CAMBO REPORT

Popup Advertising5 seconds

MacBook ​Pro​ 16​ អ៊ីញ ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ ​ជាមួយ​ការ​រចនា​ថ្មី​ និង​តម្លៃ​ខ្ទង់ ​9.8​ លាន​រៀល​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប៉ុន្មានខែចុងក្រោយនេះ ប្រិយមិត្តអ្នកដែលនិយម តាមដានពត៌មាន របស់ខេមបូរីផត ច្បាស់ជាដឹងហើយថា Apple មានគម្រោងក្នុងការនាំយក MacBook ម៉ូឌែលថ្មី ចូលប្រឡូកក្នុងទីផ្សារ ដែលកុំព្យូទ័រយួរដៃនេះ ត្រូវបានគេនិយាយ មានបំពាក់ជាមួយ ខ្នាតអេក្រង់ថ្មីទំហំ 16 អ៊ីញទៀតផង។ មិនខុសទេ វាពិតជាខ្នាតអេក្រង់ថ្មី ដែលមាននៅលើ MacBook ពិតមែន ហើយវាស្ថិតនៅក្នុងត្រកូល Pro នៃ laptop របស់ក្រុមហ៊ុនផ្លែប៉ោមនេះ អ្វីដែលនឹកស្មានមិនដល់គឺ Apple បានធ្វើការបង្ហាញ Laptop មួយនេះស្ងាត់ៗ ពោលគឺមិនមានជាលក្ខណៈ ព្រឹត្តិការណ៍អ្វីនោះឡើយ។ បើចង់ដឹងពី លក្ខណៈសម្បត្តិលម្អិតរបស់វា ប្រិយអាចអានបន្តបាន នៅក្នុងអត្ថបទខាងក្រោមនេះ។ 

 

 

ពិតណាស់ នេះជាកុំព្យូទ័រយួរដៃថ្មីមួយ ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តរបស់ Apple ឡើយ ព្រោះថា វាមានបំពាក់ជាមួយខ្នាតអេក្រង់ថ្មី រូបរាងមួយចំនួនថ្មី លក្ខណៈសម្បត្តិកាន់តែខ្លាំងជាងមុន ជាពិសេសគឺ មានតម្លៃកាន់តែសមរម្យទៀតផង។ កុំឲ្យខាតពេលយូរ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិលម្អិតរបស់ MacBook Pro 16 អ៊ីញ ដែលខ្ញុំនឹងធ្វើការរៀបរាប់ ទៅតាមផ្នែកសំខាន់នីមួយៗ របស់វា៖

 

ដំបូងចាប់ផ្ដើមពី អេក្រង់ថ្មី និងចំណុចថ្មីផ្សេងៗជាមុនសិន

 

ប្រាកដណាស់ អ្វីដែលយើងដឹងច្បាស់ខ្លាំងបំផុត កាលពីពេលមុននោះគឺ MacBook Pro ជំនាន់ថ្មី បានបំពាក់ជាមួយអេក្រង់ 16 អ៊ីញ ប្រភេទ Retina display ដែលមានគែមព័ន្ធជុំវិញអេក្រង់ កាន់តែខ្លីជាងមុន ដែលអនុញ្ញាតឲ្យ Apple ធ្វើការបង្កើនទំហំអេក្រង់ បានកាន់តែធំ ប៉ុន្តែរក្សាទំហំតួខ្លួននៅដដែល ហើយវាក៏មានកម្រិតបង្ហាញដល់ 3,072 x 1,920 ភិចសែល ជាមួយដង់ស៊ីតេអេក្រង់ 226ppi ក៏ដូចជាអាចទ្រទ្រង់កម្រិតពណ៌ប្រភេទ P3 ដូចម៉ូឌែលមុនដែរ។ មិនខុសពីដំណឹងលេចធ្លាយមែន MacBook Pro 16 អ៊ីញ ពិតជាបានបំពាក់ជាមួយ Touch Bar រួមទាំងប៊ូតុង Touch ID សម្រាប់ស្កេនស្នាមម្រាមដៃ ដោយវាត្រូវបានដាក់នៅ ផ្នែកខាងលើនិងខាងស្ដាំនៃគ្រាប់ចុចទាំងអស់ រឹតតែពិសេសនោះ គឺមានដំណឹងល្អមួយ ទាក់ទងនឹងក្តារចុចរបស់វា ដែលយើងឃើញថា វាពិតជាកុំព្យូទ័រយួរដៃទីមួយរបស់ Apple ពិតមែន ដែលបានប្តូរមកប្រើប្រាស់ ក្តារចុចប្រភេទ scissor (Apple ហៅវាថា Magic Keyboard) ដែលជាប្រភេទក្តារចុចមួយ មានសមត្ថភាពប្រសើរ ព្រមទាំងមិនងាយមានបញ្ហាដូចក្តារចុច Butterfly ដែលធ្លាប់មាន នៅលើ Laptop របស់ក្រុមហ៊ុនផ្លែប៉ោមនេះពីមុនមក។

 

 

ចូលមកដល់ស្នូល និងបច្ចេកវិទ្យាថ្មីៗរបស់វាវិញម្ដង

 

MacBook Pro 16 អ៊ីញ បានបំពាក់ជាមួយ CPU ដល់ជំនាន់ទី 9 របស់ Intel ពោលគឺមានដល់ Core i9 ដោយវាជា CPU ខ្ពស់បំផុតមួយ ដែលមានដល់ 8 core ថែមទៀតផង ប៉ុន្តែមិនមែនមានតែមួយជម្រើសនោះទេ ជាក់ស្ដែង GPU ក៏ដូចគ្នាដែរ វាមានទៅតាមប្រភេទ និងកម្រិតតម្លៃនៃកុំព្យូទ័រយួរដៃមួយនេះ។ ចំណែកឯបច្ចេកវិទ្យាថ្មីៗជាច្រើន ដែល Apple បានដាក់នៅលើ laptop នេះវិញយើងឃើញថា ក្រៅពីការប្តូរ មកប្រើប្រាស់ក្តារចុចថ្មី វានៅមានភ្ជាប់មកជាមួយ ឧបករណ៍បំពងសម្លេងថ្មី ដែលអាចបញ្ចេញសម្លេង កាន់តែខ្លាំងជាងមុន ក៏ដូចជាមានរន្ធស្រូបសម្លេង ដែលអាចចាប់យក សម្លេងបានកាន់តែប្រសើរ បើទោះបីជាមាន សម្លេងរំខានពីខាងក្រៅក៏ដោយ។ មួយវិញទៀត វាក៏មានភ្ជាប់មកជាមួយរន្ធ Thunderbolt 3 ចំនួន 4 ដូចដែលមានលើម៉ូឌែល MacBook Pro 15 អ៊ីញ បានចេញកាលពីឆ្នាំមុនដែរ។

 

ជម្រើស នឹងតម្លៃ

 

បន្ទាប់ពីទទួលជ្រាប លក្ខណៈសម្បត្តិរបស់វា រួចហើយប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា សមត្ថភាពដូចដែលបាន រៀបរាប់ខាងលើនេះ វាត្រូវបានក្រុមហ៊ុនផ្លែប៉ោមដាក់លក់ ក្នុងតម្លៃប៉ុន្មាន ហើយខ្ញុំសូមប្រាប់ ទៅអ្នកទាំងអស់គ្នាវិញថា វាត្រូវបាន Apple ដាក់លក់ ដោយបែងចែកដាច់ពីគ្នា ទៅតាម Hardware ដែលបានបំពាក់មក ជាក់ស្ដែងរួមមានដូចជា៖

 

• សម្រាប់ម៉ូឌែល ដែលមាន CPU Core i7 ជំនាន់ទី 9, GPU AMD Radeon Pro 5300M ទំហំ 4GB ព្រមទាំងមានរ៉េម 16GB និងអង្គផ្ទុក 512GB វាមានតម្លៃខ្ទង់ 9.8 លានរៀល (2,399 ដុល្លារ) 

 

• ហើយចំពោះម៉ូឌែល ដែលមាន CPU Core i9 ជំនាន់ទី 9, GPU AMD Radeon Pro 5500M ទំហំ 4GB ព្រមទាំងមានរ៉េម 16GB និងអង្គផ្ទុក 1TB វាមានតម្លៃខ្ទង់ 11.4 លានរៀល (2,799 ដុល្លារ)

 

• បើសិនជាអ្នកចង់បានរ៉េមធំដល់ 64GB នោះ អ្នកត្រូវបន្ថែមលុយ 3.26 លានរៀល (800 ដុល្លារ) ពីលើតម្លៃចាប់ផ្ដើម នៃម៉ូឌែលខ្ពស់បំផុត ហើយបើចង់បាន Hardware កំពូលៗទាំងអស់ថែមទៀត នោះលោកអ្នកត្រូវចំណាយលុយ សរុបដល់ទៅ 24.9 លានរៀល (6,099 ដុល្លារ) ឯណោះ ដោយក្នុងនោះ រួមមានទាំងអង្គផ្ទុកដល់ 8TB, CPU Core i9, GPU AMD Radeon Pro 5500M ទំហំដល់ 8GB និងមានចំណុចខុសគ្នាមួយចំនួនទៀត។ សូមបញ្ជាក់ថា វាមានដាក់ឲ្យធ្វើការកុម្ម៉ង់ទុក ចាប់ពីថ្ងៃនេះទៅតែម្ដង នៅលើវេបសាយរបស់ Apple។

 

 

សរុមមកវិញ MacBook Pro 16 អ៊ីញដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ផ្លែប៉ោម មានគុណសម្បត្តិជាច្រើនដូចជា បានបំពាក់ជាមួយ អេក្រង់ធំជាងមុន ដែលមានរក្សារូបរាងនៅតូចដដែល ជាពិសេសនោះ បានប្តូរមកប្រើក្តារចុច ដែលមានគុណភាពជាងមុន ជាមួយឧបករណ៌បំពងសម្លេងថ្មី រួមមានទាំង Touch Bar និង Touch ID មិនត្រឹមតែប៉ុណ្ណោះ វាក៏មានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ក្រៅពីនេះផងដែរ។ បើនិយាយពី ចំណាប់អារម្មណ៍ខ្ញុំវិញ គឺថានេះជាការកែប្រែដ៏ល្អមួយ របស់ Apple ដែលបានធ្វើការបង្កើត MacBook ថ្មីមួយទៀត ដែលមានអេក្រង់កាន់តែធំ ជាមួយកម្រិតបង្ហាញខ្ពស់ ជាពិសេសនោះ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ផ្ដើម ដែលគួរឲ្យចាប់អារម្មណ៍មួយ ព្រោះតម្លៃចាប់ផ្តើមខ្ទង់ 9.8 លានរៀល វាមិនខុសពី MacBook Pro 15 អ៊ីញ ដែលក្រុមហ៊ុនខាងលើ បានដាក់លក់កាលពីពេល កន្លងទៅប៉ុន្មាននោះទេ ដូច្នេះអ្នកគាំទ្រកុំព្យូទ័រយួរដៃរបស់ Apple អាចពិចារណាមើលបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Apple Tag: កុំព្យូទ័រ