CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Adobe Illustrator នឹង​បង្ហាញ​វត្តមាន​លើ iPad ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ 2020 ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា បន្ទាប់ពីការរង់ចាំអស់រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីការប្រកាសបង្ហាញជាលើកដំបូងនៃវត្តមានរបស់កម្មវិធី Adobe Photoshop សម្រាប់ iPad រួចមក ទៅបំផុតនៅក្នុងសន្និសីទ MAX ដែលធ្វើឡើងកាលពីម្សិលមិញនេះ ក្រុមហ៊ុន Adobe ក៏បានសម្រេចចិត្តប្រកាសចេញកម្មវិធីមួយនេះជាផ្លូវការ ហើយដើម្បីបន្ថែមភាពភ្ញាក់ផ្អើលទៅដល់អ្នកគាំទ្រផលិតផលរបស់ខ្លួន ក្រុមហ៊ុន Adobe ក៏បានប្រកាសថា ពួកគេកំពុងតែសម្ងំអភិវឌ្ឍកម្មវិធី Adobe Illustrator សម្រាប់ iPad ផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺវានឹងបង្ហាញវត្តមាននៅលើ iPad ជាផ្លូវការ នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។

 

 

បើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន Adobe បាននិយាយថា វាមិនខុសពីកម្មវិធី Adobe Photoshop សម្រាប់ iPad នោះទេ ដោយកម្មវិធី Adobe Illustrator ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឲ្យសមស្របទៅនឹងផ្ទៃបង្ហាញរបស់ iPad ព្រមទាំងការប៉ះបញ្ជា និងការប្រើប្រាស់ Apple Pencil ផងដែរ។ ក្រុមហ៊ុន Adobe បាននិយាយថា ពួកគេបាននាំយកមុខងារសំខាន់ជាច្រើន ដែលមាននៅលើកម្មវិធី Illustrator សម្រាប់កុំព្យូទ័រ យកមកដាក់នៅលើកម្មវិធី Illustrator សម្រាប់ iPad ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺពួកគេនឹងបន្ថែមមុខងារថ្មីៗមួយចំនួនទៅឲ្យកម្មវិធី Illustrator សម្រាប់ iPad ដែលមុខងារទាំងនោះមិនទាន់មាននៅលើកម្មវិធី Illustrator សម្រាប់ កុំព្យូទ័រនោះទេ។ 

 

 

ជាក់ស្តែងដូចជា មុខងារ Symmetry ដែលជាមុខងារដែលអនុញ្ញាតឲ្យយើងធ្វើការចម្លងរូបភាពដែលយើងបានគូររួចមួយចំហៀង ទៅដាក់នៅមួយចំហៀងទៀត ដើម្បីបង្កើតបានទៅជារូបភាពមួយដែលស៊ីគ្នា (Mirror Effect)។ ក្រៅពីមុខងារដែលបានរៀបរាប់ខាងលើនេះ កម្មវិធី Illustrator សម្រាប់ iPad ក៏បានភ្ជាប់មកជាមួយមុខងារពិសេសៗមួយចំនួនផងដែរ ដោយក្នុងនោះរួមមានដូចជា មុខងារ Pen Tool ប្រើសម្រាប់បង្កើតខ្សែបន្ទាត់វ៉ិចទ័រ, មុខងារ Point Gradient ប្រើសម្រាប់កំណត់ពណ៌ឥតកំណត់នៅត្រង់ចំណុចដែលអ្នកចង់ធ្វើការចាក់ពណ៌, មុខងារ Clipping Masks អនុញ្ញាតឲ្យយើងប្រើប្រាស់កាមេរ៉ាក្រោយរបស់ iPad ដើម្បីធ្វើការថតបំពេញផ្ទៃខាងក្រោយរបស់ខ្សែបន្ទាត់វ៉ិចទ័រដែលយើងបានគូររួច ជាដើម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម