CAMBO REPORT

Popup Advertising5 seconds

ZTE​ បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ចំនួន​ 3​ ម៉ូឌែល ​ដែល​មាន​តម្លៃ​ចាប់​ពី​ 99​ ដុល្លារ​ឡើង​ទៅ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ ពីស្លាកយីហោ ZTE ដែលមានវត្តមាននៅលើទីផ្សារ រាងយូរគួរសមដែរហើយ ប៉ុន្តែស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ហាក់ដូចជាមិនសូវ ទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកប្រើប្រាស់ប៉ុន្មាននោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនៅតែបន្តបញ្ចេញ ស្មាតហ្វូនទៅកាន់ទីផ្សារដដែល ហើយកាន់តែពិសេស នៅក្នុងពេលថ្មីនេះ យីហោខាងលើ បានបញ្ចេញស្មាតហ្វូនចំនួន 3 ម៉ូឌែលតែម្ដង រួមមាន ZTE Blade 10 Prime / Blade 10 និង ZTE Blade A7 Prime ថែមទៀតផង។

 

 

ដំបូងយើងចាប់ផ្ដើមនិយាយពី ZTE Blade 10 និង Blade 10 Prime មុន ដែលវាទាំងពីរនេះ មានលក្ខណៈសឹងតែដូចគ្នាទាំងស្រុងទៅហើយ ដោយបានភ្ជាប់មកជាមួយ អេក្រង់ទំហំ 6.3 អ៊ីញ កម្រិត Full HD+ ព្រមទាំងមានម៉ូតឆកបែបតំណក់ទឹក ថែមទៀតផង។ ចំពោះកាមេរ៉ា របស់វាវិញ នៅផ្នែកខាងក្រោយ មានចំនួនពីគ្រាប់ដែលមួយមានទំហំ 16MP និងមួយទៀត 5MP រីឯខាងមុខវិញជាសេនស័រមួយ មានទំហំ 16MP ផងដែរ។ ស្មាតហ្វូននេះ បានដំណើរការដោយឈីប Helio P60 ជាមួយរ៉េម 3GB និងអង្គផ្ទុក 64GB លើសពីនេះ វាក៏មានថាមពលថ្ម 3,200mAh ជាមួយការសាកតាមរយៈ USB-C ដូចស្មាតហ្វូនកំពូលដែរ។ មួយវិញទៀត វាក៏មានសេនស័រស្កេនស្នាមម្រាមដៃ នៅផ្នែកខាងក្រោយ រន្ធដោតកាស ព្រមទាំងអាចថែមអង្គផ្ទុកពីខាងក្រៅបាន។ ចំណុចខុសគ្នារវាង Blade 10 Prime និង Blade 10 គឺត្រង់ប្រភេទ LTE ដែលបំពាក់លើវា ចំណែកឯតម្លៃវិញគឺខ្ទង់ 729,000 រៀល (179 ដុល្លារ) ដូចគ្នា។

 

 

ចូលមកដល់ ZTE Blade A7 Prime វាមានលក្ខណៈសម្បត្តិខ្សោយជាង ម៉ូឌែលខាងលើ ពោលគឺ វាបានប្រើប្រាស់អេក្រង់ 6.09 អ៊ីញ កម្រិត HD+ មានម៉ូតឆកដូចគ្នាដែរ ហើយចំណែកឯកាមេរ៉ាវិញ នៅខាងមុខមានទំហំ 5MP រីឯក្រោយមានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះទំហំ 16MP។ លើសពីនេះ វាបានបំពាក់មកជាមួយឈីប MediaTek Helio A22 ដែលមានរ៉េម 3GB និងអង្គផ្ទុក 32GB ចំណែកឯថាមពលថ្ម វាមានទំហំ 3,200mAh ព្រមទាំង USB-C, រន្ធដោតកាស, សេនស័រស្កេនស្នាមម្រាមដៃ ដូចម៉ូឌែលខាងលើដែរ ហើយចំណែកឯតម្លៃរបស់វាវិញ គឺខុសគ្នាជិតពាក់កណ្ដាលឯណោះ ដោយម៉ូឌែលនេះ ត្រូវបានដាក់លក់ត្រឹមតែខ្ទង់ 400,000 រៀល (99 ដុល្លារ) តែប៉ុណ្ណោះ។

 

 

ចុងក្រោយ សូមបញ្ជាក់ថា ស្មាតហ្វូនទាំងប៉ុន្មានម៉ូឌែលខាងលើនេះ នឹងត្រូវដំណើរការដោយ Android 9 ចេញពីប្រអប់ផងដែរ។ អញ្ចឹងហើយ បើតាមការរៀបរាប់ខាងលើនេះ ប្រិយមិត្តប្រហែលជា បានជ្រៀបច្បាស់ហើយ ពីសមត្ថភាពរបស់វា ពោលគឺវាសាកសមសម្រាប់ប្រើប្រាស់ ការងារទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ទាំងឡាយណា ដែលមានថវិកាតិចតួច ដូច្នេះច្បាស់ណាស់ថា វាមិនសាកសមសម្រាប់អ្នក ដែលចង់បានយកមកលេងហ្គេម ក្រាហ្វិកធំៗនោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ទូរស័ព្ទ