CAMBO REPORT

Popup Advertising5 seconds

Apple បាន​បរិច្ចាគ​ថវិកា 2.5 ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រួល​វិបត្តិ​ផ្ទះ​ឡើង​ថ្លៃ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោក Tim Cook បានធ្វើការប្រកាសប្រាប់ នៅឯបទសម្ភាសន៍ជាមួយ ក្រុមអ្នកសារព័ត៌មាន AXIOS ថា ក្រុមហ៊ុនរបស់ខ្លួន នឹងខុសចិត្តចំណាយថវិកា 2.5 ពាន់លានដុល្លារ នៅលើគម្រោងឆ្ពោះទៅកាន់ ការកាត់បន្ថយបញ្ហាដ៏ធំមួយ ទាក់ទងទៅនឹងវិបត្តិផ្ទះឡើងថ្លៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ខណៈពេលនោះផងដែរ លោក Tim Cook ក៏បានលើកឡើងថា បញ្ហានេះគឺគ្មាននិរន្តរភាព និងមានលក្ខណៈខ្នាតធំ ដែលផ្នែកខាងវិស័យសាធារណៈ មិនអាចដោះស្រាយ ដោយខ្លួនឯងបានឡើយ។

 

 

បន្ទាប់ពីធ្វើបទសម្ភាសន៍រួចហើយ កាលពីម្សិលមិញនេះ លោក Tim Cook ក៏បានផ្សព្វផ្សាយម្ដងទៀត អំពីការប្រកាសបរិច្ចាគថវិកានេះ តាមរយៈគណនីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនរបស់គាត់ ដោយបានសរសេរចំណងជើងថា Apple មានគម្រោងចង់ឲ្យតំបន់ Silicon Valley ដែលស្ថិតនៅភាគខាងជើង នៃរដ្ឋ California ជាកន្លែងងាយស្រួលរស់នៅ សម្រាប់ប្រជាជនទាំងអស់គ្នា។ ចំណែកឯចំនួនទឹកប្រាក់ទាំងនោះ មិនមែនគ្រាន់តែបរិច្ចាគ លើមួយផ្នែកហើយនោះទេ ប៉ុន្ដែត្រូវបានបែងចែក គម្រោងចំណាយឲ្យដាច់ផ្សេងៗពីគ្នាតែម្ដង។ សម្រាប់ថវិកាចំនួន 1 ពាន់លានដុល្លារ នឹងត្រូវបានយកទៅចំណាយលើ មូលនិធិនៃការវិនិយោគ កសាងលំនៅដ្ឋាន ដែលមានតំលៃសមរម្យ រីឯចំនួន 1 ពាន់លានដុល្លារទៀត នឹងត្រូវបានដាក់ចូលទៅក្នុង មូលនិធិជំនួយប្រាក់កម្ចីទិញផ្ទះ ដំណាក់កាលលើកដំបូង។ មិនត្រឹមតែប៉ុណ្ណេះទេ Apple ក៏បានផ្ដល់ឲ្យទីតាំងដី ដែលមានតម្លៃខ្ទង់ 300 លានដុល្លារ ក្នុងទីក្រុង San Jose រដ្ឋ California ដដែល ដើម្បីធ្វើការសាងសងផ្ទះ នៅទីកន្លែងនោះ។ ចំពោះទឹកប្រាក់ចំនួន 150 លានដុល្លារ នឹងត្រូវបានបញ្ចូលទៅក្នុង មូលនិធិលំនៅដ្ឋានតំបន់ Bay Area ដែលចាប់ដៃគូគ្នាជាមួយក្រុមហ៊ុន Housing Trust Silicon Valley ដើម្បីគាំទ្រគម្រោង កសាងលំនៅដ្ឋាន តម្លៃសមរម្យថ្មីៗផ្សេងទៀត។ ដោយនៅសល់ចំនួន 50 លានដុល្លារទៀតនោះ នឹងត្រូវបរិច្ចាគទៅសប្បុរសធម៌ ជួយអ្នកគ្មានផ្ទះសម្បែង ជាដើម។

 

 

បើធ្វើការសរុបមើលទៅ បានដាក់បង្ហាញឲ្យឃើញថា ក្នុងអំឡុងឆ្នាំ 2019 នេះ Apple គឺជាក្រុមហ៊ុនចំណាយច្រើនបំផុត ទៅលើការបរិច្ចាគមួយនេះ ដើម្បីជួយឲ្យប្រជាជន ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានទីកន្លែងរស់នៅ ក៏ដូចជាធ្វើឲ្យតម្លៃលក់ផ្ទះ ឲ្យមានកម្រិតសមរម្យ ផងដែរ។ ខណៈពេលដែល Facebook ក៏បានបរិច្ចាគថវិកាចំនួន 1 ពាន់លានដុល្លារ កាលពីខែមុននេះ និងព្រមទាំង Google បានបញ្ជាក់ប្រាប់ថា ខ្លួនបានបរិច្ចាគប្រាក់ចំនួន 1 ពាន់លានដុល្លារដូចគ្នា កាលពីខែមិថុនា កន្លងផុតទៅនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Business Insider Tag: Lifestyle