CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូនរបស់ OPPO នឹង​អាច​លេង​ហ្គេម League of Legends: Wild Rift បាន​មុន​គេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍គម្រប់ខួប 10 ឆ្នាំរបស់ក្រុមហ៊ុន Riot Games ពួកគេបានធ្វើការប្រកាសចេញគម្រោងធំៗរបស់ខ្លួនជាច្រើនទៅឲ្យមហាជនបានដឹង ក្នុងនោះការប្រកាសចេញហ្គេម League of Legends សម្រាប់លេងនៅលើស្មាតហ្វូន និងម៉ាស៊ីនហ្គេម Consoles បានក្លាយទៅជាការប្រកាសមួយ ដែលទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អ្នកដែលចូលចិត្តលេងហ្គេម នៅជុំវិញពិភពលោក ជាពិសេសអ្នកដែលគាំទ្រហ្គេម League of Legends តែម្តង។ 

 

 

គួររំលឹកផងថា League of Legends សម្រាប់លេងនៅលើស្មាតហ្វូន និងម៉ាស៊ីនហ្គេម Consoles មានឈ្មោះជាផ្លូវការថា League of Legends: Wild Rift ហើយវានឹងដាក់ឲ្យលេងជាផ្លូវការ នៅក្នុងឆ្នាំ 2020 ខាងមុននេះ។ ទាក់ទងទៅនឹងហ្គេមមួយនេះដែរ យើងក៏ទើបតែទទួលបាន ព័ត៌មានថ្មីមួយទៀត ដែលនិយាយអំពីវាផងដែរ បើយោងទៅតាមការបញ្ជាក់របស់ស្ទូឌីយោ ផលិតហ្គេមមួយនេះ បាននិយាយថា League of Legends: Wild Rift នឹងបង្ហាញវត្តមាននៅលើស្មាតហ្វូន ដែលដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android មុនគេ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ ថែមទៀតនោះ គឺវានឹងមានវត្តមាន នៅលើស្មាតហ្វូនរបស់ OPPO មុនគេតែម្តង នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO។ ដូច្នេះវាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលស្មាតហ្វូនរបស់ OPPO នឹងមានសិទ្ធិលេងហ្គេមនេះមុនគេ ព្រោះថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OPPO និង Riot Games បានធ្វើការចុះកិច្ចសន្យា និងចាប់ដៃគូគ្នា ដើម្បីអភិវឌ្ឍហ្គេមជាច្រើនប្រភេទ សម្រាប់លេងនៅលើស្មាតហ្វូន ព្រមទាំងលើស្ទួយ វិស័យកីឡាអេឡិចត្រូនិច (Esports) ថែមទៀតផង។

 

 

គួរបញ្ជាក់ផងថា League of Legends គឺជាហ្គេមប្រភេទ Multiplayer Online Battle  Arena (MOBA) ដែលមានលក្ខណៈស្រដៀងទៅនឹង Dota 2 និង Heroes of the Storm អញ្ចឹងដែរ។ វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Riot Games ហើយត្រូវបានបញ្ចេញជាផ្លូវការនៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2009។ ក្នុងពេលបច្ចុប្បន្ននេះ League of Legends អាចចាត់ទុកថាគឺជាហ្គេមប្រភេទ MOBA ដែលធំជាងគេបំផុត ព្រោះថាវាពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង មិនធម្មតានោះទេ ជាក់ស្តែងគឺយើងតែងតែឃើញ វត្តមានរបស់វានៅលើបណ្តាញ Streaming ល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ League of Legends ក៏ទទួលបានអ្នកលេងថ្មីៗជាច្រើន ដែលបានចុះឈ្មោះចូលលេង ជារៀងរាល់ថ្ងៃផងដែរ ខណៈដែលសព្វថ្ងៃនេះ វាមានអ្នកលេង រាប់លាននាក់ទៅហើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Notebook Check Tag: កម្មវិធី-ហ្គេម