CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Adobe Photoshop សម្រាប់ iPad ចេញជាផ្លូវការហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីការរង់ចាំអស់រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីការប្រកាសបង្ហាញជាលើកដំបូងនៃវត្តមានរបស់កម្មវិធី Adobe Photoshop សម្រាប់ iPad រួចមក ទៅបំផុតនៅក្នុងសន្និសីទ MAX ដែលធ្វើឡើងកាលពីយប់មិញនេះ ក្រុមហ៊ុន Adobe ក៏បានសម្រេចចិត្តប្រកាសចេញ កម្មវិធីមួយនេះជាផ្លូវការហើយ។ Adobe Photoshop សម្រាប់ iPad ជំនាន់ 1.0 ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឲ្យសមស្របទៅនឹងផ្ទៃបង្ហាញរបស់ iPad ព្រមទាំងការប៉ះបញ្ជា និងការប្រើប្រាស់ Apple Pencil ផងដែរ។ 

 

 

ម៉្យាងវិញទៀត កម្មវិធី Adobe Photoshop សម្រាប់ iPad ជំនាន់ដំបូងនេះបានភ្ជាប់មកជាមួយមុខងារសំខាន់ៗ (Tools) ដូចទៅនឹងមុខងារដែលមាននៅលើកម្មវិធី Photoshop សម្រាប់កុំព្យូទ័រអញ្ចឹងដែរ។ ដោយក្នុងនោះរួមមានដូចជា មុខងារ Compositing, Masking, Retouching និងមុខងារជាច្រើនទៀត ដែលជួយសម្រួលដល់ការងារទូទៅនៅលើកម្មវិធីមួយនេះ។ ថ្វីត្បិតតែកម្មវិធី Adobe Photoshop សម្រាប់ iPad ត្រូវបានបង្កើតឡើងដោយប្រើប្រាស់កូដដូចគ្នាទៅនឹង កូដដែលបានប្រើសម្រាប់បង្កើតកម្មវិធី Photoshop សម្រាប់កុំព្យូទ័រក៏ពិតមែន។ ប៉ុន្តែមិនមែនមានន័យថា វាមានគ្រប់មុខងារទាំងអស់ ដូចទៅនឹង Photoshop សម្រាប់កុំព្យូទ័រនោះទេ ជាក់ស្តែងវាមិនបានភ្ជាប់មកជាមួយមុខងារ Pen Tool ឬ Animation Timeline នោះទេ។ បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Adobe បាននិយាយថា ពួកគេផ្តោតសំខាន់ទៅលើបទពិសោធន៍នូវការប្រើប្រាស់កម្មវិធី Photoshop នៅលើ iPad ដោយពួកគេបាននាំយកមុខងារសំខាន់ជាច្រើន ដែលមាននៅលើកម្មវិធី Photoshop សម្រាប់កុំព្យូទ័រ យកមកដាក់នៅលើកម្មវិធីមួយនេះ។ 

 

 

ចំណុចពិសេសរបស់កម្មវិធីមួយនេះ គឺវាអនុញ្ញាតយើងអាចធ្វើការយកឯកសារដែលយើងបាន Save នៅលើ iPad ទៅធ្វើការកែប្រែ នៅលើកម្មវិធី Photoshop សម្រាប់កុំព្យូទ័រ ឬក៏យកឯកសារដែលយើងបាន Save នៅលើកម្មវិធី Photoshop សម្រាប់កុំព្យូទ័រ ទៅធ្វើការកែប្រែ នៅលើកម្មវិធី Photoshop សម្រាប់ iPad បានថែមទៀតផង តាមរយៈឯកសារប្រភេទថ្មី Cloud PSD។ បើងាកទៅមើលលើផ្ទៃបង្ហាញរបស់កម្មវិធីមួយនេះ យើងឃើញថា នៅខាងឆ្វេងនៃកម្មវិធីបានភ្ជាប់មកជាមួយ Toolbar ដែលផ្ទុកទៅដោយមុខងារជាច្រើន ក្នុងនោះរួមមានដូចជា Brush, Type, Clone Stamp, Healing Brush និង Lasso ជាដើម។ ចំណែកនៅផ្នែកខាងស្តាំនៃកម្មវិធីបានភ្ជាប់មកជាមួយផ្ទៃបង្ហាញ Layer និង Tools សម្រាប់ធ្វើការកែប្រែរូបភាព ដែលមានដូចជា Brightness, Contrast, Hue, Saturation និង Levels ផងដែរ។ គួរបញ្ជាក់ផងថា កម្មវិធី Photoshop សម្រាប់ iPad ជំនាន់ដំបូងនេះ មិនបានភ្ជាប់មកជាមួយមុខងារសំខាន់មួយចំនួនក៏ពិតមែន ប៉ុន្តែបើតាមការអះអាងរបស់ ក្រុមហ៊ុន Adobe បានិយាយថាពួកគេនឹងធ្វើការបន្ថែមមុខងារទាំងអស់នោះ នៅក្នុងកំណែអាប់ដេតជាបន្តបន្ទាប់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម