CAMBO REPORT

Popup Advertising5 seconds

Samsung ថា​ការ​លក់​របស់​ Galaxy​ Note​10​ ជួយ​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​បាន​មួយ​ផ្នែក​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈពេលធំមកហើយ ដែល Galaxy Note 10 បានបង្ហាញខ្លួន នៅលើទីផ្សារ ហើយយើងឃើញថា ស្មាតហ្វូនត្រកូល Note ជំនាន់ទី 10 នេះ វាមានការកែប្រែច្រើន បើប្រៀបជាមួយ ជំនាន់ទី 9 ជាពិសេសនោះគឺ រចនាបថរូបរាងទាំងមូលតែម្ដង។ មិនខុសទេ ដោយសារវាមានការផ្លាស់ប្តូរច្រើន បែបនេះហើយ ទើបធ្វើឲ្យចំនួនលក់របស់វា ក៏មានការផ្លាស់ប្តូរច្រើន ដូចគ្នាដែរ និយាយឲ្យចំទៅ Galaxy Note 10 ទទួលបានការគាំទ្រ ពីសំណាក់អតិថិជន ច្រើនជាង Galaxy Note 9 ទៅទៀត។

 

 

ជាការពិតណាស់ បើតាមការបង្ហាញរបស់ Samsung បានឲ្យដឹងថា គិតមកត្រឹមពេលនេះ Samsung បានរកចំណូលមួយភាគធំ ពីការលក់ស្មាតហ្វូន ដោយក្នុងនោះ បានមកពីការលក់ Galaxy Note 10 និង Galaxy A series ថែមទៀតផង ហើយលើសពីនេះទៀត ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា ចំនួនលក់របស់ Galaxy Note 10 គឺធ្វើបានប្រសើរជាង Galaxy Note 9 ដែលចេញកាលពីឆ្នាំមុនទៅទៀត ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន ឲ្យបានច្បាស់លាស់នោះទេ។ ប្រាកដណាស់ បើគិតប្រាក់ចំណូលរបស់ Samsung នៅក្នុងត្រីមាសទី 3 នេះ សរុបទៅគឺមានប្រមាណជា 53 ពាន់លានដុល្លារ នៅក្នុងនោះដែរ មានប្រាក់ចំណេញខ្ទង់ 6.71 ពាន់លានដុល្លារ ហើយបើប្រៀបជាមួយឆ្នាំមុន គេឃើញថា មានការធ្លាក់ចុះប្រមាណជា 5%។ យ៉ាងណាក៏ដោយ បើគិតតែទៅលើ ផ្នែកស្មាតហ្វូននោះ ក្រុមហ៊ុននេះនៅតែធ្វើបានល្អ ដែលអាចរកចំណូលបាន 25 ពាន់លានដុល្លារ កើនឡើងបាន 17% ចំណែកឯប្រាក់ចំណេញវិញ គឺរកបានប្រមាណ 2.5 ពាន់លានដុល្លារ ដោយបានកើនឡើងពីឆ្នាំមុនដល់ 32% ថែមទៀតផង។ នៅក្នុងអាជីវកម្មបន្ទះបង្ហាញវិញ ក្រុមហ៊ុនខាងលើក៏មានចំណូល កើនឡើងបន្តិចដែរ ដូចយើងឃើញជាក់ស្ដែង គឺមានប្រភេទអេក្រង់តូច និងថ្នាក់កណ្តាល នៃបន្ទះបង្ហាញ OLED ហើយចំណែកបន្ទះបង្ហាញខ្នាតធំ សម្រាប់ទូរទស្សន៍វិញ គេក៏ឃើញថា ធ្វើបានល្អប្រសើរផងដែរ។ 

 

 

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ 2020 ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ បានរំពឹងទុកថា 5G និងស្មាតហ្វូនបត់ នឹងចូលរួមចំណែកថែមមួយកម្រិតទៀត នៅក្នុងបញ្ជីប្រាក់ចំណូលរបស់ខ្លួន។ អញ្ចឹងហើយ យើងឃើញថា បើគិតប្រាក់ចំណូលសរុប Samsung នៅតែមានការធ្លាក់ចុះដដែល បើប្រៀបនឹងឆ្នាំមុន តែក៏សំណាងល្អមកវិញ ដែលការលក់ស្មាតហ្វូន ជាពិសេស Galaxy Note 10 ធ្វើបានល្អប្រសើរ ដែលអាចជួយស្រោចស្រង់ក្រុមហ៊ុននេះ មិនឲ្យមានការធ្លាក់ចុះ ច្រើនខ្លាំងពេក ហើយចំពោះមូលហេតុវិញ អាចបណ្តាលមកពីបញ្ហាធំបំផុតមួយ នោះគឺការលក់ memory chip របស់ខ្លួន ដែលឆ្នាំនេះ ហាក់ដូចជាមានតម្រូវការប្រើប្រាស់ទាបមែនទែន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle