CAMBO REPORT

Popup Advertising5 seconds

សេវាកម្ម Apple TV+ ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ ហើយ​នេះ​ជា​របៀប​ប្រើ​ប្រាស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា នៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងកាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសចេញនូវសេវាកម្មថ្មីមួយផ្សេងទៀត ហើយវាមានឈ្មោះថា Apple TV+។ វាគឺជាសេវាកម្មបង់លុយមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការទស្សនាខ្សែភាពយន្តជាច្រើនប្រភេទ ជាពិសេសខ្សែភាពយន្តផ្តាច់មុខ របស់ក្រុមហ៊ុន Apple តែម្តង តាមរយៈប្រព័ន្ធអ៊ីនធើណេត។ ម្យ៉ាងវិញទៀត Apple ក៏បានប្រាប់ថាសេវាកម្ម Apple TV+ នឹងដាក់ដំណើរការ ជាផ្លូវការនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2019។ 

 

 

បន្ទាប់ពីការរង់ចាំអស់រយៈពេលយូរគ្រាន់បើរួចមក ទីបំផុតកាលពីយប់មិញនេះ សេវាកម្ម Apple TV+ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ដូចទៅនឹងអ្វីដែល Apple ធ្លាប់បានសន្យា។ ដោយក្នុងការដាក់ឲ្យដំណើរការ ជាលើកដំបូងនេះ សេវាកម្មមួយនេះបានដាក់បញ្ចូល ខ្សែភាពយន្តល្បីៗមួយចំនួនដូចជា The Morning Show, SEE (ខ្សែភាពយន្តផ្តាច់មុខរបស់ Apple), Dickinson និង For All Mankind ជាដើម។ គួររំលឹកផងថា សេវាកម្ម Apple TV+ មានតម្លៃ 4.99 ដុល្លារក្នុងមួយខែ ជាមួយនឹងការផ្តល់ជូន ការប្រើប្រាស់សាកល្បង (Free trial) រយៈពេល ចំនួន 7 ថ្ងៃ។ ប៉ុន្តែអ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺនៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone 11 Series ក្រុមហ៊ុន Apple បានបញ្ជាក់ថា សម្រាប់អ្នកដែលបានទិញ iPhone 11 Series ឬក៏ iPhone, iPad, iPod Touch, Apple TV និងកុំព្យូទ័រ Mac ដែលអាចដំណើរការដោយប្រតិបត្តិការ ចុងក្រោយគេរបស់ Apple ចាប់ពីថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2019 ឡើងទៅ អ្នកនឹងទទួលបាន ការប្រើប្រាស់សេវាកម្ម Apple TV+ ដោយឥតគិតថ្លៃ រយៈពេលមួយឆ្នាំពេញតែម្តង។ 

 

 

ដើម្បីអាចទទួលបានការប្រើប្រាស់សេវាកម្ម Apple TV+ ដោយឥតគិតថ្លៃ រយៈពេលមួយឆ្នាំពេញបាន ជាដំបូងអ្នកត្រូវបើកកម្មវិធី TV នៅលើ iPhone, iPad, iPod Touch, កុំព្យូទ័រ Mac ឬ Apple TV ដែលដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការចុងក្រោយ ជាមុនសិន។ បន្ទាប់មកសូមចុចលើរូបតំណាង នៅដែលស្ថិតនៅខាងស្តាំដៃ នៃផ្នែកខាងលើរបស់កម្មវិធី ដើម្បីធ្វើការ Login ចូលទៅក្នុងសេវាកម្មមួយនេះ តាមយរយៈ Apple ID របស់អ្នក។ បន្ទាប់ពី Login រួចហើយ អ្នកត្រូវប្រាកដថា Apple ID របស់អ្នកបានធ្វើការបំពេញ វិធីសាស្រ្តទូទាត់រួចរាល់ (Manage Payments) បន្ទាប់មកទៀត សូមចុចនៅលើខ្សែភាពយន្តណាមួយក៏បាន ដែលមាននៅក្នុង Apple TV+ នៅពេលនោះ វានឹងលោតផ្ទាំងបង្ហាញមួយ ដែលមានពាក្យថា Enjoy 1 Year Free បន្ទាប់មកសូមចុច នៅលើពាក្យនោះ រួចចុចពាក្យថា Continue ជាចុងក្រោយធ្វើការបញ្ជាក់ អំពីការយល់ព្រម ជាការស្រេច។ គួរបញ្ជាក់ផងថា អ្នកក៏អាចធ្វើការ Login តាមរយៈ កម្មវិធី Browser Chrome, Safari និង Firefox ដើម្បីប្រើប្រាស់សេវាកម្ម Apple TV+ ផងដែរ។

 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី Trailer នៃរឿង SEE និង Dickinson ៖

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: កម្មវិធី-ហ្គេម