានប្រកាសចេញជាផ្លូវការ នៅក្នុងទីក្រុង ប៉េកាំង នៃប្រទេសចិន ដែលក្នុងនោះយើងបានឃើញថា លក្ខណៈសម្បត្តិរបស់វា ភាគច្រើន គឺដូចដំណឹងបែកធ្លាយ កាលពីលើកមុនដែរ។ ប្រាកដណាស់ វាបានភ្ជាប់មក ជាមួយអេក្រង់ ទំហំ 6.44 អ៊ីញ ប្រភេទ Super AMOLED ដែលមានកម្រិតបង្ហាញដល់ Full HD+ ព្រមទាំងលាតពេញផ្ទៃមុខ បានដល់ 91.38% ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាអេក្រង់ ដែលមានគុណភាពល្អមួយ និងមានកម្រិតពន្លឺខ្ពស់ដល់ 1200 nit ហើយ vivo ក៏បានដាក់បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់ គុណភាពខ្ពស់នេះផងដែរ។ ចំពោះរចនាបថរូបរាងខាងក្រៅវិញ គឺមិនខុសអ្វីពីការបែកធ្លាយនោះទេ ដែលនៅខាងមុខបានប្រើប្រាស់ កាមេរ៉ាជាប្រភេទលេនទំលុះអេក្រង់ រីឯខាងក្រោយវិញ មានសេនស័រកាមេរ៉ា 4 គ្រាប់ ដោយ 3 គ្រាប់ត្រូវបានដាក់ នៅក្នុងកញ្ចប់មួយ ដែលក្រុមហ៊ុនចិននេះហៅថា រាងដូចពេជ្រ រីមួយគ្រាប់ផ្សេងទៀត ដាក់នៅដាច់ដោយឡែកពីគេ ហើយវាក៏មានឆ្នូតវែងមួយ នៅចំកណ្តាល ដែលជួយបន្ថែមសម្រស់ បានមួយកម្រិតទៀត។

 

 

ជាក់ស្ដែងកាមេរ៉ា ដែលមាននៅលើផ្ទៃអេក្រង់ខាងមុខនោះ វាគឺជាប្រជ្រុយមួយ ដែលមានទំហំតូចបំផុតត្រឹម 2.98mm ប៉ុណ្ណោះ ហើយនៅក្នុងនោះ វាមានសេនស័រកាមេរ៉ា ទំហំធំដល់ 32MP រីឯខាងក្រោយវិញ វាមានលេនគោលទំហំ 48MP + 8MP ជាលេនប្លង់ទូលាយ + 5MP សម្រាប់ជំនួយ ដល់រូបព្រាលផ្ទៃខាងក្រោយ និងចុងក្រោយ 2MP សម្រាប់ប្រើក្នុងការ ថតរូបជិតបំផុត។ ចូលមកដល់ផ្នែក កម្លាំងម៉ាស៊ីនវិញគឺថា vivo S5 បានបំពាក់ឈីប Snapdragon 712 ដែលមានជម្រើសរ៉េម និងអង្គផ្ទុកពីរប្រភេទរួមមាន 8GB + 128GB និងមួយទៀតរ៉េម 8GB + 256GB ហើយវាមិនអាចថែមអង្គផ្ទុក ពីខាងក្រៅបានឡើយ។ ស្មាតហ្វូននេះ មានទំហំតួខ្លួន 157.9 × 73.92 × 8.64mm ទម្ងន់ 188g រីឯថាមពលថ្មវិញ វារាងធំគួរសមដល់ 4,100mAh ហើយក៏អាចទ្រទ្រង់ មុខងារសាកថ្មលឿនកម្លាំង 22.5W តាមរយៈរន្ធ USB-C ផងដែរ។ ចំពោះតម្លៃរបស់វាវិញ ដូចបានបញ្ជាក់ពីខាងដើមអញ្ចឹង វាបែកចែកជាពីរម៉ូឌែល សម្រាប់ទីផ្សារប្រទេសចិន ពោលគឺសម្រាប់ម៉ូឌែល ដែលមានអង្គផ្ទុក 128GB មានតម្លៃខ្ទង់ 1.53 លានរៀល (384 ដុល្លារ) និងម៉ូឌែល ដែលមានអង្គផ្ទុកធំដល់ 256GB មានតម្លៃប្រមាណជា 1.70 លានរៀល (427 ដុល្លារ) បើគិតទៅខុសគ្នាខ្ទង់ 23 ម៉ឺនរៀលដែរ ។

 

 

យ៉ាងណាក៏ដោយ vivo ប្រកាសថា វានឹងមានវត្តមានផ្លូវការ នៅលើទីផ្សារចាប់ពីថ្ងៃទី 22 ខែវិច្ឆិកានេះទៅ ក្នុងប្រទេសចិន ហើយសម្រាប់ទីផ្សារប្រទេសផ្សេងៗទៀត ក្រុមហ៊ុននេះ មិនទាន់បានបញ្ជាក់នៅឡើយទេ។ អញ្ចឹងហើយ សម្រាប់កញ្ចប់តម្លៃ ក៏ដូចជាលក្ខណៈសម្បត្តិ ដែលបានរៀបរាប់ខាងលើនេះ យើងឃើញថាវារាងសមរម្យដែរ ក្នុងការចំណាយទៅលើ ស្មាតហ្វូនដែលមានអេក្រង់បង្ហាញ គុណភាពខ្ពស់ ក៏ដូចជាមានការចនាស្រស់ស្អាតបែបនេះ ហើយសម្រាប់អ្នក ដែលចូលចិត្តមើលវីដេអូនោះ ខ្ញុំអាចប្រាប់បានថា វាសាកសមបំផុត។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកប្រើទូទៅ វាប្រាកដជាគ្មានបញ្ហាឡើយ ហើយសម្រាប់អ្នកដែលប្រើ ទៅលើការលេងហ្គេមធំៗនោះ វាក៏អាចធ្វើបានដូចគេដែរ សម្រាប់ឈីប Snapdragon 712 នេះ ប៉ុន្តែបើសិនជា អ្នកដាក់ក្រាហ្វិកខ្ពស់បំផុត ហើយលេងរយៈពេលយូរនោះ ប្រាកដណាស់ថា វាអាចនឹងមានចំណុចទាក់ មួយចំនួនផងដែរ ព្រោះនេះមិនមែនជាបន្ទះឈីប ដែលមានសមត្ថភាពខ្លាំងកំពូង នោះទេ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 91Mobile Tag: ទូរស័ព្ទ