CAMBO REPORT

Popup Advertising5 seconds

vivo X30 Series ប្រើ​ឈីប Exynos 980 5G នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីលេចឮព័ត៌មានជាច្រើនដែលនិយាយទាក់ទងទៅនឹង ស្មាតហ្វូន vivo ដែលប្រើប្រាស់បន្ទះឈីប Exynos 980 5G រួចមក។ នៅក្នុងព្រឹត្តិការមួយដែលមានឈ្មោះថា vivo X Samsung 5G AI Chip ដែលធ្វើឡើងកាលពីយប់មិញនេះ ក្រុមហ៊ុន vivo បានប្រកាសថាស្មាតហ្វូន vivo X30 Series របស់ខ្លួននឹងប្រើប្រាស់បន្ទះឈីប Exynos 980 5G របស់ Samsung ម្យ៉ាងវិញទៀត វាក៏ត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែធ្នូខាងមុខនេះ ផងដែរ។

 

 

នៅក្នុងព្រឹត្តិការនោះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញអំពីព័ត៌មានលម្អិតរបស់ Exynos 980  ផងដែរ ដោយបន្ទះឈីបនេះត្រូវបានបង្កើតឡើងដោយផ្អែកទៅលើស្ថាបត្យកម្ម Cortex-A77 ភ្ជាប់មកជាមួយ GPU លំដាប់កំពូល Mali-G76 M5 បន្ថែមពីនេះ Exynos 980 ក៏បានភ្ជាប់មកជាមួយ Neural Processing Unit (NPUs) និង Digital Signal Processor (DSPs) ដែលជួយឲ្យដំណើររបស់វាកាន់តែខ្លាំង និងប្រសើរជាងមុនថែមទៀតផង។ លើសពីនេះទៅទៀត បន្ទះឈីបមួយនេះក៏បានភ្ជាប់មកជាមួយម៉ូឌឹម 5G (SA/NSA) ស្រាប់តែម្តង ដែលធ្វើឲ្យវាមានល្បឿនទាញយកចាប់ពី 2.55Gbps ទៅ 3.55Gbps ឯណោះ។ ក្រៅពីនេះ បន្ទះឈីប Exynos 980 ក៏អាចទ្រទ្រង់ដំណើរការរបស់ស្មាតហ្វូនដែលមានកាមេរ៉ាដល់ទៅ 5 ក្នុងនោះក៏រាប់បញ្ចូលទាំងកាមេរ៉ាដែលមានទំហំ 108MP ម៉្យាងវិញទៀត វាក៏គាំទ្របច្ចេកវិទ្យា Wi-Fi 6 ផងដែរ។

 

 

គួររំលឹកផងថា ស្មាតហ្វូន vivo X30 Series អាចនឹងមាន 2 ម៉ូឌែលនោះគឺ vivo X30 និង X30 Pro។ vivo X30 ត្រូវបានគេរំពឹងថាអាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.5 អ៊ីញ ប្រភេទ AMOLED មានកម្រិត Refresh Rate 90Hz។ ចំពោះកម្លាំងម៉ាស៊ីនវិញ វានឹងប្រើប្រាស់បន្ទះឈីបកំពូល Exynos 980 5G អមមកជាមួយ RAM ទំហំ 8GB គួបផ្សំជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ ចំណែកឯ vivo X30 Pro អាចនឹងមានអេក្រង់ទំហំ 6.89 អ៊ីញ ប្រភេទ AMOLED ដែលមានកម្រិត Refresh Rate 90Hz ប្រើប្រាស់បន្ទះឈីបកំពូល Exynos 980 5G ដូចគ្នា អមមកជាមួយជម្រើស RAM ទំហំ 12GB គួបផ្សំជាមួយអង្គផ្ទុកទិន្នន័យទំហំ 256GB (UFS 3.0)។ vivo X30 Pro អាចនឹងភ្ជាប់មកជាមួយថាមពលថ្មដែលមានទំហំ 4,500 mAh ព្រមទាំងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន Flash Charge ដែលមានកម្លាំង 44W ថែមទៀតផង។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ