CAMBO REPORT

Popup Advertising5 seconds

ស្ងាត់ៗ HTC Desire 19s ចេញផ្លូវការ មាន​កាមេរ៉ា​ក្រោយ 3 គ្រាប់ ជាមួយ​តម្លៃ​ជិត 80 ម៉ឺន​រៀល (196 ដុល្លារ)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាក្រុមហ៊ុនរបស់តៃវ៉ាន់ HTC គឺហាក់ដូចជាពិបាកនឹងងើបមុខ នៅក្នុងទីផ្សារស្មាតហ្វូនខ្លាំងណាស់ នោះក៏ព្រោះតែស្មាតហ្វូនរបស់ HTC ពីមួយម៉ូឌែលទៅមួយម៉ូឌែល នៅតែមិនមានភាពលេចធ្លោ ដែលជាហេតុធ្វើឲ្យវិស័យស្មាតហ្វូនរបស់ HTC កាន់តែយ៉ាប់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តានេះហើយ ធ្វើឲ្យប្រាក់ចំណូលនៃការលក់ស្មាតហ្វូនរបស់ HTC មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែស្តារលែងរួចទៅហើយ រហូតដល់ថ្នាក់ធ្វើឲ្យ នាយកប្រតិបត្តិថ្មីចុងក្រោយរបស់ក្រុមហ៊ុន HTC លោក Yves Maitre និយាយថា HTC ឈប់ផ្តោតសំខាន់ទៅលើការ ផលិតស្មាតហ្វូនទៀតហើយ។ ប៉ុន្តែក៏មិនមែនមានន័យថា HTC បោះបង់ចោលវិស័យមួយនេះទេ។ ជាក់ស្តែងកាលពីយប់មិញនេះ នៅតៃវ៉ាន់ ក្រុមហ៊ុន HTC ទើបតែបានប្រកាសចេញ ស្មាតហ្វូនលំដាប់មធ្យមរបស់ខ្លួន មួយម៉ូឌែលទៀត ដែលមានឈ្មោះជាផ្លូវការថា HTC Desire 19s។

 

 

HTC Desire 19s ត្រូវបានបំពាក់មកជាមួយអេក្រង់លាតម៉ូតឆកតំណក់ទឹក ដែលមានទំហំ 6.2 អ៊ីញ ជាប្រភេទ IPS LCD មានកម្រិតបង្ហាញ HD+ (720 x 1520 ភិចស៊ែល) ដែលមានសមាមាត្រអេក្រង់ 19:9។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាប្រើប្រាស់បន្ទះឈីប Helio P22 គួបផ្សំជាមួយ RAM ទំហំ 3GB អមមកជាមួយអង្គផ្ទុកទិន្នន័យទំហំ 32GB (អាចធ្វើការបន្ថែម Memory Card ខាងក្រៅបាន ជាប្រភេទ microSD)។ ចំពោះផ្នែកកាមេរ៉ា វាបានបំពាក់មក ជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ដែលមានទំហំ 16MP មានកម្រិត Aperture f/2.0 និងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល ដែលមានសេនស័រទំហំ 13MP កម្រិត Aperture f/1.85, មួយគ្រាប់ជាលេនទូលាយ (Ultra-wide 118 ដឺក្រេ) ដែលមានទំហំ 5MP មានកម្រិត Aperture f/2.2 និងមួយគ្រាប់ចុងក្រោយគេ គឺជាលេនជំនួយក្នុងការ ថតព្រាលផ្ទៃខាងក្រោយ (Depth Sensor) ដែលមានទំហំ 2MP។  

 

 

ចំណែកឯ ថាមពលថ្មវិញ វាបំពាក់មកជាមួយថ្មដែលមានទំហំ 3,850 mAh ប៉ុន្តែវាគាំទ្រការសាកថ្មក្នុងកម្លាំង 10W តែប៉ុណ្ណោះ។ រីឯផ្នែកសុវត្ថិភាពវិញ វាប្រើប្រាស់ សេនស័រស្កេនស្នាមម្រាមដៃ ដែលស្ថិតនៅផ្នែកខាងក្រោយនៃទូរសព្ទ។ វាដំណើរការដោយ Android 9 (pie)។ HTC Desire 19s មកជាមួយជម្រើសពណ៌ចំនួន 2 នោះគឺពណ៌ Free Blue និង Yashi Black។ ក្រុមហ៊ុន HTC ដាក់លក់ HTC Desire 19s ក្នងតម្លៃប្រហែលជាជិត 80 ម៉ឺនរៀល (196 ដុល្លារ)។ គួរបញ្ជាក់ផងថា តម្លៃខាងលើនេះ គឺជាតម្លៃដែលដាក់លក់នៅតៃវ៉ាន់តែប៉ុណ្ណោះ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ