គិតយ៉ាងណាដែរ បើនេះជារូបរាង និងលក្ខណៈសម្បត្តិរបស់ Huawei Band 4 Pro?
ប្រិយមិត្តមួយចំនួនធ្លាប់បានប្រើប្រាស់ ខ្សែដៃសុខភាពឆ្លាតវៃ របស់ Huawei រួចហើយ ដែលមកទល់ពេលនេះ វាបានចេញមកដល់ជំនាន់ទី 4 ហើយ ដោយក្នុងនោះដែរ វាមានការកែប្រែមួយចំនួន ដែលធ្វើឲ្យសមត្ថភាពរបស់វា កាន់តែប្រសើរជាងមុន ថែមមួយកម្រិតទៀត។ ដោយឡែក នៅក្នុងពេលនេះ រូបរាងរបស់ Huawei Band 4 Pro ក៏ចាប់ផ្ដើមបង្ហាញខ្លួនបណ្តើរៗ ដែលអាចមានអេក្រង់លាតជាងមុន ជាពិសេសនោះ អាចមានជម្រើស 3 ពណ៌ ព្រមទាំងអាចនឹងបង្ហាញខ្លួន នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ប្រាកដណាស់ បើតាមរូបភាពដែលយើងបានឃើញ អាចបញ្ជាក់បានថា ម៉ូឌែលដែលមានកន្ទុយ Pro នេះ មានការរចនាមិនខុសទេ ជំនាន់មុនប៉ុន្មាននោះទេ ចំពោះរចនាបទរូបរាង ប៉ុន្តែវាហាក់ដូចជាពិសេសជាងត្រង់ថា អេក្រង់របស់វា អាចនឹងលាតធំ ដល់គែមជុំវិញជាងមុន។ មួយវិញទៀត គេបានរំពឹងថា ខ្សែដៃសុខភាពនេះ អាចនឹងមានជម្រើស 3 ពណ៌រួមមានក្រហម ខ្មៅ និងមាស មួយវិញទៀត វាក៏អាចភ្ជាប់មកជាមួយ អេក្រង់ប្រភេទ AMOLED ដូចដែលធ្លាប់មាននៅលើ ម៉ូឌែល Huawei Band 3 Pro ដែរ លើសពីនេះ វាក៏អាចមាន wallpaper ថ្មី ព្រមទាំងអាចមានស្ទាយនៅលើផ្ទៃមុខ 10 ប្រភេទផ្សេងគ្នា និងអាចមានប៊ូតុង touch-sensitive ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេរំពឹងថា Huawei Band 4 Pro នេះ នឹងត្រូវប្រើប្រាស់ខ្សែ ដែលអាចផ្លាស់ប្តូរបាន តាមចំណង់ចំណូលចិត្ត អ្នកប្រើប្រាស់ រួមទាំងអាចមានសេនស័រវាស់ ចង្វាក់បេះដូង ក៏ដូចជាសេនស័រសម្រាប់វាស់ កម្រិតអុកស៊ីសែននៅក្នុងឈាមថែមទៀតផង។
និយាយរួមមកវិញ ទាំងនេះជាចំណុចមួយចំនួន ដែលអាចនឹងមាននៅលើ Huawei Band 4 Pro ហើយវាក៏មានភាគរយច្រើន ក្នុងការបង្ហាញខ្លួន នៅក្នុងខែក្រោយនេះផងដែរ។ យ៉ាងណាក៏ដោយ បើតាមការរៀបរាប់ខាងលើនេះ វាក៏អាចទៅរួចដែរ បើប្រៀបជាមួយ Huawei Band 3 Pro ព្រោះថាម៉ូឌែលនេះ បានប្រើប្រាស់អេក្រង់ AMOLED ក៏ដូចជាមានមុខងារពិសេសៗ មួយចំនួន រួចហើយផងដែរ។ អញ្ចឹងហើយ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះខ្សែដៃសុខភាពរបស់ Huawei ខាងលើនេះ?
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
